រាជធានីភ្នំពេញ ៖ ក្រុមការងាររបស់ស្ថានីយទូរទស្សន៍ស៊ីធីអិន បានធ្វើឱ្យ«ក្តីប្រាថ្នារបស់លោក អិុត សេដ្ឋា»បានសម្រេចហើយ គឺក្តីប្រាថ្នាដែលមានផ្ទះសម្រាប់ កូនៗជ្រកកោន ។
មូលនិធិរបស់លោកអិុត សេដ្ឋា ដែលបង្កើតឡើងដោយក្រុមការងារស៊ីធីអិននោះប្រមូលប្រាក់បានប្រមាណជាង១២ម៉ឺនដុល្លារ ក្នុងនោះមួយផ្នែកបែងចែកសម្រាប់ទិញផ្ទះ និងមួយផ្នែកទៀតសម្រាប់កូនរបស់លោករៀនសូត្រ ។
បើយោងតាមហ្វេសប៊ុករបស់អ្នកនាងយុគ ចិន្តា ជាដៃគូពិធីករជាមួយលោកអិុត សេដ្ឋា ឱ្យដឹងកាលពីម្សិលមិញថា«បន្ទាប់ពីមានការប្រជុំជាមួយថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនCSBរួចរាល់ ព្រឹកនេះនាងខ្ញុំបាននាំអ្នកម្តាយរបស់លោកអិុត សេដ្ឋា ដើម្បីមកធ្វើកុងត្រាទិញផ្ទះ និងធ្វើការកក់ប្រាក់ដើម្បីទិញផ្ទះមួយល្វែងប្រគល់ជូនដល់ក្រុមគ្រួសារលោកអិុត សេដ្ឋា ដែលផ្ទះនេះជាផ្ទះដែលបានប្រមូលថវិកាពីសំណាក់រាជរាដ្ឋាភិបាល ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំនិងបុគ្គលិកនៃបណ្តាញស្ថានីយទូរទស្សន៍ស៊ីធីអិននិងបងប្អូនប្រជាជនខ្មែរទាំងនៅក្នុងប្រទេស និងក្រៅប្រទេសដែលបានជួយជ្រោមជ្រែង ។
នាងខ្ញុំបាននាំអ្នកម្តាយ និងកូនស្រីទៅមើលផ្ទះមួយល្វែងដែលជាក្តីប្រាថ្នារបស់គាត់មុនពេលចែកឋានទៅ គឺគាត់ចង់បានផ្ទះសម្រាប់ឱ្យ កូនៗនិងអ្នកម្តាយរស់នៅ» ។
អ្នករៀបចំកម្មវិធីកម្សាន្តប្រចាំស្ថានីយទូរទស្សន៍ស៊ីធីអិនលោកសុវណ្ណ រិទ្ធី ហៅលោកតា វិចទ័រ ឱ្យដឹងថា ក្រុមការងារសម្រេចដកប្រាក់ដែលទទួលបានពីសប្បុរសជននានាក្នុងចំនួន៧ម៉ឺនដុល្លារប៉ុណ្ណោះសម្រាប់ទិញផ្ទះជូនក្រុមគ្រួសាររបស់លោកអិុត សេដ្ឋា ចំណែកនៅសល់ប៉ុន្មានទៀតតម្កល់ទុកឱ្យ កូនៗរបស់លោកចាយវាយក្នុងរយៈពេល៨ឆ្នាំ ។
ផ្ទះដែលក្រុមការងារបានសម្រេចទិញឱ្យក្រុមគ្រួសារលោកអិុត សេដ្ឋា នោះមានទីតាំងនៅម្តុំឫស្សីកែវ ខណៈតម្លៃមិនលើសពី៧ម៉ឺនដុល្លារទេ ចំណែក៥ម៉ឺនទៀតទុកនៅធនាគារ ។ «លុយដែលយើងតម្កល់ទុកនោះគឺនឹងត្រូវបញ្ចេញក្នុងមួយខែម្តងសម្រាប់ក្រុមគ្រួសារ និង កូនៗរបស់លោកអិុត សេដ្ឋា ចាយវាយរហូតដល់ពួកគេធំ និងមានសមត្ថភាពក្នុងការរកលុយបានដោយខ្លួនឯង» ។
បើតាមលោកតាវិចទ័រ នៅក្នុងកម្រិតការសិក្សាថ្នាក់វិទ្យាល័យរបស់កូនលោកអិុត សេដ្ឋា នោះ គឺមិនបារម្ភពីការចំណាយឡើយ ដោយសារតែមានសាលាឯកជនចំនួន២បានផ្តល់ឱ្យពួកគេសិក្សាមិនបង់ថ្លៃ ។ ទោះជាយ៉ាងណាក្តីលុយដែលតម្កល់ទុកនៅធនាគារនោះគឺត្រូវតែមានភាពច្បាស់លាស់ សម្រាប់ការចំណាយ ផ្សេងៗនៅពេល កូនៗរបស់លោកអិុត សេដ្ឋា ឈានដល់ថ្នាក់មហាវិទ្យាល័យ ៕
ចែករំលែកព័តមាននេះ