ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ន អេ​លី​ត និយាយ​ពី​ការងារ​ប្អូនស្រី​នៅ​នាយកដ្ឋាន​អង្គរក្ស

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រយៈពេល​ប្រមាណ​ជាង​២​ឆ្នាំ​មក​ហើយ​ដែល​កីឡាករ​-​កីឡាការិនី​ត្រកូល ស៊ន​ទាំង​៣​នាក់ គឺ​លោក ស៊ន អេ​លី​ត អ្នក​នាង​ស៊ន ដា​វី​ន និង​កញ្ញា​ស៊ន សៀវ​ម៉ី ត្រូវ​បាន​ថ្នាក់ដឹកនាំ​ផ្ដល់​ការងារ​ឱ្យធ្វើ​ជា​

រាជធានី​ភ្នំពេញ ៖ រយៈពេល​ប្រមាណ​ជាង​២​ឆ្នាំ​មក​ហើយ​ដែល​កីឡាករ​-​កីឡាការិនី​ត្រកូល ស៊ន​ទាំង​៣​នាក់ គឺ​លោក ស៊ន អេ​លី​ត អ្នក​នាង​ស៊ន ដា​វី​ន និង​កញ្ញា​ស៊ន សៀវ​ម៉ី ត្រូវ​បាន​ថ្នាក់ដឹកនាំ​ផ្ដល់​ការងារ​ឱ្យធ្វើ​ជា​មន្ត្រីរាជការ​នៅ​នាយកដ្ឋាន​អង្គរក្ស​នៃ​ក្រសួងមហាផ្ទៃ​ដោយ​អ្នក​ទាំង​៣​ក្រៅពី​ក្លាយជា​មន្ត្រីរាជការ​ពេញ​សិទ្ធិ​ក៏​មាន​សិទ្ធិ​អាទិភាព​ជាង​មន្ត្រី​អង្គរក្ស​ផ្សេង​ៗ​ទៀត​ដែរ​។

លោក ស៊ន អេ​លី​ត បងប្រុស​កញ្ញា​ស៊ន សៀវ​មុ​ី និយាយ​ថា បងប្អូន​របស់​លោក​ទាំង​៣​នាក់​ត្រូវ​បាន​ជ្រើសរើស​ឱ្យ​ចូល​ជា​កង​អង្គរក្ស​ក្នុង​នាយកដ្ឋាន​អង្គរក្ស​នៃ​ក្រសួងមហាផ្ទៃ​កាលពី​ឆ្នាំ​២០១៤ ។ មក​ទល់​ពេល​នេះ​បងប្អូន​របស់​លោក​សុទ្ធតែ​មាន​ឋានន្ដរស័ក្ដិ​ជា​អនុសេនីយ៍ទោ​(​ស័ក្ដិ​២)​ដូច​ៗ​គ្នា ដោយ​មិន​មាន​អ្នក​ណា​មាន​ឋានៈ​ធំ​ជាង​អ្នក​ណា​នោះ​ទេ និង​មាន​តួនាទី​ចេញ​ប្រតិបត្តិការ​ការពារ​គណៈប្រតិភូ​ដែល​ចុះ​មក​ទស្សនកិច្ច​នៅ​កម្ពុជា ដោយ​ប្អូនស្រី​របស់​លោក​គឺ ស៊ន សៀវ​ម៉ី និង ស៊ន ដា​វី​ន ភាគច្រើន​ត្រូវ​បាន​គេ​ចាត់​ឱ្យ​ការពារ​ប្រតិភូ​ជា​ស្ត្រី ។ អ្នក​ទាំង​២​ក៏​ត្រូវ​គេ​ចាត់​ឱ្យ​ចេញ​បេសក​កម្ម​ការពារ ​ថ្នាក់ដឹកនាំ​ស្ត្រី​របស់​កម្ពុជា​ដែល​ចេញ​ទៅ​ទស្សនកិច្ច​ផ្លូវការ​នៅ​ក្នុង​ប្រទេស​ណាមួយ​ដែរ ។ លោក​ថា ក្នុង​ចំណោម​បងប្អូន​របស់​លោក​ទាំង​៣ គឺ​សុទ្ធតែ​ពេញ​ក្របខ័ណ្ឌ និង​មាន​ប្រាក់ខែ​ជាង​១​លាន​រៀល​ផ្អែក​ទៅ​តាម​ស័ក្ដិ​ដែល​បាន​ទទួល​ដូច​ៗ​គ្នា ដោយ​មិន​មានការ​តែងតាំង​រំលង​ពី​ការងារ និង​សមត្ថភាព​នោះ​ទេ ។ ទោះបី​យ៉ាងណា លោក​ថា ចំពោះ​ករណី ស៊ន សៀវ​ម៉ី គឺ​មាន​លក្ខណៈ​ពិសេស​ជាងគេ​ដោយសារ​តែ​នាង​មិនសូវ​បាន​ចូល​ធ្វើការ តែ​មានការ​យោគយល់​ពី​នាយកដ្ឋាន​អង្គរក្ស នៅ​ពេល​នាង​ជាប់​ប្រកួត​ម្ដង​ៗ ។ ជា​រៀងរាល់ថ្ងៃ លោក និង​ស៊ន ដា​វី​ន
ត្រូវ​ទៅ​ហ្វឹកហាត់​និង​បំពេញការងារ​ច្រើន​ជាង​អត់ ប៉ុន្តែ​សម្រាប់​ស៊ន សៀវ​ម៉ី មានការ​យោគយល់​ពី​ថ្នាក់ដឹកនាំ​ច្រើន​ណាស់ បើ​មិន​ដូច្នោះ​ទេ​គឺ​នាង​មិន​អាច​កាន់​ការងារ​ជា​មន្ត្រី​អង្គរក្ស​ពាក់​ស័ក្តិ​២​បាន​នោះ​ទេ ។ ប៉ុន្តែ​លោក​នៅ​តែ​ថា​ប្អូនស្រី​របស់​លោក​ទៅ​បំពេញការងារ​ជា​ប្រចាំ​នៅ​រាល់ពេល​មានការ​ចាត់តាំង ជា​ពិសេស​គឺ​ការ​ហែហម​គណៈប្រតិភូ​ជា​ស្ត្រី​ដែល​ចុះ​មក​ទស្សនកិច្ច​នៅ​កម្ពុជា ។

