ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហានិភ័យ និង​ការ​ខាតបង់​លើ​ការ​ប្រើប្រាស់​រថយន្ត​មួយ​ទឹក

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ខណៈ​ពេល​រថយន្ត​មួយ​ទឹក​ដែល​នាំ​ចូល​ពី​បរទេស​កាន់តែ​ច្រើន​លើសលប់​នៃ​ទីផ្សារ​រថយន្ត​នៅ​កម្ពុជា សហព័ន្ធ​ឧស្សាហកម្ម​យានយន្ត​កម្ពុជា បាន​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​លើ​ការ​ប្រើប្រាស់ ដោយសារ​

រាជធានី​ភ្នំពេញ ៖ ខណៈ​ពេល​រថយន្ត​មួយ​ទឹក​ដែល​នាំ​ចូល​ពី​បរទេស​កាន់តែ​ច្រើន​លើសលប់​នៃ​ទីផ្សារ​រថយន្ត​នៅ​កម្ពុជា សហព័ន្ធ​ឧស្សាហកម្ម​យានយន្ត​កម្ពុជា បាន​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​លើ​ការ​ប្រើប្រាស់ ដោយសារ​រថយន្ដ​ទាំងនោះ​ភាគច្រើន​មិន​បាន​ត្រួតពិនិត្យ​ត្រឹមត្រូវ​លើ​បច្ចេកទេស និង​មិនដឹង​ពី​ប្រវត្តិ​ច្បាស់លាស់ មុន​នឹង​អនុញ្ញាត​ឲ្យ​នាំ​ចូល ។

លោក ង​ន សាំង អនុប្រធាន​សហព័ន្ធ​ឧស្សាហកម្ម​យានយន្ត​កម្ពុជា និង​ជា​អគ្គនាយក​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា បាន​លើក​ឡើង​ពី​ហានិភ័យ និង​ការ​ខាតបង់​ថា ការ​ទិញ​រថយន្ត​មួយ​ទឹក ដោយ​មិនដឹង​ពី​ប្រវត្តិ​រថយន្ត​ច្បាស់ វា​មាន​បញ្ហា​ច្រើន​ដល់​អ្នក​ប្រើប្រាស់​ដូច​ជា សុវត្ថិភាព ពីព្រោះ​រថយន្ត​ខ្លះ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​នៅ​ស្រុក​គេ​ទៅ​ហើយ តែ​នាំ​ចូល​មក​កាន់​កម្ពុជា និង​លក់​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ប្រើ​។ ដូចនេះ នៅ​ពេល​យក​មក​ប្រើប្រាស់​បើកបរ​លើ​ដងផ្លូវ អាច​នឹង​បង្ក​ឲ្យ​មាន​បញ្ហា​ផ្សេង​ៗ ។ លោក​និយាយ​ថា ៖« ដូច​យើង​ដឹង​ស្រាប់ កន្លង​មក មាន​ហេតុការណ៍​មួយ​ចំនួន​កើតឡើង​នៅ​លើ​ដងផ្លូវ ដូច​ជា កំពុង​បើកបរ​សុខ​ៗ រថយន្ដ​ឆេះ ឬ​ក៏​មាន​បញ្ហា​ប្រព័ន្ធ​ហ្វ្រាំង​ជាន់​មិន​ស៊ី ឬ​ជាប់​ហ្វ្រាំង​ធ្លាក់​ផ្លូវ ជាដើម » ។

