ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​ម្នាក់​តាំងពី​បាតដៃ​ទទេ ក្លាយជា​អ្នក​ច្នៃ​ម៉ូតូ​អាជីព

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជា​ទូទៅ​មនុស្ស​ភាគច្រើន​គិត​ថា រថយន្ដ ម៉ូតូ ឬ​សម្ភារ​ផ្សេង​ៗ​ដែល​ដំណើរការ​ដោយ​ម៉ាស៊ីន វា​តែង​អស់​តម្លៃ​បន្តិច​នៅ​ពេល​ដែល​គេ​ប្រើប្រាស់​យូរ​ឆ្នាំ ។ ខុស​ប្លែក​ពី​អ្នក​ដទៃ យុវជន​ម្នាក់​ដែល​សព្វថ្ងៃ​មាន​

រាជធានី​ភ្នំពេញ ៖ ជា​ទូទៅ​មនុស្ស​ភាគច្រើន​គិត​ថា រថយន្ដ ម៉ូតូ ឬ​សម្ភារ​ផ្សេង​ៗ​ដែល​ដំណើរការ​ដោយ​ម៉ាស៊ីន វា​តែង​អស់​តម្លៃ​បន្តិច​នៅ​ពេល​ដែល​គេ​ប្រើប្រាស់​យូរ​ឆ្នាំ ។ ខុស​ប្លែក​ពី​អ្នក​ដទៃ យុវជន​ម្នាក់​ដែល​សព្វថ្ងៃ​មាន​អាជីព​ជា​អ្នក​កែ​ច្នៃ​ម៉ូ​ដ​ម៉ូតូ បែរជា​មានគំនិត​ថា ម៉ូតូ​ចាស់​ៗ​មានគុណ​សម្បត្តិ​ច្រើន​ជាង​ម៉ូតូ​ថ្មី​ទៅ​វិញ ។ ហេតុ​អ្វី​បានជា​យុវជន​រូប​នេះ​យល់​ឃើញ​បែប​នេះ ?

កំពុង​អង្គុយ​ច្នៃ​ម៉ូតូ​បណ្ដើរ និយាយ​បណ្ដើរ យុវជន ម៉ៃ ឃុន​ឧត្តម​វិ​សា បាន​រៀបរាប់​ថា ជា​ធម្មតា​ជាង​ជួសជុល​តែង​និយាយ​ថា ការ​បោះ​របស់​ខូច​ៗ​ចោល​គឺជា​រឿង​ខ្ជះខ្ជាយ​បំផុត ក្នុង​នាម​ជា​ជាង​ជួសជុល​ម្នាក់ យើង​ត្រូវ​ជួសជុល​ឲ្យ​អស់ពី​សមត្ថភាព និង​សង្គ្រោះ​វា​ឲ្យ​បាន មិន​ថា​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ ។ ដូច​គ្នា​នេះ​ដែរ ក្នុង​នាម​ជា​អ្នក​កែ​ច្នៃ​ម៉ូតូ​មួយ​រូប យុវជន​រូប​នេះ​មាន​ចំណាប់អារម្មណ៍​ខ្ពស់​ទៅ​លើ​ការ​ប្រមូល​យក​ម៉ូតូ​ចាស់​ៗ​មក​កែ​ច្នៃ ផ្លាស់​ប្តូរ​គ្រឿងបន្លាស់ ម៉ាស៊ីន និង​បាញ់​ពណ៌​ថ្មី​ជាដើម ។ ការ​ច្នៃ​ពី​ម៉ូតូ​មួយ​គ្រឿង​ដែល​គ្មាន​អ្នក​ត្រូវការ យុវជន​វិ​សាបាន​ផ្លាស់​ប្តូរ​វា​ឲ្យ​ទៅ​ជា​ម៉ូតូ​ថ្មី​សន្លាង មាន​រូបរាង​ប្លែក​សង្ហារ ជាមួយ​គុណភាព​កម្លាំង​ម៉ាស៊ីន​ខ្លាំង​ល្អ មិន​ចាញ់​ម៉ូតូ​ថ្មី​ឡើយ ។