លោក​សរសើរ​ចំពោះ​វាសនា​របស់​ខ្លួន​និង​ប្អូនស្រី​ដែល​មានសំណាង​ទទួល​បានការ​ងារ​រដ្ឋ​ធ្វើ​ជា​បង្អែក​ក្រោយ​ចំណាយពេល​ច្រើន​ឆ្នាំ​ប្រឡូក​ក្នុង​ការងារ​កីឡា ។ លោក​អះអាង​ថា ការងារ​ដែល​​បងប្អូន​លោក​កំពុង​ធ្វើ​សុទ្ធតែ​ពេញចិត្ត​ទាំងអស់​គ្នា​ព្រោះ​ត្រូវ​នឹង​ជំនាញ​របស់​ខ្លួន ។ មិនតែប៉ុណ្ណោះ តួនាទី​ជា​កង​អង្គរក្ស​មិន​ត្រឹមតែ​ជួយ​លើក​មុខមាត់​បងប្អូន​លោក​ប៉ុណ្ណោះ​ទេ តែ​ក៏​ជួយ​ឱ្យ​បងប្អូន​លោក​មាន​ការងារ​មួយ​ច្បាស់លាស់​បន្ថែម​ពីលើ​អាជីព​បង្វឹក​តេ​ក្វា​ន់​ដូ​ដល់​ក្មេង​ៗ​ជា​រៀងរាល់ថ្ងៃ​ផង​ដែរ ។

