ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នងការ​នគរបាល​ខេត្ត ព្រមាន​ដល់​អ្នក​បើក​លេងល្បែង​ស៊ីសង

6 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ស្នងការ​នគរបាល​ខេត្តសៀមរាប ដែល​ទើប​ឡើង​កាន់​តំណែង​ថ្មី លោក ឧត្តមសេនីយត្រី ហ៊ូ វ៉ា​ន់​នី បាន​ព្រមាន​ដល់​អ្នក​បើក​ល្បែងស៊ីសង​ទាំងអស់​នៅ​ទូ​ទាំង​ខេត្ត​នេះ

ខេត្តសៀមរាប ៖ ស្នងការ​នគរបាល​ខេត្តសៀមរាប ដែល​ទើប​ឡើង​កាន់​តំណែង​ថ្មី លោក ឧត្តមសេនីយត្រី ហ៊ូ វ៉ា​ន់​នី បាន​ព្រមាន​ដល់​អ្នក​បើក​ល្បែងស៊ីសង​ទាំងអស់​នៅ​ទូ​ទាំង​ខេត្ត​នេះ​ឲ្យ​បញ្ឈប់​សកម្មភាព​ល្មើស​របស់​ខ្លួន​ជា​បន្ទាន់ បើ​ពុំ​ដូច្នេះ​នឹង​ត្រូវ​ប្រឈម​នឹង​ផ្លូវច្បាប់​ជា​កំហិត​។ ការ​ថ្លែង​ព្រមាន​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​បទ​សម្ភាសន៍​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃ​ទី​២៧ មិថុនា ២០១៧  បន្ទាប់​ពី​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​បើក​ប្រតិបត្តិការ​ក្តៅ​ប​ង្គ្រា​ប​ទៅ​លើ​ក្រុម​អ្នក​កត់​ឆ្នោត (​កន្ទុយលេខ​) ដោយ​ចាប់ខ្លួន​ជន​ពាក់​ព​ន្ធ័​ចំនួន​៥​នាក់​បញ្ជូន​ទៅ​តុលាការ កាលពី​ថ្ងៃ​ទី ២៦ កន្លង​ទៅ​ថ្មី​ៗ​។ ក្រុម​មន្ត្រី​សង្គម​ស៊ី​វិល​ដែល​ធ្វើ​កិច្ចការ​សង្គម បាន​សម្តែង​នូវ​ការ​សាទរ​ចំពោះ​ចំណាត់ការ​ខាងលើ ប៉ុន្តែ​ពួក​គេ​ទទូច​ឲ្យ​មានការ​អនុវត្ត​ឲ្យ​ដូច​ភ្លៀងរលឹម ចៀសវាង​អនុវត្ត​យុទ្ធសាស្ត្រ គោះ​ទឹក​បង្អើល​ត្រី ឬ​វាយ​ស្មៅ​បង្អើល​ពស់​ជាដើម នៅ​គ្រា​ដែល​ខេត្ត​ទេសចរណ៍​មួយ​នេះ​ត្រូវ​បាន​គេ​រាយការណ៍​ថា មាន​ល្បែងស៊ីសង ដូច​ជា​អាប៉ោង​បៀ ជល់​មាន់ ចាក់​បាល់ រួម​ទាំង​ល្បែង​ផ្សាយ​ផ្ទាល់​ពី​កាស៊ីណូ  កំពុង​រីក​ដុះដាល​ដូច​ផ្សិត​ដើមរដូវ​វស្សា​។