ដោយសារ​តែ​មានបទពិសោធន៍​ច្រើន​ជាមួយនឹង​ការ​កែ​ច្នៃ​ម៉ូតូ គួប​ផ្សំ​នឹង​ទឹកចិត្ត​ស្រឡាញ់ ក៏​ដូច​ជា​ទេព​កោសល្យ​ពី​កំណើត​ផង​នោះ យុវជន​រូប​នេះ​បាន​ចាប់ផ្តើម​តាំងពី​បាតដៃ​ទទេ រហូត​ក្លាយជា​ម្ចាស់​លើ​អាជីវកម្ម​កែ​ច្នៃ​ម៉ូតូ​មួយ​កន្លែង ដែល​មា​នទី​តាំងនៅ​ខណ្ឌទួលគោក ក្រោម​ស្លាក​យីហោ​មានឈ្មោះ​ថា «Home Workshop» ។

វិ​សា មិន​ដែល​នឹក​ស្មាន​ដល់​ទេ​ថា​ខ្លួនឯង​នឹង​អាច​ចាប់​យក​អាជីព​នេះ ព្រោះ​អ្វី​ៗ​ទាំងអស់​គឺ​ផ្តើម​ចេញ​មក​ពី​គំនិត​មួយ​ដែល​ស្រឡាញ់​ពី​ធម្មជាតិ​តែ​ប៉ុណ្ណោះ ។

អ្នក​កែ​ច្នៃ​ម៉ូតូ​ដែល​មានឈ្មោះ​បោះ​សំឡេង​ក្នុង​វិស័យ​អ្នកលេង​ម៉ូ​ដ​ម៉ូតូ​រូប​នេះ​បាន​រៀបរាប់​ថា កាលពី​នៅ​តូច រូបគេ​មាន​តែ​កង់​មួយ​ប៉ុណ្ណោះ ប៉ុន្តែ​ដោយសារ​តែ​ចំណូលចិត្ត​ស្រឡាញ់​ពី​ធម្មជាតិ និង​ការ​ផ្សងព្រេង វិ​សាបាន​ដាក់​សំណួរ​សួរ​ខ្លួនឯង​ថា ៖« តើ​ធ្វើ​បែប​ណា​ទើប​អាច​ធ្វើ​ដំណើរ​ទៅ​កន្លែង​ឆ្ងាយ​ៗ​បាន ? »

ចម្លើយ​នោះ​គឺ ៖ « ចុះបើ​ខ្ញុំ​មាន​ម៉ូតូ​មួយ ?​» ។ គ្រានោះ​ហើយ​គឺជា​ពេល​ដែល​វិ​សាចាប់​ផ្តើម​ច​ផ្ដោតអារម្មណ៍​ទៅ​លើ​ម៉ូតូ និង​យល់​ឃើញ​ថា បើ​ចង់​ឲ្យ​ម៉ូតូ​ជូន​យើង​ទៅ​កន្លែង​ឆ្ងាយ​ៗ​បាន​ដោយ​ទំនុកចិត្ត គឺ​យើង​ត្រូវ​តែ​ចេះ​ពី​វិធី​ជួសជុល​វា ជៀសវាង​ខូច​តាម​ផ្លូវ ចង់​បន្តដំណើរ​ទៅ​ណា​ទៀត ក៏​មិនកើត ។

ដូច​អ្វី​ដែល​យុវជន​រូប​នេះ​បាន​គិត ក្រោយ​ពេល​មាន​ម៉ូតូ​ហើយ វិ​សា​ចេះ​តែ​ចង់​កែ​ច្នៃ​លេង​ម៉ូ​ដ​ដោយ​ដំឡើង​នេះ​ដំឡើង​នោះ និង​កែ​ច្នៃ​រូបរាង​ដើម​របស់​វា​បន្តិច​ម្តង​ៗ ដោយ​ប្រើប្រាស់​លុយ​សន្សំ​ជា​របប​ចាយវាយ​បាន​ពី​ឪពុក​ម្តាយ ។