លោក​បន្ត​ថា ក្រៅពី​ប្រព័ន្ធ​សុវត្ថិភាព​ហើយ ការ​ប្រើប្រាស់​រថយន្ត​មួយ​ទឹក​ក៏​បង្ក​ដល់​បញ្ហា​បរិស្ថាន​ផង​ដែរ ។ ជាក់ស្ដែង មាន​រថយន្ត​មួយ​ចំនួន​ដែល​ចរាចរ​នៅ​លើ​ដងផ្លូវ ជា​រថយន្ត​គ្មាន​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ ហើយ​ប្រទេស​គេ​លែង​ឲ្យ​ប្រើ ព្រោះ​វា​បង្ក​ផល​ប៉ះពាល់​ដល់​បរិស្ថាន​ច្រើន ។ ម្យ៉ាងទៀត ការ​ប្រើប្រាស់​រថយន្ត​មួយ​ទឹក ដែល​អ្នកទិញ​ប្រើប្រាស់​ភាគច្រើន​យល់​ថា ជា​ការ​សន្សំ​សំចៃ​ថវិកា​នោះ​គឺ​មិនមែន​ទេ តាម​ពិត​វា​នឹង​ចំណាយ​ច្រើន​ជាង ដូច​ជា​ស៊ីសាំង​ច្រើន ជួសជុល​ញឹកញាប់ និង​ពេល​ខ្លះ​ខូច​តាម​ផ្លូវ ត្រូវការ​ចំណាយ​លើ​ការ​អូស​មក​ជួសជុល​ជាដើម ។ ដូចនេះ បើសិនជា​សរុប​ទៅ ការ​ប្រើប្រាស់​រថយន្ត​មួយ​ទឹក ត្រូវ​ចំណាយ​ច្រើន​ជាង​ការ​ទិញ​រថយន្ត​ថ្មី​យក​ទៅ​ប្រើប្រាស់​ទៅ​ទៀត ។

លោក ង​ន សាំង ក៏​ដូច​ជា​សហព័ន្ធ​ឧស្សាហកម្ម​យានយន្ត​កម្ពុជា តែងតែ​ស្នើ​សុំ​ដល់​រាជរដ្ឋាភិបាល​ទប់ស្កាត់​ការ​នាំ​ចូល​រថយន្ត​មួយ​ទឹក​មក​កាន់​កម្ពុជា​។ លោក​និយាយ​ថា ៖« វា​ដល់​ពេល​ដែល​រាជរដ្ឋាភិបាល​គួរតែ​បិទ​ទីផ្សារ​នាំ​ចូល​រថយន្ត​មួយ​ទឹក​ហើយ ពីព្រោះ វា​នឹង​បង្ក​បញ្ហា​មួយ​ចំនួន​ដូច​ជា សុវត្ថិភាព បំពុលបរិស្ថាន និង​ការ​សន្សំ​សំចៃ ។ ការ​បិទ​នេះ ពុំ​មែន​មិន​ឲ្យ​ពលរដ្ឋ​មិនសូវ​មាន​លទ្ធភាព​ទិញ​រថយន្ដ​ប្រើ​ទេ តាម​ពិត រថយន្ដ​ថ្លៃ​ដោយសារ​តែ​ពន្ធ​ថ្លៃ ហើយ​រថយន្ដ​មួយ​ទឹក ពន្ធ​វា​ទាប ។ ដូចនេះ បើសិនជា​រាជរដ្ឋាភិបាល​បិទ​មិន​ឲ្យ​នាំ​ចូល​រថយន្ដ​មួយ​ទឹក ហើយ​ទម្លាក់​ពន្ធ​រថយន្ដ​ថ្មី​នោះ តម្លៃនឹង​ចុះថោក​ដែរ » ។

លោក​បន្ថែម​ថា តាម​ពិត រថយន្ត​ទិញ​ថ្មី វា​នឹង​ក្លាយជា​រថយន្ត​មួយ​ទឹក​ក្នុងស្រុក នៅ​ពេល​អ្នក​ប្រើប្រាស់​លក់ ឬ​ដូរ​ស៊េរី ហើយ​ពេល​នោះ យើង​ដឹង​ពី​ប្រវត្តិ​ច្បាស់លាស់ ថែម​ទាំង​មាន​តម្លៃ​ធូរ​ថ្លៃ​ជាង​រថយន្ដ​មួយ​ទឹក​ដែល​នាំ​ចូល ព្រោះ​មិន​ត្រូវការ​បង់ពន្ធ ឬ​ថ្លៃ​ដឹក​ជញ្ជូន ៕