ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិភាគ ៖ គេ​ឮសំឡេង​ស្រែក​ដង្ហោយ​ហៅរក​ជំនួយ​ពីលើ​អគារ​ ដែល​កំពុង​តែ​ឆេះ​ពេញបន្ទុក សម្រែក​នៃ​សេចក្តី​ឈឺចាប់​ ដោយ​ការរ​លាក និងរបួស​បាក់ដៃ បាក់ជើង ព្រមទាំងការ​ស្លា.ប់​ជា​ច្រើន​នាក់ ដែលបង្ក​ឡើង​គ្រោះ​មហន្តរាយ​អគ្គិ​ភ័យ​ដ៏​ធំ​បំផុតនៅ​កម្ពុជា​នាចុងឆ្នាំ២០២២…

វិភាគ ៖ គេ​ឮសំឡេង​ស្រែក​ដង្ហោយ​ហៅរក​ជំនួយ​ពីលើ​អគារ​ ដែល​កំពុង​តែ​ឆេះ​ពេញបន្ទុក សម្រែក​នៃ​សេចក្តី​ឈឺចាប់​ ដោយ​ការរ​លាក និងរបួស​បាក់ដៃ បាក់ជើង ព្រមទាំងការ​ស្លា.ប់​ជា​ច្រើន​នាក់ ដែលបង្ក​ឡើង​គ្រោះ​មហន្តរាយ​អគ្គិ​ភ័យ​ដ៏​ធំ​បំផុតនៅ​កម្ពុជា​នាចុងឆ្នាំ២០២២ ។

គ្រោះ​អគ្គិភ័យ​នៅ​កាស៊ីណូ​ នៅទី​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ គឺជា​សក្ខីភាព​មួយ ដែល​សរ​បញ្ជាក់​ និង​ពញ្ញាក់​ស្មារតី​បណ្តាគម្រោងសាងសង់​អគារ រោងចក្រ និងអគារ​ខ្ពស់​ៗ នានា និង​អ្នក​ដែល​ពាក់ព័ន្ធ​ឲ្យ​យកចិត្ត​ទុកដាក់​ចំពោះ​បញ្ហា​បង្ការ ​និង​ការពារ​គ្រោះ​អគ្គិ​ភ័យ ដែល​អាច​នឹង​កើតឡើង​ជា​យថាហេតុ ។

នៅ​ពេល​ ដែល​ឃើញ​រូបភាព និងវី​ដេ​អូ ​ដែល​គេ​បាន​បង្ហោះ​តាម​បណ្តាញ​សង្គម ក៏​ដូច​ជាតាម​សារព័ត៌​មា​នានា គ្រោះ​អគ្គិភ័យ​ដែល​បាន​កើត​មាន​តាំងពី​វេលា​ម៉ោង១១និង៣០​នាទីយប់​ថ្ងៃ​ទី​២៨ រហូតដល់​ព្រឹក​ថ្ងៃ​ទី២៩ ខែធ្នូ ឆ្នាំ​២០២២ មិន​ទាន់​រលត់ ​អាច​សន្មត ហៅ​ថា គឺជា​គ្រោះ​អគ្គិ​ភ័យ​ធំ​បំផុត​មួយ​នៅ​កម្ពុជា ខណៈ​ដែល​គេ​ដឹង​ថា ទីកន្លែង​កើត​អគ្គិភ័យ​នេះ មាន​បុគ្គលិក​បម្រើ​ការ​រហូត​ដល់​ទៅ ៤០០នាក់ និងមាន​ភ្ញៀវ​ចេញចូល​ជា​ប្រចាំ ។

គ្រោះ​អគ្គិភ័យ​នោះ បាន​សម្លា.ប់​មនុស្ស ​២៦​នាក់ និងបង្ក​អោយរងរបួស ៥៧ នាក់ ​។

យើង​សូម​ចូលរួម​រំលែក​ទុក្ខ​ ជាមួយនឹង​ក្រុម​គ្រួសារ​ជនរង​គ្រោះ​ទាំងអស់ ប៉ុន្តែ​ទន្ទឹម​នឹង​នោះ ក៏​សូម​ផ្តាំផ្ញើ​ទៅ​អស់អ្នក​ដែល​សម្រេចចិត្ត​នៅ​ក្នុង​វិស័យ​សំណង់ ក៏​ដូច​ជា​អ្នក​វិនិយោគ អ្នកបច្ចេកទេស​សាងសង់ វិស្វករ ស្ថាបត្យករ ក៏​ដូច​ជា​អាជ្ញាធរ​មូលដ្ឋាន​សូមយកចិត្តទុកដាក់​ នឹង​ស្តង់ដា​ការពារ​ និង​បង្ការ​គ្រោះ​អគ្គិភ័យ ជា​អាទិភាព​សំខាន់​បំផុត បន្ទាប់​មក ក៏​ត្រូវ​រិះគិត ​អំពី​ច្រក​សុវត្ថិភាព​នៅ​តាម​សំណង់អគារ ក៏​ដូច​ជា​គម្រោង​របស់​ខ្លួន​។ រឿង​នេះ ​មិនមែន​ជា​រឿង​លេងសើច ទេ ។

សូមកុំ​ស្តាយ​លុយ ស្តាយ​ពេលវេលា ស្តាយ​ធនធានមនុស្ស នៅ​ក្នុង​ការ​យកចិត្តទុកដាក់ នឹង​បញ្ហា​អគ្គិ​ភ័យ​នេះ ។ ​ការ​វិនិយោគ​ និង​សាងសង់​គម្រោង​នានា ដែល​រិះគិត ​និងយកចិត្តទុកដាក់​នៅ​លើ​បញ្ហា​បង្ការ និងការពារ​អគ្គិភ័យ​នេះ សំខាន់​ណាស់ ។

