ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ផ្តើម​ជីក​រំលាយ​ភ្នំ​ក្បែរ​ព្រំដែន​ថៃ​(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ពេល​នេះ​មាន​សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា ក្រុម​ឈ្មួញ​កំពុង​តែ​ធ្វើ​សកម្មភាព​យក​គ្រឿងចក្រ​ទៅ​ជីក​កកាយ​ដី​ភ្នំ​មួយ​កន្លែង

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ពេល​នេះ​មាន​សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា ក្រុម​ឈ្មួញ​កំពុង​តែ​ធ្វើ​សកម្មភាព​យក​គ្រឿងចក្រ​ទៅ​ជីក​កកាយ​ដី​ភ្នំ​មួយ​កន្លែង ដឹក​លក់​យ៉ាង​គគ្រឹកគគ្រេង​ដោយ​គ្មាន​ការ​ហាមឃាត់​ពី​អាជ្ញាធរ​មូលដ្ឋាន ឬ​មន្ទីរ​ពាក់ព័ន្ធ​ណា​ឡើយ ។ មើលទៅ​ភ្នំ​ដែល​ជា​តំបន់​អភិរក្ស​នឹង​រលាយ​សាបសូន្យ​អស់​ជាក់​ជា​មិន​ខាន ។ ហេតុការណ៍​ជីក​កកាយ​ដី​ភ្នំ​លក់​នេះ​បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៧ ស្ថិត​នៅ​ក្បែរ​ព្រំដែន​កម្ពុជា​-​ថៃ ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។

ប្រជាពលរដ្ឋ​បាន​ចង្អុលបង្ហាញ​ឱ្យ​ដឹង​ថា មាន​ឈ្មួញ​១​ក្រុម​បាន​យក​គ្រឿងចក្រ​អេ​ស្កា​វ៉ា​ទ័​រ​ទៅ​ជីក​កកាយ​ដី​ភ្នំ​ដឹក​តាម​រថយន្ត​ជា​ច្រើន​គ្រឿង​យក​ទៅ​លក់​នៅ​តាម​ភូមិ ជា​ហេតុ​ធ្វើ​ឱ្យ​ខូច​ទ្រង់ទ្រាយ​ភ្នំ​ដែល​ជា​កេរតំណែល​របស់​ដូនតា​តាំងពី​យូរលង់​ណាស់​មក​ហើយ ។ ប្រភព​បន្ត​ទៀត​ថា បើសិនជា​សកម្មភាព​ជីក​កកាយ​ដី​ភ្នំ​ដឹក​លក់​នៅ​តែ​បន្ត​បែប​នេះ​មើលទៅ​ភ្នំ​ជា​ច្រើន​នៅ​ក្នុងភូមិ​ខាងលើ​នឹង​បាត់បង់​រូបរាង​ហើយ​ថែម​ទាំង​បាត់បង់​អស់ សោភ័ណ​ភាព​ថែម​ទៀត​ផង ។ ពួក​គាត់​ពិតជា​មានការ​សោកស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​ដី​ភ្នំ​ដែល​មាន​ព្រៃឈើ បញ្ចេញ​សម្រស់​ខៀវស្រងាត់​មើលទៅ​ស្រស់បំព្រង​គួរ​ជាទី​ទាក់ទាញ​ភ្នែក​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ដែល​មក​លេង​ក្នុង​ទឹកដី​ខេត្ត​ប៉ៃលិន លុះ​គេ​ឃើញ​បែប​នេះ​នឹង​រិះគន់​ដល់​ពលរដ្ឋ​យើង​ថា​មិន​ចេះ​ការពារ ។ ប្រភព​បញ្ជាក់​ទៀត​ថា បើ​គេ​ក្រឡេក​មើលទៅ​ទិស​ខាងលិច​មើលទៅ​ភ្នំ​ក្នុង​ប្រទេស​ថៃ​គ្មាន​កន្លែង​ណាមួយ​ត្រូវ​បាន​ឈ្មួញ​ជីក​កកាយ​ដូច​ភ្នំ​នៅ​ក្នុង​ទឹកដី​ខេត្ត​នេះ​ឡើយ​ហើយ​ក៏​មាន​ទេសភាព​គួរ​ឱ្យ​ចង់​គយគន់​ផង​ដែរ ។ 

ចំណែក​ភ្ញៀវ​ទេសចរ​ដែល​ធ្វើ​ដំណើរ​ចេញចូល​មក​លេង​ប្រទេស​កម្ពុជា​តាម​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ​បាន​និយាយ​ថា ពួក​គេ​ពិតជា​មានការ​សោកស្តាយ ខណៈ​ឃើញ​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​អត់​ចេះ​ស្រឡាញ់​ធម្មជាតិ​ដែល​ជា​របស់​មាន​តម្លៃ​បំផុត​សម្រាប់​ជីវិត​របស់​មនុស្ស​សត្វ​គ្រប់​ប្រភេទ ។ ពួក​គេ​បន្ត​ទៀត​ថា នៅ​ថ្ងៃ​អនាគត​បើ​អស់​ព្រៃ​ភ្នំ​នោះ​នឹង​បង្ក​ឱ្យ​ក្លាយទៅជា គ្រោះ​ធម្មជាតិ​រាំង​ស្ងួត និង​ទឹកជំនន់​ជាក់​ជា​មិន​ខាន​ព្រោះ​អស់​ព្រៃឈើ​ដែល​តែងតែ​ផ្តល់​លំនឹង​អាកាសធាតុ​ឱ្យ​ក្លាយទៅជា​ប្រែប្រួល​អស់រលីង​រដូវប្រាំង​ហួតហែង រីឯ​រដូវវស្សា​វិញ​បែរ​ទៅ​ជា​គ្មាន​ភ្លៀង​ធ្លាក់ ៕