លោក​ឧត្តមសេនីយ​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា​«​យើង​មិន​អាច​បន្ត​ឲ្យ​បទល្មើស រួម​មាន​ល្បែងស៊ីសង​គ្រប់​រូបភាព រួម​ទាំង​បទល្មើស​ផ្សេង​ៗ​ទៀត បន្ត​គម្រាម​គំ​ហែង​សន្តិសុខ សណ្តាប់ធ្នាប់ សង្គម​យើង​ទៀត​ទេ ដូច្នេះ​សូម​ព្រមាន​ដល់​ជន​ដែល​ប្រព្រឹត្ត និង​អ្នក​ពាក់​ព​ន្ធ័​ទាំងអស់​ដកខ្លួន​ចេញ​ឲ្យ​ឆ្ងាយ បើ​ចង់​ចូល​គុក »​។ លោកស្នងការ​បាន​បញ្ចា​ក់ថា​៖ ចាប់តាំងពី​ក្រោយ​ពេល​បោះ​ឆ្នោត​ឃុំ​-​សង្កាត់ មកនេះ កម្លាំង​របស់​លោក​បាន​បង្ក្រាប​បទល្មើស​បាន​ជិត​២០​ករណី​ហើយ ក្នុង​នោះ​រាប់​ចាប់ពី​ល្បែង​ជល់​មាន់ គ្រឿងញៀន សេវា​បម្រើ​ផ្លូវភេទ រួម​ទាំង​ឆ្នោត​កន្ទុយលេខ​ផង​ដែរ​។ ជន​ប្រព្រឹត្ត និង​ជន​ពាក់ព័ន្ធ​ក៏​ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​រួច​ហើយ​ដែរ​។ គួ​រំលឹក​ថា កាល​ថ្ងៃ​ទី​២៦ មិថុនា ២០១៧ កន្លង​ទៅ​នេះ កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការ​នគរបាល​ខេត្តសៀមរាប បាន​បើក​ប្រតិបត្តិការ ជា​បី​មុខព្រួញ​ផ្សេង​គ្នា ក្នុង​ពេល​តែ​មួយ បង្ក្រាប​មុខសញ្ញា​កត់​ឆ្នោត (​កន្ទុយលេខ ) នៅ​តាម​ទីប្រជុំជន​ក្នុង​ក្រុង​សៀមរាប រួម​មាន ទីប្រជុំជន​ស្ទឹង​ថ្មី ក្នុង​សង្កាត់​ស្វាយ​ដង្គំ ផ្សា​រលើ​ធំ​ថ្មី និង​ផ្សារ​ត្រាំ​នាគ  ក្នុង​សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ផង​ដែរ​។

នៅ​ក្នុង​ប្រតិបត្តិការ​ដ៏​ក្តៅ​គគុក​នោះ កម្លាំង​សមត្ថកិច្ច​បាន​ចាប់ខ្លួន ជន​ពាក់ព័ន្ធ​ស្រី​ប្រុស​ចំនួន​៥​នាក់ ដោយ​ក្នុង​ចំណោម​នោះ មាន​ម្នាក់​ត្រូវ​បាន​រាយការណ៍​ថា ជាប់សែស្រឡាយ​មន្ត្រីជាន់ខ្ពស់​ខេត្ត​នេះ​ផង​ដែរ  នេះ​បើ​តាម​ការ​បង្ហើប​ប្រាប់​ពី​មន្ត្រី​នគរបាល​មួយ​រូប​ដែល​សុំ​លាក់​ឈ្មោះ​។ មន្ត្រី​ដដែល​នោះ​ធ្លាប់​បាន​បង្ហើប​ថា កន្លង​មក​កាលពី​សម័យ​លោកស្នងការ​ចាស់ (​ស៊​ត ណា​ឌី​) គេ​ក៏​ធ្លាប់​បាន​បង្ក្រាប និង​ចាប់ខ្លួន​មេ​ឆ្នោត​ជា​ច្រើន​ករណី​ដែរ ប៉ុន្តែ​ប៉ះ​ចំ​បងប្អូន​សែស្រឡាយ​មន្ត្រីជាន់ខ្ពស់​ក្នុង​ខេត្ត ក៏​បង្ខំចិត្ត​ដោះ​លែង​ទៅ​វិញ​ជា​ហូរហែ​។ ថ្វីបើ​យ៉ាងនេះ​ក្តី លោកស្នងការ​បាន​បញ្ជាក់​ថា ជន​ស្រី​ប្រុស​ទាំង​៥​នាក់​ដែល​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ក្នុង ប្រតិបត្តិការ ​បង្ក្រាប​សកម្មភាព​កត់​ឆ្នោត​(​កន្ទុយលេខ​)​ខាងលើ ត្រូវ​បាន​កម្លាំង​របស់​លោក​បញ្ជូន​ខ្លួន​ទៅ​តុលាការ​តាំងពី​រសៀល​ម្សិលមិញ​មក​ម្លេះ ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី ហើយ​ក៏​មិនមែន​អ្នក​ណា​មក​សុំ​អន្តរាគមន៍​ដោះ​លែង​ជនសង្ស័យ​ទាំងនោះ​ដែរ​។ ជាមួយ​គ្នា​ដែរ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប លោក កើត សុ​វ​ណ្ណា​រ៉េ​ត បាន​មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ទី​២៧ មិថុនា ថា​ជន​ទាំង​០៥​នាក់​ដែល​កម្លាំង​សមត្ថកិច្ច​ចាប់ខ្លួន​ខាងលើ ត្រូវ​បាន​តំណាង​អយ្យការ បើក​ការ​ចោទប្រកាន់​រួចរាល់​ហើយ​ដែរ​។

