ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​រិះរក​វិធានការ​កាត់​បន្ថយ​ការ​នាំ​ចេញ ដើម្បី​ទប់ស្កាត់​តម្លៃ​កៅស៊ូ​ធ្លាក់​ចុះ

6 ឆ្នាំ មុន

ប្រទេស​ថៃ ៖ ការ​កាត់​បន្ថយ​ការ​នាំ​ចេញ​កៅស៊ូ​ដោយ​ប្រទេស​ថៃ និង​ប្រទេស​អ្នក​ផលិត​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់ គឺ​ដើម្បី​ប្រឆាំង​នឹង​ការ​ធ្លាក់​ថ្លៃ​នៃ​ផលិតផល​កៅស៊ូ​លើ​ទីផ្សារ ។ បច្ចុប្បន្ន តម្លៃ​កៅស៊ូ​បាន​ធ្លាក់​ចុះ​ជា​ថ្មី​នៅ​លើ​ទីផ្សារ ហើយ

ប្រទេស​ថៃ ៖ ការ​កាត់​បន្ថយ​ការ​នាំ​ចេញ​កៅស៊ូ​ដោយ​ប្រទេស​ថៃ និង​ប្រទេស​អ្នក​ផលិត​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់ គឺ​ដើម្បី​ប្រឆាំង​នឹង​ការ​ធ្លាក់​ថ្លៃ​នៃ​ផលិតផល​កៅស៊ូ​លើ​ទីផ្សារ ។ បច្ចុប្បន្ន តម្លៃ​កៅស៊ូ​បាន​ធ្លាក់​ចុះ​ជា​ថ្មី​នៅ​លើ​ទីផ្សារ ហើយ​ភាគច្រើន​ត្រូវ​បាន​លក់​ដោយ​អ្នក​ដាំ​ផ្ទាល់​។

លោក Chaiyos Sincharoenkul ប្រធាន​សមាគម​កៅស៊ូ​ថៃ បាន​ចង្អុលបង្ហាញ​ថា សកម្មភាព​របស់​ក្រុម​ធំ​មួយ​កំពុង​តែ​បង្ក​ឱ្យ​តម្លៃ​កៅស៊ូ​ធ្លាក់​ចុះ ។ ក្រុម​នេះ​បាន​ទិញ​កៅស៊ូ​ចំនួន​៦​លាន​តោន​ជា​រៀងរាល់ថ្ងៃ​ក្នុង​ទីផ្សារ បើ​ទោះបីជា​ទិន្នផល​ពិភពលោក​មាន​ត្រឹមតែ​១២​លាន​តោន​ក៏​ដោយ ។ លោក​និយាយ​ថា ៖ « នេះ​គឺជា​ការ​ទិញ​បរិមាណ​កៅស៊ូ​ដ៏​ច្រើន​លើសលប់ ។ ប្រតិបត្តិ​ករ​ថៃ​គ្មាន​លុយ​គ្រប់គ្រាន់​ដើម្បី​ប្រឆាំង​នឹង​សកម្មភាព​នេះ​ទេ ហើយ​យើង​សង្ឃឹមថា រដ្ឋាភិបាល​ថៃ​អាច​ជួយ​អន្តរាគមន៍​បន្ថែម​ពីលើ​វិធានការ​ផ្តល់​ជំនួយ​សង្គ្រោះ​បន្ទាន់ » ។

លោកនាយក​រដ្ឋមន្ដ្រី Prayut Chan-o-cha  ឱ្យ​ដឹង​ថា កាលពី​ពេល​ថ្មី​ៗ​នេះ គណៈរដ្ឋមន្ត្រី​បាន​អនុម័ត​វិធានការ​ផ្តល់​ជំនួយ​ចំនួន​៤ ទៅ​ដល់​អ្នក​ដាំ​កៅស៊ូ ។ វិធានការ​ទាំងនេះ​ជា​ជំនួយ​បន្ថែម​លើ​ការ​ផ្តល់​ជំនួយ​ដែល​បាន​ប្រកាស​កាលពី​លើក​មុន ហើយ​ក្រសួងកសិកម្ម​នឹង​សហការ​ស្នើ​ឲ្យ​កសិករ​ដាំ​កៅស៊ូ​គ្រប់គ្រង​ផលិតកម្ម​របស់​ពួក​គេ​។

