ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយ​គ្នា​ផ្អើល​ពេញ​ភូមិ​ផ្តួល​ម៉ូតូ​ចោល​រត់គេច​ខ្លួន

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ម៉ូតូ​ចំនួន​២​គ្រឿង​ត្រូវ​សមត្ថកិច្ច​ប៉ុស្តិ៍​យក​ទៅ​រក្សា​ទុក ខណៈ​ដែល​ម្ចាស់​ដេញ​វាយ​គ្នា​ផ្អើល​ពេញ​ភូមិ និង​បាន​ផ្តួល​ចោល​រួច​រត់គេច​ខ្លួន​អស់

រាជធានី​ភ្នំពេញ ៖ ម៉ូតូ​ចំនួន​២​គ្រឿង​ត្រូវ​សមត្ថកិច្ច​ប៉ុស្តិ៍​យក​ទៅ​រក្សា​ទុក ខណៈ​ដែល​ម្ចាស់​ដេញ​វាយ​គ្នា​ផ្អើល​ពេញ​ភូមិ និង​បាន​ផ្តួល​ចោល​រួច​រត់គេច​ខ្លួន​អស់ ។ ករណី​នេះ​បង្ក​ការ​ភ្ញាក់​ផ្អើ​កាលពី​ម៉ោង​៨​និង​៥០​នាទី​យប់ ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៧ នៅ​ខាងក្រោយ​បន្ទាយ​ទាហាន​៩១ ផ្លូវ​បេតុង ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ម្ចាស់​ម៉ូតូ​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​​ឡើយ​ដោយសារ​រត់គេច​ខ្លួន​បាត់​ស្រមោល​អស់ ។

បើ​តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​កើតហេតុ​មាន​ក្មេង​ស្ទាវ​២​ក្រុម​មាន​គ្នា​ជាង​១០​នាក់​បាន​ដេញ​វាយ និង​កាប់​គ្នា​ដោយ​ក្នុង​ដៃ​មាន​ដាវ ដំបង និង​ខ្សែ​ក្រ​វ៉ា​ត់ ដោយ​ដេញ​គ្នា​តាំងពី​ម្តុំ​រោងចក្រ​កាត់ដេ​សាន់​ស្កា​យ​នៅ​ក្បែរ​ផ្សារ​ព្រៃ​ទា​មក​ម្ល៉េះ ដោយ​ផ្អើល​ពេញ​ដងផ្លូវ​ក្នុងភូមិ​តែ​ម្តង ខណៈ​ដេញ​មក​ដល់​ចំណុច​ខាងលើ​ស្រាប់តែ​ឃើញ​ក្មេង​ស្ទាវ​ជា​ម្ចាស់​ម៉ូតូ​ទាំង​២​គ្រឿង​បាន​ផ្តួល​ម៉ូតូ​ចោល​ហើយ​រត់គេច​ខ្លួន​ដោយ​បន្សល់​ម៉ូតូ​ចំនួន​២​គ្រឿង​នៅ​កន្លែង​កើតហេតុ​ពេល​នោះ​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន​ឱ្យ​ចុះ​ទៅ​យក​ម៉ូតូ​ទាំង​២​គ្រឿង​យក​ទៅ​រក្សា​ទុក​តែ​ម្តង ។ ក្នុង​ករណី​ក្មេង​ទំនើង​២​ក្រុម​ខាងលើ​ដេញ​វាយ​កាប់​ចាក់​គ្នា​នេះ​យើង​នៅ​មិន​ទាន់​ដឹង​ថា មាន​របួស​ប៉ុន្មាន​នាក់​នៅឡើយ​ទេ ពីព្រោះ​ពេល​សមត្ថកិច្ច​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ខាងលើ​បន្សល់​ទុក​តែ​ម៉ូតូ​ចំនួន​២​គ្រឿង​ដែល​ផ្តួល​ចោល​នៅ​កណ្តាលផ្លូវ​ប៉ុណ្ណោះ ។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ម៉ូតូ​ដែល​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នេះ​ទី​១​ម៉ាក SUZUKI NEX ពណ៌​សលាយ​ផ្កាឈូក ពាក់​ស្លាក​លេខ ភ្នំពេញ 1CN-5790 និង​មួយ​គ្រឿង​ទៀត​ម៉ាក SUZUKI VIVA C125 ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 1AH-6323 ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគ​បាល​រដ្ឋបាល​ចោម​ចៅ ៕