ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹង​ថា​ត្រូវ​ថ្នាំ​សណ្តំ​ឬ​ចាញ់បោក​គេ​បានជា​មាន​ក្រដាស​បញ្ចាំ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​មិនដឹង​ថា ចាញ់បោក​អ្នក​ណា​រឿង​អី​ឲ្យ​ពិតប្រាកដ​ទេ​បាន​យក​ម៉ូតូ​ទៅ​បញ្ចាំ​ចំនួន​៥៥០​ដុល្លារ​ហើយ​ត្រលប់​ទៅ​ផ្ទះ​វិញ​បាន​ប្រាប់​ប្រពន្ធ​ថា

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​មិនដឹង​ថា ចាញ់បោក​អ្នក​ណា​រឿង​អី​ឲ្យ​ពិតប្រាកដ​ទេ​បាន​យក​ម៉ូតូ​ទៅ​បញ្ចាំ​ចំនួន​៥៥០​ដុល្លារ​ហើយ​ត្រលប់​ទៅ​ផ្ទះ​វិញ​បាន​ប្រាប់​ប្រពន្ធ​ថា ត្រូវ​ថ្នាំ​សណ្តំ​អស់​ម៉ូតូ​មួយ​គ្រឿង​តែ​មាន​ក្រដាស​បញ្ចាំ​ម៉ូតូ​តម្លៃ​៥៥០​ដុល្លារ​នៅ​ក្នុង​ហោប៉ៅ​ខោ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​នៅ​វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០១៧ នៅ​ក្នុងផ្ទះ​ជួល​មួយ​កន្លែង​ម្ដុំ​ផ្សារ​ដី​ថ្មី  ភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹង​មាន​ជ័យ  ខណ្ឌមានជ័យ ។ ជន​រង​គ្រោះ​ដែល​អះអាង​ថា គេ​ដាក់​ថ្នាំ​សណ្តំ​យក​ម៉ូតូ​ទៅ​បញ្ចាំ​នោះ​មានឈ្មោះ មាង ឈុ​យ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ម្តុំ​ផ្សារ​ដី​ថ្មី សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ មាន​ប្រពន្ធ​ឈ្មោះ សាន ច​ន្នី អាយុ​២០​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ​ស្នាក់​នៅ​ជាមួយ​គ្នា មានស្រុក​កំណើត​នៅ​ភូមិ​ត្រពាំង​ជ័រ ឃុំ​ម្រាម ស្រុក​រមាស​ហែក ខេត្តស្វាយរៀង ។ ចំណែក​ម៉ូតូ​ដែល​ថា គេ​ដាក់​ថ្នាំ​យក​ទៅ​បញ្ចាំ​គឺ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៤ ពាក់​ស្លាក​លេខ ស្វាយ​រៀង 1G-3530 ។

