ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ឃួ​ង ស្រេង ត្រូវ​បាន​ប្រកាស​តែងតាំង​ជា​អភិបាល​រាជធានី​ភ្នំពេញ ជា​ផ្លូវការ​ហើយ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នា​រសៀល​ទី​២៨ មិថុនា ២០១៧​នេះ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់

រាជធានី​ភ្នំពេញ ៖ នា​រសៀល​ទី​២៨ មិថុនា ២០១៧​នេះ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​ប្រកាស​តែងតាំង ជា​ផ្លូវការ​លោក ឃួ​ង ស្រេង ជា​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ជំនួស​ឯកឧត្តម ប៉ា សុ​ជាតិ​វង្ស ដែល​ត្រូវ​ចូល​និវត្ត ។ ក្នុង​ពិធី​នេះ​ដែរ លោក កើត ឆែ និង​លោក នួន ផា​រ័​ត្ន ត្រូវ​បាន​តែងតាំង និង​ផ្ទេរ​ជា​អភិបាលរង​រាជធានី​ភ្នំពេញ​ផង​ដែរ​។

មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា លោក ឃួ​ង ស្រេង គឺជា​មន្ត្រី​មាន​ស្នាដៃ​ល្អ ក្នុង​ការងារ ជា​ពិសេស​សកម្មភាព​បម្រើ​ជូន​ប្រជាពលរដ្ឋ រាជធានី​ភ្នំពេញ ដែល​បាន​ចាប់ផ្តើម​តាំងពី​មន្ត្រី​ធម្មតា​នៅ​ថ្នាក់​មូលដ្ឋាន​រហូត​ដល់​រាជរដ្ឋាភិបាល​បាន​មើលឃើញ និង​ដំឡើង​ឋានន្តរស័ក្តិ​ក៏​ដូច​ជា​តួនាទី​ជា​បន្តបន្ទាប់ ជាក់ស្តែង​ក្នុង​ពេល​នេះ លោក ឃួ​ង ស្រេង ត្រូវ​បាន​ព្រះមហាក្សត្រ តែងតាំង​ជា​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ដោយ​មានការ​គាំទ្រ និង​អបអរសាទរ​ពី​មហាជន និង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​ផង​ដែរ​។

គួរ​រំលឹក​ដែរ​ថា ព្រះករុណា​ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម​សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០១៧​កន្លង​មក បាន​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​តែងតាំង​លោក ឃួ​ង ស្រេង ឋានន្តរស័ក្តិ​ឧត្តមមន្ត្រី ថ្នាក់​លេខ​១ ជា​អភិបាល​រាជធានី​ភ្នំពេញ ជំនួស​ឯកឧត្តម ប៉ា សុ​ជាតិ​វង្ស ដែល​ត្រូវ​ចូល​និវត្ត និង​បាន​តែងតាំង​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​ផង​ដែរ​។ ដោយឡែក​សម្រាប់​ការ​តែងតាំង​អភិបាលខេត្ត​ថ្មី​ចំនួន​៣​ទៀត គឺ​ខេត្តកំពង់ចាម ខេត្តកោះកុង និង​ខេត្ត​ត្បូងឃ្មុំ នឹង​ត្រូវ​ប្រកាស​ចូល​កាន់​តំណែង​ជា​ផ្លូវការ ពី​ចន្លោះ​ថ្ងៃ​ទី​២៣​ដល់​២៧ មិថុនា ២០១៧​កន្លង​មក ដែល​ត្រូវធ្វើ​ឡើង​នៅ​សាលាខេត្ត​ទាំង​៣​នោះ​តែ​ម្តង​។ ពិធី​ប្រកាស​តែងតាំង​ខាងលើ​នេះ ស្ថិត​ក្នុង​អធិបតីភាព សម្ដេច​ក្រឡាហោម ស ខេ​ង ទាំងអស់​តែ​ម្តង​៕