ខេត្តកំពង់ធំ ៖ បុរស២នាក់បានស្លាប់ភ្លាមៗ និង២នាក់ទៀតត្រូវរងរបួសជាទម្ងន់ ដោយគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយរវាងម៉ូតូ និងរថយន្តបើកបរធ្វើដំណើរបញ្ច្រាសទិសគ្នា។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១៤ មីនា តាមដងផ្លូវជាតិលេខ៦ ចំណុចភូមិឫស្សីជះ ឃុំត្បែង ស្រុកកំពង់ស្វាយ ។
តាមប្រភពពីមន្ត្រីប៉ូលិសចរាចរស្រុកកំពង់ស្វាយបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូ១គ្រឿង ម៉ាកហុងដា ធុន C125 ស៊េរី២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1I-0643 បើកបរដោយឈ្មោះទត ទុំ អាយុ២៥ឆ្នាំ រស់នៅភូមិវាល ឃុំសាន់គរ ស្រុកកំពង់ស្វាយ ដោយមានឌុបបុរស៣នាក់ទៀតនៅពីក្រោយរេចុះ រេឡើងម្តងទៅស្តាំ ម្តងទៅឆ្វេង ដោយអាការស្រវឹងធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ។លុះមកដល់កន្លែងកើតហេតុស្រាប់តែរេចូលក្នុងចំណែកផ្លូវរបស់រថយន្តទេសចរណ៍ធុនតូច១គ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខ ក-៨១៥១ ភព៣ ដែលមាន២៥កៅអី បើកបរបញ្ច្រាសទិសគ្នា (ពីរាជធានីភ្នំពេញទៅខេត្តសៀមរាប) ហើយរថយន្តក៏ជ្រុលល្បឿនបុកម៉ូតូខាងលើយ៉ាងពេញទំហឹង បណ្តាលឱ្យស្លាប់មនុស្សចំនួន២នាក់ភ្លាមៗនៅនឹងកន្លែង ក្នុងនោះមានឈ្មោះទត ទុំ ជាអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរម្នាក់ទៀតឈ្មោះតឿន ជេស អាយុ២២ឆ្នាំ រស់នៅភូមិបុទុម ឃុំរុងរឿង ស្រុកស្ទោង ។
ចំណែកអ្នករួមដំណើរ២នាក់ទៀត រងរបួសជាទម្ងន់ ក្នុងនោះមានម្នាក់ឈ្មោះ ក ហ៊ីម អាយុ២៦ឆ្នាំ រស់នៅភូមិបុទុម ឃុំរុងរឿង ស្រុកស្ទោង និងម្នាក់ទៀតឈ្មោះសួន សំ អាយុ៣០ឆ្នាំ រស់នៅភូមិវាល ឃុំសាន់តន ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ។ ក្រោយពេលកើតហេតុអ្នកបើកបររថយន្តបានរត់គេចខ្លួន ។ បច្ចុប្បន្នរថយន្ត និងម៉ូតូត្រូវសមត្ថកិច្ចនាំមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ ដើម្បីចាត់ការតាមនីតិវិធី។
ដោយឡែកកាលពីយប់ថ្ងៃទី១១ មីនា នៅខេត្តកំពង់ធំ មានគ្រោះថ្នាក់ចរាចរណ៍ចំនួន២ករណី បណ្តាលឱ្យស្លាប់មនុស្សម្នាក់ និងរបួស៤នាក់ ក្នុងនោះនៅស្រុកសន្ទុកស្លាប់ម្នាក់ របួស២នាក់ និងស្រុកកំពង់ស្វាយ របួសធ្ងន់២នាក់ ដែលតាមរបាយការណ៍របស់ប៉ូលិសចរាចរស្រុកសន្ទុកបានឱ្យដឹងថា នៅវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី១១ មីនា តាមផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ១៤១-១៤២ ចំណុចមុខអធិការដ្ឋាននគរបាលស្រុកសន្ទុកឆៀងខាងជើង ក្នុងភូមិធម្មនាថ ឃុំតាំងក្រសាំង