ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងកម្លាំង​របស់​យោធភូមិ​ភាគ​ទី​៥ អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​២៩

6 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ កងកម្លាំង​របស់​យោធភូមិ​ភាគ​ទី​៥ ចំនួន​៣៤១​នាក់ បាន​ចូលរួម​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​២៩ នៃ​ថ្ងៃកំណើត​អង្គភាព​យោធភូមិ​ភាគ​ទី​៥ ពី​ថ្ងៃ​ទី​២៨ ខែមិថុនា

ខេត្តបាត់ដំបង ៖ កងកម្លាំង​របស់​យោធភូមិ​ភាគ​ទី​៥ ចំនួន​៣៤១​នាក់ បាន​ចូលរួម​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​២៩ នៃ​ថ្ងៃកំណើត​អង្គភាព​យោធភូមិ​ភាគ​ទី​៥ ពី​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​១៩៨៨ ដល់​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៧ ដែល​បាន​ធ្វើ​នៅ​ក្នុង​ទីបញ្ជាការដ្ឋាន​យោធភូមិ​ភាគ​ទី​៥​ក្នុង​ខេត្តបាត់ដំបង វេលា​ព្រឹក​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៧ ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៍ឯក ប៊ុ​ន សេង មេបញ្ជាការ​រង​កងទ័ពជើងគោក មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥​។

លោក​ឧត្តមសេនីយ៍ទោ កែវ ចំរើន មេបញ្ជាការ​រង​យោធភូមិ​ភាគ បាន​អាន​របាយការណ៍​ស្តី​អំពី​ប្រវត្តិសាស្ត្រ​ដល់​មេទាហាន​ដែល​បាន​តស៊ូ​កិច្ច​ការពារ​ជាតិ​តាម​ព្រំដែន​សម័យ​ត្រីភាគី ហើយ​បាន​ចាប់​បង្កើត​អង្គភាព​យោធភូមិ​ភាគ​ទី​៥​នេះ​មក​តាំងពី​ឆ្នាំ​១៩៨៨​ដោយ​លោក ប៊ូ ថង ជា​មេបញ្ជាការ និង​ជា​បន្ត​មក​មាន​មេបញ្ជាការ​ចំនួន​៥​នាក់​ទៀត ត្រូវ​បាន​ផ្លាស់​ប្តូរ​រហូត​ដល់​ឆ្នាំ​១៩៩៩ ទើបបាន​លោក ប៊ុ​ន សេង ជា​មេបញ្ជាការ និង​លោក ឯក សំ​អូន ជា​មេបញ្ជាការ​រង រហូត​ដល់​សព្វ​ថ្ងៃនេះ​។ បន្ទាប់​មក​លោក​ឧត្តមសេនីយ៍ត្រី ញ៉ែ​ម សុខុម នាយ​រង​សេនាធិការ និង​ជា​នាយទាហាន​ជើង​ចាស់​មានបទពិសោធន៍​កន្លង​មក​បាន​បង្ហាញ​បទ​ពិសោធន៍​ល្អ​ៗ​ខ្លះ​ៗ​ក្នុង​ការ​គ្រប់គ្រង ដឹកនាំ​កងកម្លាំង ទាំង​នៅ​ក្នុង​សមរភូមិ និង​ការ​កសាង​អង្គ​ភាពរឹងមាំ​លើ​គ្រប់​វិស័យ ដែល​កងកម្លាំង​កងទ័ព​យើង​ឈរ​បាន​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ចែក​ជូន​ដល់​នាយទាហាន​ជំនាន់​ថ្មី​បាន​យល់​ដឹង និង​នាយទាហាន​ជំនាន់​ថ្មី​បាន​ទទួល​ឡើង​ធ្វើការ​ប្តេជ្ញា​ចិត្ត​អនុវត្ត​តាម​បទ​ពិសោធន៍​ដែល​ជា​គំរូ​ល្អ​សម្រាប់​កិច្ច​ការងារ​ការពារ​ប្រទេស​ជាតិ​យើង​ឲ្យ​មាន​សុខ​សន្តិភាព​ជា​បន្ត​ទៅ​ទៀត​នេះ​។

ជា​ចុង​ក្រោយ​លោក​ឧត្តមសេនីយ៍ឯក ប៊ុ​ន សេង បាន​អាន​សារ​ជូនពរ​របស់​យោធភូមិ​ភាគ​ទី​៥ ជូន​ដល់​នាយទាហាន និង​ពល​ទាហាន ហើយ​បាន​ផ្តាំផ្ញើ​ថា សំខាន់​បំផុត​កងទ័ព​គឺ​ផ្តោត​ជួយ​ដល់​ប្រជាជន ដែល​មាននៅ​ក្នុង​ភ្នក់ភ្លើងសង្គ្រាម រហូត​ដល់​មាន​សុខ​សន្តិភាព​មក​ដល់​ពេល​នេះ​គឺ​កងទ័ព​នៅ​តែ​ជួយ​គិត​ពី​បញ្ហា​ជីវភាព កងទ័ព គ្រួសារ​កងទ័ព និវត្តជន អតីត​យុទ្ធ​ជន​ដែល​មាន​ស្នាដៃ​កន្លង​មក​ដោយ​មិន​ទុក​ឲ្យ​គាត់​រស់នៅ​ជួប​ការ​លំបាក​ក្នុង​ពេល​នេះ​ទៀត​ឡើយ​។

លោក​បាន​បញ្ជាក់​បន្ថែម​ថា ដោយ​បាន​ឆ្លងកាត់​ក្នុង​សម័យ​៣​ឆ្នាំ ៨​ខែ និង​២០​ថ្ងៃ​ក្នុង​របប​ប៉ុ​ល​ពត​រួច​មក​នោះ​គឺ​នៅ​ឆ្នាំ​១៩៧៩ កងទ័ព​យើង​បាន​រំដោះ​រួច​ផុត​ពី​ការ​កាប់សម្លាប់​ជាតិ​សាសន៍​ឯង ហើយ​បន្ត​មក​ធ្វើការ​បង្រួបបង្រួម​ជាតិ ពី​កម្លាំង​កងទ័ព​ត្រីភាគី​នៅ​តាម​ព្រំដែន​ដែល​ជា​ខ្មែរ​តែ​មួយ​ឲ្យ ចូល​មក​រួមរស់​ជាមួយ​គ្នា ហើយ​ទម្រាំ​រកបាន​សុខ​សន្តិភាព​ពិតប្រាកដ​គឺ​បាន​មក​ក្នុង​ឆ្នាំ​១៩៩៩ រហូត​មក​ដល់​ពេល​នេះ មានការ​អភិវឌ្ឍន៍ មាន​សមិទ្ធផល មាន​គ្រប់​បែប​យ៉ាង​ហើយ​នោះ តើ​យើង​ត្រូវការ​អ្វី​ទៀត​ក្រៅពី​រួម​គ្នា​ថែរ​រក្សាសុខ​សន្តិភាព​ដែល​កម្រ​រកបាន​ឲ្យ​កាន់តែ​មាននៅ​ជា​ដរាប​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ជា​បន្ត​ទៅ​ទៀត​នោះ​៕