ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្រ្តីជំនាញ ​រៀបចំទីក្រុងកំពត ជាទីក្រុង​ទេស​ចរណ៍​គ្មានផ្សែងបារី  

1 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកំពត៖ ​មន្ត្រីជាន់ខ្ពស់​ក្រសួងទេសចរណ៍ បានដឹកនាំ​កិច្ចប្រជុំ ស្តីពី ផែនការអនុវត្ត​គោលការណ៍​ណែនាំ ស្តីពី ការរៀបចំទីក្រុងកំពត ជាទីក្រុងទេសចរណ៍ គ្មានផ្សែងបារី។ កិច្ចប្រជុំនោះ​ចូលរួមពីលោក…

ខេត្តកំពត៖ ​មន្ត្រីជាន់ខ្ពស់​ក្រសួងទេសចរណ៍ បានដឹកនាំ​កិច្ចប្រជុំ ស្តីពី ផែនការអនុវត្ត​គោលការណ៍​ណែនាំ ស្តីពី ការរៀបចំទីក្រុងកំពត ជាទីក្រុងទេសចរណ៍ គ្មានផ្សែងបារី។ កិច្ចប្រជុំនោះ​ចូលរួមពីលោក លាង រឿនសុធី អភិបាលក្រុងកំពត និង​លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពត ផងដែរ។  

លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បាន​លើកទ្បើងថា កិច្ចប្រជុំ នាពេលនេះគឺ​មានគោលបំណង ជួយលើកកម្ពស់ការយល់ដឹង និងលើកទឹកចិត្តឲ្យមានការចូលរួមពី​គ្រប់ផ្នែក​ទាំងអស់ ដើម្បីការពារសុខុមាលភាពរបស់ប្រជាជន ភ្ញៀវទេសចរ ការពារ និងទប់ស្កាត់ ការរង​ផ្សែង ផលិតផលថ្នាំជក់ ដែលបង្កឲ្យមានហានិភ័យសុខភាពដល់​អ្នកនៅ​ជុំវិញ និងបរិស្ថាន​។

ទន្ទឹមនោះ កាត់​បន្ថយ​ផលប៉ះពា​ល់​ដល់សុខភាពសេដ្ឋកិច្ចសង្គម និងបរិស្ថាន ដែលបណ្តាលមក​ពី​ផលិតផលថ្នាំជក់ តាមរយៈ​ការផ្សព្វ​ផ្សា​យ និង​ការ​ជំរុញអនុវត្តច្បាប់ ស្តីពី ការត្រួតពិនិត្យ​ផលិត​ផល​ថ្នាំជក់ និងលិខិតបទដ្ឋានគតិយុត្តិនានា សេចក្តីណែនាំ ស្តីពី បរិស្ថាន គ្មានផ្សែងបារី ដល់ម្ចាស់​មូលដ្ឋាន អាជីវកម្មសេវាកម្មទេសចរណ៍ទូទាំងព្រះរាជាណាចក្រកម្ពុជា និងជា ពិសេស គឺជំរុញ​ទីក្រុងកំពត ជាទីក្រុងទេសចរណ៍​គ្មានផ្សែងបារី។    

លោកបន្តថា អ្វីដែលសំខាន់ទៀតនោះ កិច្ចប្រជុំ នឹងជួយទាញការចាប់អារម្មណ៍របស់យើង​ទាំងអស់គ្នា​ឲ្យមាន​ការយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការកសាងបរិស្ថានមួយ ដែលគ្មាន​ផ្សែងបារី ដើម្បីខេត្តកំពតរបស់យើង ក្លាយជាគោលដៅទេសចរណ៍ស្អាត បៃតង និងមាន​សុវត្ថិភាព និងជាគោលដៅនៃការរៀបចំព្រឹត្តិការណ៍ជាតិ និងអន្តរជាតិធំៗ ជាពិសេសពិធី​បុណ្យសមុទ្រ ដែលនឹងរៀបចំធ្វើជាម្ចាស់ផ្ទះនៅឆ្នាំបន្តបន្ទាប់តាមរង្វិលជុំ។    

លោករដ្ឋលេខាធិការ បានលើកទ្បើង​​ថា ដើម្បីជំរុញទីក្រុងកំពតជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី យើងត្រូវចូលរួមអនុវត្តតាមផែនការអនុវត្ត គោលការ​ណ៍ណែនាំស្តីពីការរៀបចំទីក្រុង​កំពតជា​ទីក្រុង​ទេសចរណ៍គ្មានផ្សែងបារី។    

លោក ហោ សារុន ក្នុងនាម​ក្រុមការងារបរិស្ថានគ្មានផ្សែងបារី ក្នុងវិស័យទេសចរណ៍ បានថ្លែង​អំណរគុណដល់ក្រុមការងាររបស់រដ្ឋបាលក្រុងកំពត សហភាព​សហព័ន្ធយុវជនកម្ពុជា ក្រុងកំពត និងសមត្ថកិច្ចពាក់ព័ន្ធ ដែលបាន​ចូល​រួមយ៉ាងសកម្មក្នុងការចុះបិទស្លាកសញ្ញា និងលើកផ្លាក​សញ្ញាស្តីពីការ ហាមជក់បារីនិងបារីអេឡិកត្រូនិក នៅតាមទីផ្សារ និងទីកន្លែងហាមឃាត់​ដទៃទៀតផងដែរ។    

​​​សូមបញ្ជាក់ផងដែរថា តាមផែនការ នៅខែក្រោយនេះ ក្រុមការងារបរិស្ថានគ្មានផ្សែងបារី ក្នុងវិស័យទេសចរណ៍ នឹង​វាយតម្លៃការអនុវត្តបរិស្ថានគ្មានផ្សែងបារី នៅតាមមូលដ្ឋាន​អាជីវកម្ម​សេវាកម្មទេសចរណ៍នានា ក្នុងក្រុងកំពត ដើម្បីរៀបចំបែបបទពេញលេញក្នុង​ការបញ្ចូលទីក្រុង​កំពត ជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី និងទទួលស្គាល់ ពីសម្ព័ន្ធត្រួតពិនិត្យថ្នាំជក់អាស៊ីអាគ្នេយ៍​ផងដែរ៕ សុខ សារ៉ាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