ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ខណៈ​ធ្វើ​សកម្មភាព​ឆក់​ការ​បូ​ប​ពី​ស្ត្រីជន​ជាតិចិន

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុម​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​៣​នាក់ ជិះ​ម៉ូតូ​សុទ្ធតែ​ស៊េរី​ទំនើប​ឆ្នាំ​២០១៧ ចំនួន​២​គ្រឿង ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​បឹង​កេងកង​ទី​១

រាជធានី​ភ្នំពេញ ៖ ក្រុម​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​៣​នាក់ ជិះ​ម៉ូតូ​សុទ្ធតែ​ស៊េរី​ទំនើប​ឆ្នាំ​២០១៧ ចំនួន​២​គ្រឿង ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​បឹង​កេងកង​ទី​១ ធ្វើការ​ចាប់​ឃាត់ខ្លួន ខណៈ​ដែល​ពួក​គេ​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ស្ត្រីជន​ជាតិចិន​ម្នាក់​មិន​បាន​សម្រេច​ក៏​ជួប​ជាមួយនឹង​កម្លាំង​ល្បាត​ដេញចាប់​បាន ហើយ​ត្រូវ​ប្រជាពលរដ្ឋ​ឡោម​ព័ទ្ធ​ចាប់​បាន​វាយ​ម្នាក់​មួយ​ដៃ មួយ​ជើង​បណ្តាល​ឱ្យ​សន្លប់​ស្តូកស្តឹង​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ផង​ដែរ​។ ករណី​ឆក់​មិន​បាន​សម្រេច​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤ និង​១៥​នាទី​ល្ងាច ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្លូវ​ព្រះ​នរោត្តម កែង​នឹង​ផ្លូវ​លេខ​២៨២ ក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន​។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​បាន​ឃាត់ខ្លួន​មានឈ្មោះ ម៉ូ​វ ចាន់​និមិត្ត អាយុ​១៨​ឆ្នាំ ភេទ​ប្រុស មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ក្នុងភូមិ​ឫស្សី​ស្រស់ សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ​។ មុន​ពេល​កើតហេតុ យុវជន​សង្ស័យ​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា C125​ស៊េរី​ឆ្នាំ​២០១៧ ព៌​ណ​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​១DD-៩៦៤៦ មួយ​គ្រឿង​តែ​ម្នាក់ឯង និង​បក្ខពួក​ចំនួន​ពីរ​នាក់​ទៀត​គឺ​មានឈ្មោះ អា​ខ្លា និង​អា​ឆក ជិះ​ម៉ូតូ​ម៉ាក​ហុងដា C125 ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ​បាន​នាំ​គ្នា​ដើរ​រក​ឆក់​។ តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ បក្ខពួក​របស់​គេ​ចំនួន​ពីរ​នាក់​ដែល​មានឈ្មោះ អា​ខ្លា និង​អា​ឆក នោះ​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ស្ត្រីជន​ជាតិចិន​ម្នាក់់​ដែល​កំពុង​តែ​ដើរ​ម្នាក់ឯង​នៅ​តាម​ផ្លូវ ស្រប​ពេល​នោះ​កម្លាំង​ល្បាត​របស់​លោក​ក៏​មក​ដល់​ល្មម ហើយ​ពួក​គេ​ក៏​នាំ​គ្នា​ព្យាយាម​ជិះ​ម៉ូតូ​រត់​។

ពេល​នោះ​ពួក​គេ​ទាំង​៣​នាក់​ដែល​ជិះ​ម៉ូតូ​សុទ្ធតែ​ស៊េរី​ទំនើប​ជិះ​រត់​ដល់​ខាងកើត​វិមាន​ឯករាជ្យ កម្លាំង​របស់​លោក​ក៏​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ជា​អ្នក​បិទគូថ​បាន​ម្នាក់់ ចំណែកឯ​ពីរ​នាក់​ទៀត​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់​ស្រមោល ភ្លាម​នោះ​ដោយ​ក្រុម​ប្រជាពលរដ្ឋ​មាន​កំហឹង​ក៏​នាំ​គ្នា​ឡោម​ព័ទ្ធ​ចាប់​វាយ​ម្នាក់​មួយ​ដៃ មួយ​ជើង សន្លប់​ស្តូកស្តឹង​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ផង​ដែរ​។ ក្រោយ​ពេល​កើតហេតុ ស្ត្រីជន​ជាតិចិន​រង​គ្រោះ​នោះ​បាន​បន្តដំណើរ​ទៅ​បាត់ ចំណែកឯ​យុវជន​ជា​ជនសង្ស័យ​ត្រូវ​បាន​នាំ​ខ្លួន​យក​ទៅ​ធ្វើការ​សាកសួរ និង​ធ្វើ​កំណត់ហេតុ​នៅ​នគរបាល​ប៉ុស្តិ៍​បឹង​កេងកង​ទី​១ ដើម្បី​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​ចាត់ការ​តាម​ច្បាប់​ជា​បន្ត​ទៅ​ទៀត​៕