ទោះបីជា​យ៉ាងណា លោក​មិន​បាន​ប្រាប់​ពី​បទ​ចោទ ឬ​មាត្រា ដែល​បាន​ចោទប្រកាន់​ប្រឆាំង​ទៅ​លើ​ជន​ទាំង​០៥​នាក់​ខាងលើ​នោះ​ទេ គ្រាន់តែ​អះអាង​ថា សំណុំរឿង​នេះ​បាន​រំកិល​ដល់​ដៃ​ចៅក្រម​ស៊ើបសួរ​រួច​ហើយ ។
ដោយឡែក​អ្នកនាំពាក្យ​សាលាដំបូង​ខេត្តសៀមរាប លោក យិ​ន ស្រាង បាន​មាន​ប្រសាសន៍​ដែរ​ថា​៖ ជនជាប់ចោទ​ស្រី​ប្រុស​ទាំង​០៥​នាក់​នោះ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​ចេញ​ដីកា ឃុំខ្លួន​ក្នុង​ពន្ធ​ធនាគារ​បណ្តោះអាសន្ន​រួច​ហើយ នៅ​ព្រឹក​ថ្ងៃនេះ ដើម្បី​រង់ចាំ​សវនាការ​ផ្តន្ទាទោស​នៅ​ពេល​ខាង​មុខ​។ ថ្វីបើ​បែប​នេះ​ក្តី​មន្ត្រី​ពន្ធ​ធនាគារ​មួយ​រូប​បាន​បង្ហើប​ថា​៖ គិត​មក​ទល់​រសៀល​ថ្ងៃ​ទី​២៧ មិថុនា ពុំ​មាន​ជនជាប់ចោទ​ពាក់​ព​ន្ធ័​នឹង​ល្បែងស៊ីសង​ណា​ម្នាក់​ត្រូវ​បាន​កត់ត្រា​នៅ​ក្នុង​សៀវភៅ​ចេញចូល​ពន្ធ​ធនាគារ​ខេត្ត​នោះ​ទេ ដែល​ការ​អះអាង​នេះ​នាំ​ឲ្យ​មាន​មន្ទិល​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​មួយ​នេះ​។ លោក សួ​ស ណា​រិ​ន មន្ត្រី​ស៊ើបអង្កេត​សមាគម​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក ប្រចាំ​ខេត្តសៀមរាប បាន​ថ្លែង​ស្វាគមន៍​ចំពោះ​ចំណាត់ការ និង​ការ​ព្រមាន​របស់​លោកស្នងការ​នគរបាល​ខេត្ត លោក ហ៊ូ វ៉ា​ន់​នី ប៉ុន្តែ​លោក​ទទូច​ឲ្យ​សមត្ថកិច្ច​មាន​ចំណាត់ការ​នោះ​ធ្វើ​ជា​ប្រចាំ ដើម្បី​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម ជា​ពិសេស​ខេត្ត​ទេសចរណ៍​មួយ​នេះ​តែ​ម្តង​។ លោក​ថ្លែង​យ៉ាង​ដូច្នេះ​ថា​«​ខេត្តសៀមរាប​គឺជា​ខេត្ត​ទេសចរណ៍​ដ៏​សំខាន់​របស់​កម្ពុជា ដូច្នេះ​សមត្ថកិច្ច​មិន​អាច​បណ្តែតបណ្តោយ​ឲ្យ​មាន​បទល្មើស​ល្បែងស៊ីសង និង​សេវា​ផ្លូវភេទ គ្រឿងញៀន យ៉ាង​ផុសផុល បែប​ហ្នឹង​ទេ »​។