ជាមួយនឹង​ការ​ទម្លាយ​នេះ គឺ​បាន​បង្ហាញ​ថា ស្រី​ស្អាត ស៊ន សៀវ​ម៉ី គឺជា​មន្ត្រី​អង្គរក្ស​ពេញ​សិទ្ធិ​របស់​ក្រសួងមហាផ្ទៃ​រយៈពេល​មិន​ក្រោម​២​ឆ្នាំ​មក​ហើយ​ទេ ដោយ​នាង​ក្រៅពី​ជា​វីរនារី​ផ្នែក​តេ​ក្វា​ន់​ដូ​ដែល​ជួយ​ឱ្យ​កម្ពុជា​ទទួល​បាន​មេដាយ​លើ​ឆាក​អន្តរជាតិ ក៏​ជា​មន្ត្រីរាជការ​ពាក់​ស័ក្ដិ​២​លើ​ស្មា​យ៉ាង​កាលី​ព​ផង​ដែរ ខណៈ​ដែល​កិច្ចការ​នេះ​នាង​ក៏​ធ្លាប់​បង្ហើប​ថា នឹង​ចាប់​ឱ្យ​ជាប់​រហូត​ដល់​ចូល​និវត្តន៍​ដោយសារ​តែ​ត្រូវ​នឹង​ជំនាញ ។ ស៊ន សៀវ​ម៉ី ធ្លាប់​អះអាង​ថា នាង​ស្រឡាញ់​ការងារ​រដ្ឋ ហើយ​នាង​មិន​ចូល​ចិត្ត​បង្វឹក​សិស្ស​ដូច​បង​ៗ​ទាំង​២​នោះ​ទេ ទើប​ទោះជា​មានការ​មមាញឹក​យ៉ាងណា​ក៏​នាង​នៅ​តែ​ចុះ​បំពេញការងារ​បាន​ល្អជា​ពិសេស​ការ​ចុះ​ការពារ​ដល់​គណៈប្រតិភូ​ស្ដ្រី​ដូចដែល​គេ​បានឃើញ​នាង​តាម​ហែហម​តំណាង​ម្ចាស់​ក្ស​ត្រី សុរិន្ទ​ថង នា​ពេល​កន្លង​មក​ជាដើម ។ ទោះបី​យ៉ាងណា​គេ​កត់​សម្គាល់ថា​នាង​មិនមែន​ជា​មន្ត្រីរាជការ​វ័យក្មេង​ដែល​ចូល​ចិត្ត​សម្ញែង​ស័ក្ដិ និង​តួនាទី​នោះ​ទេ ទើប​ក្នុង​ពេល​ខ្លះ​សឹង​មិនដឹង​ថា នាង​គឺជា​មន្ត្រីរាជការ​ពេញ​សិទ្ធិ ដោយ​ម្នាក់​ៗ​នឹក​ស្មាន​ត្រឹម​ថា​នាង​ត្រូវ​គេ​ជ្រើសរើស​ឱ្យ​បំពេញការងារ​ជា​កងការពារ​ម្ដងម្កាល​នៅ​ពេល​មាន​ប្រតិភូ​ចុះ​មក ។

ស៊ន សៀវ​ម៉ី បញ្ជាក់​ថា ក្រោយ​ពេល​នាង​សម្រេចចិត្ត​ចូល​និវត្តន៍​លើ​ការងារ​កីឡា​នោះ នាង​នឹង​ឈោង​ចាប់​ការងារ​ណាមួយ​ច្បាស់លាស់ ដែល​ការងារ​ដែល​នាង​ចង់​ធ្វើ​នោះ​ត្រូវ​គេ​ដឹង​ថា​ជា​មន្ត្រីរាជការ ច្រើន​ជាង​ការងារ​ឯកជន ។ ប៉ុន្តែ​គេ​មិនដឹង​ថា រហូត​ដល់​ពេល​ណា​ទើប​នាង​សម្រេចចិត្ត​បោះបង់​ការ​ប្រកួត​នោះ​ទេ ក្នុង​ពេល​ដែល​នាង​ក៏​នៅ​មាន​មហិច្ឆតា​ចង់បាន​មេដាយ​បន្ត​ទៀត​លើ​ឆាក​អន្តរជាតិ ។ ជាក់ស្ដែង នាង​បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា​ប្រមាណ​ជាមួយ​ស​ប្ដា​ហ៍​មក​ហើយ​ទៅ​កាន់​ប្រទេស​កូរ៉េ ដើម្បី​ចូលរួម​ប្រកួត​តេ​ក្វា​ន់​ដូ​កម្រិត​អន្តរជាតិ​ដែល​រៀបចំ​ដោយ​ម្ចាស់ផ្ទះ​កូរ៉េ នៅ​ថ្ងៃ​ទី​២៨ មិថុនា នេះ ។ សៀវ​ម៉ី​បាន​អះអាង​មុន​ចេញ​ទៅ​កូរ៉េ​ថា នាង​នឹង​ប្រើ​ពេល​២០​ថ្ងៃ​សរុប​ទាំង​ការ​ហ្វឹកហាត់ ដោយ​ក្រោយ​បញ្ចប់​ការ​ប្រកួត​នេះ​នាង​ក៏​ត្រូវ​ត្រៀមខ្លួន​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម និង​ព្រឹត្តិការណ៍​អន្តរជាតិ​មួយ​ចំនួន​ទៀត ។ ប៉ុន្តែ​នាង​ថា ឱ្យ​តែ​ការងារ​ក្នុង​ក្របខ័ណ្ឌ​រដ្ឋ​ត្រូវ​ថ្នាក់ដឹកនាំ​ទម្លាក់​ឱ្យធ្វើ គឺ​នាង​ទទួល​មិន​ដែល​ខាន​នោះ​ទេ ដោយសារ​តែ​ជា​ការងារ​គ្រឹះ​ដែល​នាង​មិន​អាច​ឱ្យ​របូត​ពី​ដៃ​បាន ៕