ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈើ​គ្រញូង​ចំនួន៥៥ដុំ​ត្រូវ​បានសមត្ថកិច្ច​មេ​ព្រៃនិងប៉ូលិស​ចាប់​បាន

15 ឆ្នាំ មុន

ខេត្ត​កំពត ៖ មន្ត្រី​​រដ្ឋបាល​ព្រៃឈើ​កំពត-​កែប​មួយ​រូប​បានឱ្យ​ដឹង​ថា កាលពីវេលា​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី៧ មីនា កម្លាំង​ប៉ូលិស​ប៉ុសិ៍្ត​រដ្ឋបាល​ ឃុំ​កំពង់​គ្រែង ស្រុកទឹកឈូ ​បាន​សហការ​​ជាមួយ​សមត្ថកិច្ចរដ្ឋបាល​ព្រៃឈើ​បង្ក្រាប​បានឈើគ្រញូង​ចំនួន​៥៥ដុំ ស្មើ​នឹងទម្ងន់​២៩៩​គីឡូ​ក្រាម ​ដែល​ឈ្មួញ​​ដឹក​តាម​ទូក​បន្លំ​ជា​មួយ​ទូក​នេ​សាទ​តាម​ដៃ​ព្រែក​កំពត​​ចូល​មក​សមុទ្រ​​កំពត បំរុង​ដឹកចេញ​ទៅលក់​នៅ​ប្រទេសវៀតណាម ​។ ចំណែក​ពួកឈ្មួញក្រោយ​​ពេល​ឃើញ​​ទូក​សមត្ថ​កិច្ច​ ពួ​ក​គេ​ក៏​ទម្លាក់​​​ឈើ​ទាំង​៥៥ដុំនោះ​ចុះ ​ទៅក្នុងទឹក​ រួចបើក​ទូក​រត់​គេចខ្លួនបាត់។

​ពេល​ឃើញ​​បែបនេះ ​សមត្ថកិច្ច​​ល្បាត​ដោយ​មាន​ការ​សង្ស័យ​​ក៏បើកទូក​ដេញ​​តាម​ តែ​តាម​មិនទាន់​ក៏​ត្រឡប់​​​មកពិនិត្យ​កន្លែង​សង្ស័យ​ហើយកម្លាំង​ប៉ូលិស​បានចុះមុជ​រាវ​ក្នុង​ទឹក ក៏​ប្រទះ​ឃើញ​​ឈើគ្រញូង​​ដែល​ឈ្មួញ​ទម្លាក់​
ចោល​ ។ ក្រោយពី​ប្រមូល​បាន​ឈើ​ហើយ​ សមត្ថ កិច្ច​​បាន​ធ្វើ​កំណត់ហេតុ​ដក​ហូត​​ឈើ​ល្មើស​ច្បាប់​ទាំង​នោះ​មករក្សា​ទុក​នៅ​ទី​ស្នាក់ការ​ខណ្ឌ​រដ្ឋ​បាលព្រៃឈើ​កំពត ដើម្បី​ស្រាវជ្រាវរក​មុខ​សញ្ញា​​ម្ចាស់ឈើ​យក​មក​​ផ្តន្ទា​ទោស​​តាមច្បាប់ ។
គួររំលឹកថា ​ករណី​រកស៊ី​ឈើ​គ្រញូង​ដែល​ឈ្មួញ​កំពុង​ធ្វើ​អាជីវកម្ម​​​សព្វថ្ងៃនេះ​នៅក្នុង​ខេត្ត​កំពត​ គឺ​មាន​គ្រប់រូបភាព​ ដឹក​តាម​ទូក​ក៏​មាន​ដឹក​តាម​រថ​​យន្ត​​ទំនើបៗ​​ក៏មាន ធ្វើ​ឱ្យ​​សមត្ថ​កិច្ច​​ពិបាកកំណត់មុខសញ្ញាក្នុងការបង្ក្រាប​បទល្មើស​ឈើទាំងនោះ​ផង​ដែរ ៕