យោង​តាម​របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់ បានឱ្យ​ដឹងថា ​គិត​ពី​ឆ្នាំ២០០០ ដល់​ខែវិច្ឆិកា ឆ្នាំ ២០២២ នៅ​កម្ពុជា​មាន​គម្រោង​អគារ​ខ្ពស់​ៗ ចាប់ពី ៥ជាន់ឡើង​រហូត​ដល់ ២,៥៣៤អគារ នៅ​ក្នុង​នោះ​នៅ​រាជធានី​ភ្នំពេញ មាន ១,៦៧៥អគារ​ ខេត្ត​ព្រះ​សីហ​នុ ៦៨៥អគារ​, បន្ទាយ​មាន​ជ័យ ១៣១អគារ និង​ខេត្ត​ផ្សេង​ៗ​ចំនួន ៤៣អគារ​។ ក្រៅពី​នោះ​នៅ​មាន​គម្រោង​កសាង​បុរី និង​លំនៅ​ដ្ឋា​ន​ជា​ច្រើន ​ពាន់​គម្រោង​បន្ថែម​ទៀត ។

មក​ដល់​ពេល​នេះ គម្រោង​ខ្លះ ​បាន​គិតគូរ​អំពី​ស្តង់ដា ​បង្ការ ​និង​ការពារ​គ្រោះ​អគ្គិ​ភ័យ​នេះ ប៉ុន្តែគម្រោង​ខ្លះ​នៅ​តែ​ធ្វេសប្រហែស ហើយ​មន្ត្រី ​ដែល​ចុះ​ទៅ​ត្រួតពិនិត្យ ក៏​ហាក់​មិនសូវ​យកចិត្ត​ទុកដាក់​ករណី​នេះទៀត​។ ដូច្នេះ​ហើយ ​វា​គឺជា​ហានិភ័យ​មួយ ។

ដើម្បី​បង្ការ​និង​ការពារ​គ្រោះ​ដ៏​កំណាច​នេះ ​មិន​ឲ្យ​មាននៅ​ក្នុង​គម្រោង​របស់​ខ្លួន សូម​ប្រញាប់​កែខៃស្ថានការណ៍ ។ ប្រសិនបើ​មិន​ទាន់​បញ្ចប់ គួរ​ប្រញាប់​កែ​ប្លង់កសាង ប៉ុន្តែ​ប្រសិនបើ​បានជា​សាងសង់​ហើយ សូម​រិះគិត​បំពាក់​ឧបករណ៍​ការពារ ​និង​បង្ការ ​ក៏​ដូច​ជា​រៀបចំ​បន្ថែម​ឲ្យ​ហើយ ដើម្បី​កុំអោយ​គ្រោះ​មហន្តរាយ​កើត​មាន​អាក្រក់​ជាងគ្រោះ​មហន្តរាយ​ដូច​នៅកាស៊ីណូ​ក្រុង​ប៉ោយ​ប៉ែ​ត​ជា​ថ្មី ។

ស្តង់ដា​សម្រាប់​ការពារ ​និង​បង្ការ​អគ្គិ​ភ័យ​នៅ​តាម​អគារ​ និង​សំណង់​ធំ​ៗ ​គួរ​រិះគិត​អំពី​ច្រក​ និង​ជណ្តើរ​គ្រា​អាស​ន្ន ដែល​មាន​សុ​វត្ថិភាព​, ច្រក​សម្រាប់​រថយន្ត​ពន្លត់អគ្គិភ័យ​ចេញចូលបាន​ងាយស្រួល ហើយ​នៅ​តាម​អគារ គឺ​ត្រូវ​មានម៉ូ​ទ័​រ​បូម ​និង​ជំរុញ​សំពាធ​ទឹក សម្រាប់​ប្រព័ន្ធពន្លត់អគ្គិភ័យ សំភារបង្ការ ​និង​ពន្លត់អគ្គិភ័យ​ខ្នាត​តូច ឲ្យ​បាន​ច្រើន​កន្លែង ​។​ល​។

សរុប​មក​វិញ ​កុំ​មើល​ស្រាល​ស្ថានការណ៍គ្រោះ​អគ្គិ​ភ័យ​ គឺជា​គ្រោះ​ដែល​មើល​មិនឃើញ ដូច្នេះ​មាន​តែ​ការ​បង្ការ ​និង​ការពារ ហើយ​យកចិត្តទុកដាក់ ​បំពាក់​ប្រព័ន្ធ​សុវត្ថិភាព​គ្រប់គ្រាន់​ទេ ទើប​អាច​កាត់​បន្ថយហានិភ័យ​ ដោយសារ​តែ​គ្រោះ​ដ៏​កំណាច​នេះ​បាន ។ ការ​ប្រហែស គឺ​មាន​តែ​គ្រោះ​មហន្តរាយ​ធ្ងន់ធ្ងរ​ប៉ុណ្ណោះ ។ គ្រោះ​អគ្គិភ័យ​មិនមែន​ជា​បញ្ហា​លេងសើច​ឡើយ វា​គឺជា​បញ្ហា​ស្លា.ប់​រស់​របស់​សំណង់​ និង​គម្រោង នានា ៕
ដោយ​៖ ហេង ចេស្តារ

Picture
Picture
Picture
Picture
SEA Game 2023

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២

SEA Game 2023