លោក​ថា ៖ « ក្នុង​រយៈពេល​២​ទៅ​៣​ថ្ងៃនេះ តម្លៃ​កៅស៊ូ​បាន​ប្រសើរ​ឡើង ។ រដ្ឋាភិបាល​បាន​និង​កំពុង​ព្យាយាម​ដោះស្រាយ​បញ្ហា​តម្លៃ​កៅស៊ូ​ចុះ​ទាប ។ តម្លៃ​កៅស៊ូ​នេះ គឺ​ស្រ​ដៀង​គ្នា​នឹង​ការ​ប្រែប្រួល​នៃ​តម្លៃ​ស្រូវ​ឡើង​ចុះ​ផង​ដែរ » ។

លោក Chaiyos នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អ្នក​ផលិត​កៅស៊ូ Sri Trang Agro-Industry ចង់​ឃើញ​រដ្ឋាភិបាល​ស្តា​កូតា​ជា​ថ្មី​សម្រាប់​ការ​នាំ​ចេញ​កៅស៊ូ ។ លោក​បន្ត​ថា ៖ « ដោយសារ​ថៃ​ជា​ប្រទេស​នាំ​ចេញ​កៅស៊ូ​ធំ​ជាងគេ​លើ​ពិភពលោក ការ​ដាក់​កូតា​សម្រាប់​នាំ​ចេញ​នៅ​ពេលវេលា​ត្រឹមត្រូវ នឹង​មាន​លក្ខណៈ​គ្រប់គ្រាន់​ដើម្បី​ជំរុញ​តម្លៃ​កៅស៊ូ​ជាស​កល » ។

កាលពី​ចុង​ខែមេសា គណៈកម្មការ​គោលនយោបាយ​កៅស៊ូ​ធម្មជាតិ បាន​យល់ព្រម​ពន្យារ​គម្រោង​ផ្ដល់​ប្រាក់​កម្ចី​ចំនួន​១០​លាន​បាត (​ប្រហែល​ជាង​២៩៤​លាន​ដុល្លារ​) ដល់​កសិករ​រហូត​ដល់​ថ្ងៃ​ទី​៣១ មីនា ឆ្នាំ​២០២០​។ គណៈកម្មការ​នេះ​ក៏​យល់ព្រម​គាំទ្រ​អ្នក​ដាំ​កៅស៊ូ​រយៈពេល​៩០​ថ្ងៃ​ទៀត និង​ប្រកាស​ពី​គម្រោង​អភិវឌ្ឍន៍​សមត្ថភាព​ស្ថាប័ន​កសិកម្ម ដើម្បី​សម្រេច​បាន​នូវ​ស្ថិរភាព​តម្លៃ​កៅស៊ូ ។ លើស​ពី​នេះ គណៈកម្មការ​នេះ​បាន​យល់ព្រម​ស្វែងរក​ការ​រក្សា​ស្ថិរភាព​តម្លៃ​កៅស៊ូ រហូត​ដល់​ថ្ងៃ​ទី​៣១ ឧសភា ឆ្នាំ​២០២០ ។

គម្រោង​ផ្តល់​ប្រាក់​កម្ចី​១០​ប៊ី​លាន​បាត​សម្រាប់​កសិករ រដ្ឋាភិបាល​នឹង​ផ្តល់​ការ​ឧបត្ថម្ភ​ធន​អត្រា​ការ​ប្រាក់​សម្រាប់​អ្នកចូលរួម​ក្នុង​គម្រោង​នេះ​មិន​លើស​ពី​៣% ជាមួយ​ការ​ខ្ចី​ច្រើន​បំផុត​ត្រឹម​៣០០​លាន​បាត (​ប្រហែល​ជាង​៨​លាន​ដុល្លារ​) ៕