ក្រុម​អ្នក​តាមដាន​សង្គម​បាន​បង្ហើប​ថា​៖ ក្រៅពី​ល្បែង​ឆ្នោត (​កន្ទុយលេខ ) និង​ល្បែង​បៀ​អាប៉ោង ជល់​មាន់ ក្រុង​សៀមរាប​នៅ​មាន​ល្បែង​ទំនើប​មួយ​ប្រភេទ​ទៀត​គឺ​ល្បែង​កាស៊ីណូ តាម​អន​ឡាញ​ជា​ច្រើន​កន្លែង​ទៀត​ជ្រក​នៅ​ក្រោម​ស្លាក​អ៊ី​ន​ធឺ​ណែ​ត ដែល​រង់ចាំ​ឲ្យ​សមត្ថកិច្ច​បង្ក្រាប​។ ល្បែង​ប្រភេទ​ថ្មី និង​ទំនើប​នេះ កំពុង​តែ​ពង្វក់​ពលរដ្ឋ​ខ្មែរ​មិន​ចាញ់ល្បែង​ឆ្នោត​យួន​ដែល​គេ​និយម​ហៅ​ថា​កន្ទុយលេខ​នោះ​ទេ​។
យោង​តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា​៖ យ៉ាង​ហោច​ណាស់​មាន​ទីតាំង​បម្រើសេវា​អ៊ី​ន​ធឺ​ណែ​ត ប្រមាណ​ចាប់ពី ២០​ទៅ​៣០​ទីតាំង នៅ​កណ្តាល​បេះដូង​ក្រុង​ទេសចរណ៍​សៀមរាប ត្រូវ​បាន​ប្រើប្រាស់​ជា​ភ្នាក់ងារ ឬ​សាខា​ល្បែងស៊ីសង ដែល​មានការ​ភ្ជាប់​បណ្តាញ​ផ្សាយ​ផ្ទាល់​ពី​កាស៊ីណូ​នានា​នៅ​តាម​ព្រំដែន​ខ្មែរ ទាំង​ថៃ និង​វៀតណាម​។ សេចក្តីរាយការណ៍​ដដែល​បាន​បន្ត​ដោយ​ដាក់​មន្ទិល​ថា​៖ ល្បែង​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​ទាំង​ហ្នឹង​អាច​ដំណើរការ​ទៅ​បាន​យ៉ាង​រអិល​បែប​ហ្នឹង ក៏​ដោយសារ​តែ​មានការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ រវាង​សមត្ថកិច្ច​អាជ្ញាធរ​ពាក់​ព​ន្ធ័ និង​ម្ចាស់​ទីតាំង​ជា​ថ្នូរ​មិន​ប​ង្គ្រា​ប​។

ហេតុ​ដែល​ហ៊ាន​មន្ទិល​បែប​ហ្នឹង​ដោយសារ​តែ​គេ​ឃើញ​ល្បែង​ប្រភេទ​ហ្នឹង​ដំណើរការ​យូ​ខែ​ឆ្នាំ​មក​ហើយ​តែ​គ្មាន​ការ​បង្ក្រាប​ជា​ដុំ​កំភួន​ម្តងណា​ឡើយ​។​សកម្មភាព​បើក​ឲ្យ​មានការ​លេងល្បែង​ស៊ីសង​តាម​គ្រប់​រូបភាព ជា​ពិសេស​តាម​ប្រ​ព​ន្ធ័​អន​ឡាញ ដែល​កំពុង​រីក​ស្គុសស្គាយ​ដូច​រដូវ​ផ្កា​រីក នៅ​កណ្តាល​បេះដូង​ក្រុង​ទេសចរណ៍​សៀមរាប​ហ្នឹង ត្រូវ​បាន​ក្រុម​អ្នក​តាមដាន​បញ្ហា​សង្គម​អះអាង​ថា កំពុង​តែ​ដើរ​បញ្ច្រាសទិស នៃលក្ខណៈ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ច្បាប់​ស្តី​ពី​កា​រប​ង្គ្រា​ប​ល្បែងស៊ីសង រួម​ទាំង​បម្រាម​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ហាម​មិន​ឲ្យ​ជនជាតិ​ខ្មែរ​ចូល​ទៅ​លេងល្បែង​ក្នុង​កាស៊ីណូ​ផង​ដែរ​។ ទាក់ទិន​នឹង​ល្បែង​អន​ឡាញ​ជ្រក​ក្រោម​ស្លាក បម្រើសេវា​អ៊ី​ធឺ​ណែ​ត ដែល​កំពុង​រីក​រាលដាល​ដូច​ជំងឺមហារីក​ទៅ​នោះ ត្រូវ​លោកស្នងការ​នគរបាល ហ៊ូ វ៉ា​ន់​នី សន្យា​ថា​នឹង​ធ្វើ​សេចក្តី​ប្រកាស​រួម​មួយ​ក្នុង​នាម​អាជ្ញាធរ​ខេត្ត​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ ដើម្បី​ឲ្យ​ពួក​អ្នក​ប្រព្រឹត​ល្មើស​ទាំងនោះ​បញ្ឈប់​សកម្មភាព​របស់​ខ្លួន​ជា​បន្ទាន់ តែបើ​ពួក​គេ​មិន​មិន​បញ្ឈប់ លោក​នឹង​បើក​ការ​បោសសម្អាត​ឲ្យ​អស់​មិន​អាច​ទុក​បាន​ទេ​។ ដូច្នេះ​គេ​ចាំ​មើល​ថា​នេះ​ជា​ការ​ប្តា​ជ្ញា​ចេញពី​បេះដូង​ពិត របស់​លោកស្នងការ ឬ​ក៏​ជា​ល្បិច​វាយ​ស្មៅ​បង្អើល​ពស់​៕