មានគ្រោះថ្នាក់ចរាចរណ៍១ករណី បង្កឡើងដោយរថយន្តម៉ាកសាំងយ៉ុង ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ 2J-2092 បើកបរដោយឈ្មោះជ័យ វិរៈ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ។ លុះមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលចង្កូតទៅបុកពីក្រោយរ៉ឺម៉កម៉ូតូដឹកធ្យូងម៉ាកអឹមដេ ពណ៌ក្រហម បើកបរដោយឈ្មោះគង់ សារិត ភេទប្រុស អាយុ៥៩ឆ្នាំ រស់នៅភូមិជ័យជំនះ ឃុំកកោះ ស្រុកសន្ទុក បណ្តាលឱ្យស្ត្រីជិះលើរ៉ឺម៉កម៉ូតូចំនួន២នាក់ ក្នុងនោះមានម្នាក់ឈ្មោះវន សារៀម អាយុ១៩ឆ្នាំ រស់នៅភូមិជ័យជំនះ ឃុំកកោះ ស្រុកសន្ទុក ផ្លោងចេញពីរ៉ឺម៉ក ហើយត្រូវរថយន្តកិនបន្ថែមស្លាប់នៅកន្លែងកើតហេតុ។ ចំណែកស្ត្រីម្នាក់ទៀតឈ្មោះប៊ុន គឹម អាយុ៥៣ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នារងរបួសស្រាល និងបុរសបើកបររ៉ឺម៉កម៉ូតូក៏ត្រូវរងរបួសស្រាលដែរ ។
តាមប្រភពពីមន្ត្រីប៉ូលិសចរាចរបាននិយាយថា មូលហេតុនាំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ខាងលើគឺបណ្តាលមកពីអ្នកបើកបររថយន្តមានការធ្វេសប្រហែស ចំណែកខាងរ៉ឺម៉កម៉ូតូពុំមានអ្វីជាសញ្ញាពេលយប់ ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅឃាត់ខ្លួនអ្នកបើកបររថយន្ត និងនាំយកវត្ថុតាងទាំង២គ្រឿងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសន្ទុកដើម្បីបំពេញសំណុំរឿងចាត់ការតាមនីតិវិធី ។
នៅថ្ងៃដដែលនេះដែរ វេលាម៉ោង៨និង៣០នាទីយប់តាមដងផ្លូវជាតិលេខ៦២ (ពីខេត្តកំពង់ធំទៅខេត្តព្រះវិហារ) ត្រង់ចំណុចភូមិថ្នល់បំបែក ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ មានឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍១ករណីទៀតរវាងម៉ូតូ និងម៉ូតូបើកបុកគ្នា បណ្តាលឱ្យរងរបួសធ្ងន់២នាក់ ដែលតាមរបាយការណ៍របស់មន្ត្រីប៉ូលិសចរាចរស្រុកកំពង់ស្វាយ បានឱ្យដឹងថា មានម៉ូតូ១គ្រឿងម៉ាកហុងដា ធុន C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ 1A-6127 បើកបរដោយឈ្មោះប៉ុល ដា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិរមាំងងាប់ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ដោយមានឌុបស្ត្រីម្នាក់ឈ្មោះវ៉ាត មុំ អាយុ២៨ឆ្នាំ រស់នៅភូមិរូង ឃុំត្រពាំងឫស្សី បានធ្វើដំណើរមកដល់កន្លែងកើតហេតុខាងលើ ស្រាប់តែមានម៉ូតូមួយទៀតមិនស្គាល់ម៉ាកបានបើកបញ្ច្រាសទិសគ្នាហើយជ្រុលចង្កូតមកបុកម៉ូតូខាងលើយ៉ាងពេញទំហឹង ហើយបើករត់គចខ្លួនបាត់ បណ្តាលឱ្យអ្នកជិះម៉ូតូធុន C125 ត្រូវរងរបួសធ្ងន់ទាំង២នាក់៕
ចែករំលែកព័តមាននេះ