តាម​សម្ដី​បុរស​ដែល​ថា ត្រូវ​ថ្នាំ​សណ្ដំ​របស់​គេ​បានឱ្យ​ដឹង​ថា នៅ​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​២១ ខែមិថុនា រូប​គាត់​បាន​ជិះ​ម៉ូតូ​ចេញពី​បន្ទប់​ជួល​ដើម្បី​ដើរ​រក​ការងារ​ធ្វើ​តាម​រោងចក្រ លុះ​ពេល​ម៉ោង​៩​ព្រឹក​ថ្ងៃ​ដដែល​រូប​គាត់​ទៅ​រក​ការងារ​នៅ​ម្ដុំ​ផ្សារ​ដី​ហុយ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ក៏​ស្រាប់តែ​បុរស​ម្នាក់​ដែល​មិន​ធ្លាប់​ស្គាល់គ្នា​សោះ​បាន​យក​កាហ្វេ​មួយ​ថង់​ឱ្យ​គាត់​ផឹក លុះ​ពេល​គាត់​ផឹក​កាហ្វេ​រួច​ហើយ​ស្រាប់តែ​រូប​គាត់​លែង​ដឹង​អ្វី​ទាំងអស់ គ្រាន់តែ​ដឹង​ថា​មាន​បុរស​ម្នាក់​ដែល​ឱ្យ​កាហ្វេ​គាត់​ហូប​បាន​ឌុ​ប​គាត់​ទៅ​ម្តុំ​ស្តុ​ប​ទេព​ផ​ន​ក្រៅពី​នោះ​គាត់​លែង​ដឹង​អ្វី​ទាំងអស់ ។ នៅ​ពេល​ដែល​រូប​គាត់​បានដឹង​ខ្លួន​វិញ​ស្រាប់តែ​រូប​គាត់​បាន​អង្គុយ​នៅ​ក្រោម​ដើមឈើ​មួយ​កន្លែង តែ​មិនដឹង​នៅ​ទីណា​នោះ​ទេ​រីឯ​ម៉ូតូ​បាត់​ហើយ តែ​នៅ​ក្នុង​ហោប៉ៅ​មាន​សំបុត្រ​បញ្ចាំ​ម៉ូតូ​មួយ​សន្លឹក​ដែល​ស្នាម​មេដៃ​របស់​គាត់​បាន​បញ្ចាំ​ម៉ូតូ យក​ប្រាក់​ចំនួន​៥៥០​ដុល្លារ ។ បន្ទាប់​មក​រូប​គាត់​បាន​ហៅ​ម៉ូតូ​ឱ្យ​ជូន​រូប​គាត់​ទៅ​ផ្ទះ​វិញ​ឱ្យ​ប្រពន្ធ​មើល​ក្រដាស​បញ្ចាំ​ម៉ូតូ​នោះ ប្រពន្ធ​គ្រាន់តែ​ឃើញ​ក្រដាស​នោះ​គិតតែ​ពី​អង្គុយ​យំ​ឱប​ប្តី  ។ 

ក្រោយ​ពី​ដឹង​រឿង​នេះ​ហើយ​រូប​គាត់​ព្រមទាំង​ប្រពន្ធ​បាន​នាំ​គ្នា​ទៅ​នគរបាល​ប៉ុស្តិ៍​ស្ទឹង​មាន​ជ័យ​លុះ​ពេល​នគរបាល​ប៉ុស្តិ៍​ស្ទឹង​មាន​ជ័យ​សាកសួរ​ពី​ដំណើររឿង​ទៅ​ហាក់បីដូចជា​មិន​ស៊ីសង្វាក់​គ្នា​នឹង​រឿង​នេះ​សោះ ពីព្រោះ​បុរស​ដែល​ថា​ត្រូវ​ថ្នាំ​មាន​សភាព​មាំទាំ​ធម្មតា​មិន​ដូច​ជា​អ្នក​ដែល​ត្រូវ​ថ្នាំ​សណ្តំ​ដទៃ​សោះ បន្ទាប់​ពី​សាកសួរ​ដឹង​ថា​មិនមែន​ជា​ករណី​កើតឡើង​នៅ​ខណ្ឌមានជ័យ​នោះ​ទេ​គឺ​នៅ​ខណ្ឌទួលគោក​ដូច្នេះ​ហើយ​នគរបាល​ប៉ុស្តិ៍​ស្ទឹង​មាន​ជ័យ​បានឱ្យ​ជន​រង​គ្រោះ​ទៅ​ពាក្យបណ្តឹង​នៅ​ខណ្ឌទួលគោក​តែ​ពេល​ជន​រង​គ្រោះ​មិន​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ខណ្ឌទួលគោក​នោះ​ទេ សុខចិត្ត​ទូរស័ព្ទ​ឱ្យ​អ្នក​បងប្អូន​នៅ​ស្រុក​កំណើត​លក់​មាស​យក​លុយ​មក​លោះ​ម៉ូតូ​វិញ ។ ជុំវិញ​ករណី​ខាងលើ​នេះ​សមត្ថកិច្ច​សង្ស័យ​ថា មិនមែន​ត្រូវ​ថ្នាំ​សណ្តំ​ទេ សង្ស័យ​ថា​ជា​ករណី​ចាញ់បោក​គេ​ហើយ​យក​ម៉ូតូ​ទៅ​បញ្ចាំ ព្រោះ​នៅ​ជាប់​នឹង​ខ្លួន​មាន​ក្រដាស​បញ្ចាំ​ម៉ូតូ​ដែល​មាន​ស្នាម​មេដៃ​របស់​ម្ចាស់​ម៉ូតូ​នៅ​លើ​ក្រដាស​បញ្ចាំ​ម៉ូតូ ៕