ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ទំនើប​១​គ្រឿង​របស់​លោក​មេធាវី ត្រូវ​រថយន្ត​កូរ៉េ​ថយ​ប៉ះ​ទារ​សំណង​៥​ពាន់​ដុល្លារ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​កូរ៉េ​ដឹក​ទំនិញ​ធុន​មួយ​តោន​មួយ​គ្រឿង បាន​បើក​ថយ​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ក៏​បាន​ទៅ​បុក​នឹង​រថយន្ត​ស៊េរី​ទំនើប​ម៉ាក​ឡង់​គ្រី​ស័​រ​ដ៏​ថ្មី​មួយ​គ្រឿង

រាជធានី​ភ្នំពេញ ៖ រថយន្ត​កូរ៉េ​ដឹក​ទំនិញ​ធុន​មួយ​តោន​មួយ​គ្រឿង បាន​បើក​ថយ​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ក៏​បាន​ទៅ​បុក​នឹង​រថយន្ត​ស៊េរី​ទំនើប​ម៉ាក​ឡង់​គ្រី​ស័​រ​ដ៏​ថ្មី​មួយ​គ្រឿង របស់​លោក​មេធាវី​ម្នាក់ ដាក់​ចត​ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​នៅ​លើ​ចិញ្ចើម​ផ្លូវ​មុខ​ផ្ទះ​បណ្តាល​ឲ្យ​ក្រពឹត និង​ដាច់​មួយ​ឆ្នូត ទារ​សំណង​រហូត​ទៅ​ដល់​៥​ពាន់​ដុល្លារ​។ ហេតុការណ៍​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣ និង​៤៥​នាទី​ល្ងាច ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៧​នេះ នៅ​ចំណុច​ខាង​មុខ​ក្រុម​មេធាវី អន្តរជាតិ ខេ​ធី​អិ​ល ផ្ទះ​លេខ​៣១B ផ្លូវ​លេខ​៣៨៤ ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌចំការមន​។

 តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ លោក​មេធាវី​ម្នាក់​បាន​បើករថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង ម៉ាក​ឡង់​គ្រី​ស័​រ ព៌​ណ​ស ពាក់​ស្លាក​លេខ ភ្នំពេញ​២ AI-៦៦៥៧ មក​ចត​ទុក​ស្ងៀម​នៅ​ខាង​មុខ​ការិយាល័យ ក្រុម​មេធាវី អន្តរជាតិ ខេ​ធី​អិ​ម  របស់​ខ្លួន​រាប់​ម៉ោង​ទៅ​ហើយ​។ ក៏​ស្រាប់តែ​មាន​រថយន្ត​ដឹក​ទំនិញ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ធុន​មួយ​តោន ពណ៌​ខៀវ ពាក់​ស្លាក​លេខ ប​-០៨៩៦ មួយ​គ្រឿង បើកបរ​ដោយ​បុរស​វ័យ​ជាង​៤០​ឆ្នាំ​ម្នាក់ បើក​ថយ​ចេញពី​មុខ​ផ្ទះ​មួយ​កន្លែង​ដែល​នៅ​ក្បែរ​នោះ ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​មិន​បាន​មើល​ក្រោយ​ក៏​ទៅ​បុក​រថយន្ត​ម៉ាក​ឡង់​គ្រី​ស័​រ​នោះ បណ្តាល​ឲ្យ​ក្រពឹត និង​ដាច់​ផ្នែក​ខាងក្រោយ​មួយ​ឆ្នូត​តែ​ម្តង​។ ភ្លាម​ៗ​នោះ លោក​មេធាវី​ក៏​បាន​ចេញ​មក​មើល​រថយន្ត​របស់​គាត់ និង​ធ្វើការ​ទាមទារ​សំណង​រហូត​ទៅ​ដល់​ចំនួន​៥​ពាន់​ដុល្លារ ពី​បុរស​អ្នកបើកបរ​រថយន្ត​កូរ៉េ​ដឹក​ទំនិញ​បង្ក​នោះ តែ​ដោយ​ធ្វើការ​ដោះស្រាយ​មិន​ត្រូវ​គ្នា​ក៏​រយ​ការណ៍​ប្រាប់​កម្លាំង​មាន​សម្ថ​កិច្ច​មូលដ្ឋាន​ឲ្យ​ចុះ​មក​ធ្វើការ​វាស់វែង​រក​ខុស​ត្រូវ​។

នៅ​នឹង​កន្លែង​កើតហេតុ គេ​ក៏​បាន​សង្កេត​ឃើញ​ដែរ​ថា រថយន្ត​ស៊េរី​ទំនើប​ម៉ាក​ឡង់​គ្រី​ស័​រ​របស់​លោក​មេធាវី​នោះ គឺ​បាន​ចត​លើ​ផ្លូវ​បញ្ច្រាសទិស​នៅ​ខាងឆ្វេង​ដៃ ដោយ​មិន​បាន​ចត​ស្តាំ​ដៃ​ឲ្យ​បាន​ត្រឹមត្រូវ​ទៅ​តាម​ច្បាប់​ចរាចរណ៍​ឡើយ​។ ក្រោយ​ពេល​កើតហេតុ កម្លាំង​មាន​សម្ថ​កិច្ច​មូលដ្ឋាន​ខណ្ឌចំការមន ក៏​បាន​ចុះ​មក​ដល់​ធ្វើការ​វាស់វែង និង​យក​រថយន្ត​ទាំង​ពីរ​គ្រឿង​ដាក់​លើ​ចិញ្ចើម​ផ្លូវ​ឲ្យ​ធ្វើការ​ដោះស្រាយ​គ្នា ដោយ​ភាគី​លោក​មេធាវី​ម្ចាស់​រថយន្ត​ម៉ាក​ឡង់​គ្រី​ស័​រ​រង​គ្រោះ​បាន​ធ្វើការ​ទាមទារ​សំណង​រហូត​ទៅ​ដល់​ចំនួន​៥​ពាន់​ដុល្លារ និង​ធ្វើការ​ចរចា​គ្នា​អស់​រយៈពេល​រហូត​ទៅ​ដល់​ជាង​មួយ​ម៉ោង​ទើប​បញ្ចប់​ត្រឹមតែ​៩០០​ដុល្លារ​តែ​ប៉ុណ្ណោះ​៕