ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករ​ផ្សារ​គគីរ​រអ៊ូរទាំ រឿង​សំរាម​ស្អុយ​ជះក្លិន​ពេញ​ផ្សារ

6 ឆ្នាំ មុន

ខេត្តកណ្តាល ៖ ក្រុម​អាជីវករ​លក់ដូរ​នៅ​ក្នុង​ផ្សារ​គគីរ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល បាន​នាំ​គ្នា​រអ៊ូរទាំ​រឿង​បញ្ហា​គំនរ​សំរាម​ជះក្លិន​ស្អុយ​អសោច​ឆួល​ពេញ​ក្នុង​ផ្សារ​អង្គុយ​លក់ដូរ​ទ្រាំ​ស្ទើរ​ពុំ​បាន

ខេត្តកណ្តាល ៖ ក្រុម​អាជីវករ​លក់ដូរ​នៅ​ក្នុង​ផ្សារ​គគីរ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល បាន​នាំ​គ្នា​រអ៊ូរទាំ​រឿង​បញ្ហា​គំនរ​សំរាម​ជះក្លិន​ស្អុយ​អសោច​ឆួល​ពេញ​ក្នុង​ផ្សារ​អង្គុយ​លក់ដូរ​ទ្រាំ​ស្ទើរ​ពុំ​បាន ធ្វើ​ឲ្យ​ពួក​គាត់​មានការ​ព្រួយបារម្ភ​ពី​ការ​ប៉ះពាល់​ដល់​សុខភាព​ទៅ​ថ្ងៃ​មុខ​។ អាជីវករ​លើក​ឡើង​ថា ពួក​គាត់​បង់លុយ​ភាស៊ី​មិន​ដែល​អាក់ខាន​ម្តងណា​ទេ ចុះ​ហេតុ​អ្វី​បានជា​លោក​ប្រធាន​ផ្សារ ឈ្មោះ អ៊ិ​ន យ៉ុ​ម ប​ណ្តោ​ត បណ្តោយ ឲ្យ​កូនចៅ​ប្រមូល​សំរាម​យក​មក​ចាក់​គរ​ចោល​ដូច​ភ្នំ​នៅ​ខាងក្រោយ​ខ្នង​ពួក​គាត់​អង្គុយ​លក់ដូរ​ទៅ​វិញ​។

អាជីវករ​បន្ត​ថា បន្ទាប់​ពី​ចាក់​គរ​ចោល​គេ​ឃើញ​អ្នក​មក​ប្រមូល​យក​តែ​អា​ខាងលើ រីឯ​ខាងក្រោម​នៅ​សល់​ដដែល​ទុក​ចោល​រហូត​ទាល់តែ​រលេះរលួយ​មាន​ដង្កូវ​រងើម មើលទៅ​គួរ​ឲ្យ​ខ្ពើមរអើម​ជះក្លិន​ស្អុយ​អសោច មិន​ត្រឹមតែ​ឆួល​ពេញ​ក្នុង​ផ្សារ​ទេ សូ​ម្បី​តែ​អ្នក​នៅ​ខាងក្រៅ​ផ្សារ​ក៏​ទ្រាំ​ពុំ​ចង់បាន​ដែរ ជា​ពិសេស​ពេល​ហូប​បាយ​ម្តង​ៗ​ចង់​ក្អួតចង្អោរ​។ អាជីវករ​បញ្ជាក់​បន្ត​ថា នា​ពេល​មាន​ភ្លៀង​ធ្លាក់​ក្លិនស្អុយ​ជះ​ឆួល​កាន់តែ​ខ្លាំង​ស្ទើរតែ​ថប់ដង្ហើម ហើយ​កាក​សំណល់​សំរាម​ស្អុយរលួយ​បាន​ហូរ​លាយឡំ​ជាមួយ​ទឹកភ្លៀង​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹកស្ទឹង​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​រស់នៅ​អម​សងខាង​ស្ទឹង​កំពុង​ប្រើប្រាស់​ទឹកជា​ប្រចាំ​។ ពលរដ្ឋ​ជា​ច្រើន​រិះគន់​ថា​ចំណុច​នេះ​គឺជា​កន្លែង​កំពង់ចម្លង​ទូកដរ​ឆ្លង​សិស្សសាលា​តូច​ៗ និង​ពលរដ្ឋ​មក​ផ្សារ​ទិញ​ម្ហូបអាហារ​ព្រឹកល្ងាច​មិន​គួរ​ណា លោក អ៊ិ​ន ប្រធាន​ផ្សារ​យក​សំរាម​មក​ចាក់​គរ​នៅ​ទី​នេះ​សោះ​ដែល​វា​នាំ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ណាស់​សម្រាប់​សុខភាព​សិស្ស​តូច​ៗ​។

និយាយ​ទៅ​លោក អ៊ិ​ន យ៉ុ​ម​មិន​ដែល​ខ្វាយខ្វល់​គិតគូរ​ពី​បញ្ហា​អនាម័យ សោភ័ណ​ភាព​ក្នុង​ផ្សារ ឬ​ការ​ប៉ះពាល់​ដល់​សុខភាព​ពលរដ្ឋ​នោះ​ទេ គឺ​ដឹង​តែ​ពី​យក​លុយ​ធ្វើ​មានបាន​ខ្លួនឯង​ជា​ការ​ស្រេច ព្រោះ​រឿង​សំរាម​ក្នុង​ផ្សារ​គគីរ​នេះ​កើត​មាន​យូរ​ឆ្នាំ​ហើយ​មិន​ដែល​ឃើញ​អាជ្ញាធរ ឬ​មន្ត្រី​ជំនាញ​ណាមួយ​ដោះស្រាយ​ជូន​អាជីវករ និង​ពលរដ្ឋ​នោះ​ទេ​ទោះបី​ពួក​គាត់​សំណូមពរ​ច្រើន​លើក​ច្រើន​សារ​ទៅ​អាជ្ញាធរ​ក៏​ដោយ​។ ពាក់ព័ន្ធ​បញ្ហា​នេះ​អ្នក​យក​ព័​ត៌​យើង​មិន​អាច​ទំនាក់ទំនង​សូម​ការ​បំភ្លឺ​ពី​លោក អ៊ិ​ន យ៉ុ​ម ប្រធាន​ផ្សារ​បាន​ទេ​។ ចំណែក​លោក ឈុ​ន វណ្ណៈ​ប្រធាន​ការិយាល័យ​បរិស្ថាន​ស្រុក​កៀនស្វាយ ក៏​មិន​អាច​ទំនាក់ទំនង​បាន​ដែរ ព្រោះ​ទូរ​សព្ទ័​ចូល​មិន​មាន​ទទួល​៕