កាសទូរស័ព្ទរបស់អ្នកមិនអាចចៀសផុតពីការខូច ឬដាច់នោះទេ ជាពិសេស ប្រសិនបើអ្នកប្រើវាជារៀងរាល់ថ្ងៃដើម្បីស្តាប់បទចម្រៀង ឬវិទ្យុនៅលើទូរស័ព្ទ ។
យ៉ាងណាក្តី ការប្រើប្រាស់កាសអាចពាក់ព័ន្ធនឹងអាយុកាលរបស់វា ហើយខាងក្រោមនេះគឺជាវិធីសាស្ត្រថែរក្សាឲ្យបានយូរ ។
១-ប្រើប្រាស់ដោយថា្នក់ថ្នម ៖
ពេលដែលអ្នកចង់ដកកាសចេញពីទូរស័ព្ទ សូមកុំកន្ត្រាក់ខ្សែវាចេញ ។ អ្នកគួរតែដកវាដោយទាញគល់កាស ។ ជាមួយគ្នានេះ ចៀសវាងការរុំកាសទុកជុំវិញទូរស័ព្ទ, MP3 Player ឬរុំព័ទ្ធខ្លួនវា ព្រោះខ្សែកាសមិនរឹងមាំដូចអ្នកគិតទេ ។
២-ចងវាទុកឲ្យបានត្រឹមត្រូវ ៖
ដូចដែលបានប្រាប់មកខាងលើ អ្នកគួរតែចៀសវាងការបត់បែនវាខ្លាំងពេក និងចៀសវាងទុកវាក្នុងកន្លែងតូចចង្អៀតដូចជា ហោប៉ៅខោ ឬអាវជាដើម ។
វិធីមួយក្នុងការរុំខ្សែកាសដោយត្រឹមត្រូវនោះគឺរុំវាតាមលេខ៨ ។
៣-រកកន្លែងទុកត្រឹមត្រូវ ៖
ដូចដែលបានរៀបរាប់មុន ការដាក់វាក្នុងកន្លែងតូចចង្អៀតហើយភ្លេចនៅទីនោះអស់រយៈពេលយ៉ាងយូរ គឺមិនល្អទេ ។ ដូច្នេះ អ្នកត្រូវតែទុកវានៅក្នុងកន្លែងណាមួយ ឬក្នុងកាបូបតូចមួយដែលមិនធ្វើឲ្យវាបត់បែនខ្លាំង ។
សម្រាប់កាសធំៗ សូមអ្នកទុកវាក្នុងប្រអប់ដែលឲ្យមកស្រាប់ ។
៤-សម្អាតវាជាប្រចាំ ៖
ធូលី និងអាចម៍ត្រចៀកក៏ជាបញ្ហាមួយផងដែរ ។ អ្នកអាចជូតវាចេញដោយប្រើប្រាស់ក្រណាត់សើម ប្រើប្រាស់ទឹកក្តៅឧណ្ហៗ និងដាក់សាប៊ូបន្តិច ឬអាចប្រើប្រាស់សំឡីត្បាល់ត្រចៀក ឬឈើចាក់ធ្មេញដើម្បីសម្អាតកន្លែងតូចៗផង ដែរ ៕
ចែករំលែកព័តមាននេះ