គ្រា​ដំបូង ដោយ​ឃើញ​កូនប្រុស​មាន​ចំណង់​ចំណូលចិត្ត​បែប​នេះ ម្តាយ​ឪពុក​របស់​វិ​សា​ហាក់​មិន​សប្បាយចិត្ត​សោះ គាត់​ចង់​ឲ្យ​កូនប្រុស​ទៅ​ថ្ងៃ​មុខ ចូល​ធ្វើការ​នៅ​ការិយាល័យ ត្រជាក់ចិត្ត​ត្រជាក់​កាយ មិនមែន​មក​ប្រឡូកប្រឡាក់​ដៃជើង​នឹង​ប្រេងម៉ាស៊ីន​បែប​នេះ​ឡើយ ។

ប៉ុន្តែ​ការ​ហាមឃាត់ មិន​អាច​យកឈ្នះ​លើ​ចំណង់​ចំណូលចិត្ត និង​ទេព​កោសល្យ​ដែល​មាន​ពី​កំណើត​របស់​វិ​សាបាន​ឡើយ ទើប​ចុង​ក្រោយ​ឪពុក​របស់​វិ​សាបាន​ផ្តល់​ជា​ដំបូន្មាន​ថា ៖« បើ​កូន​ចង់​លេង​វា ត្រូវ​លេង​របៀប​ចំណេញ និង​ទាញ​ផល​ពី​វា »​។ ពាក្យពេចន៍​នេះ​បាន​លើកទឹកចិត្ត​ឲ្យ​វិ​សា​ចេះ​ចាប់​យក​ប្រាក់​ចំណូល​ពី​ការ​កែ​ច្នៃ​ម៉ូតូ និង​ក្លាយទៅជា​ម្ចាស់​ហាង Home Workshop ដែល​បាន​ឈរជើង​អស់​រយៈពេល ១៣​ឆ្នាំ​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ។

វិ​សា​រំលឹក​ថា ពេល​នោះ​រូបគេ​ផ្ទាល់​មិន​មាន​សមត្ថភាព​បើក​ជា​ហាង​អ្វី​ទេ ព្រោះ​ក្រុម​គ្រួសារ​មិនសូវ​ពេញចិត្ត ម្យ៉ាង​គ្មាន​ដើមទុន​ផង​។ ដោយសារ​តែ​មាន​មិត្តភក្តិ ឬ​អ្នក​ស្គាល់គ្នា​មួយ​ចំនួន​ទាក់ចិត្ត​ទៅ​លើ​ម៉ូ​ដ​ម៉ូតូ​ដែល​ខ្លួន​កំពុង​តែ​ជិះ​នា​ពេល​នោះ ពួក​គេ​ក៏​ចាប់ផ្តើម​ទុកចិត្ត​ចង់​ឲ្យ​រូបគេ​ជួយ​លេង​ម៉ូ​ដ​ម៉ូតូ​ឲ្យ​ដែរ ។ ពេល​នោះ ជា​ឱកាស​បាន​ឲ្យ​រូបគេ​រក​ប្រាក់​ចំណេញ​បាន​ខ្លះ​ពី​អ្នក​ទាំងនោះ ប៉ុន្ដែ​វា​បាន​ត្រឹម​បន្តិចបន្តួច​ប៉ុណ្ណោះ មិន​ច្រើន​ជា​ដុំ​កំភួន​អ្វី​ទេ ។

វិ​សាបាន​សន្សំ​ប្រាក់​ទាំងនោះ​ទុក​រហូត​ដល់​មាន​សមត្ថភាព​រៀបចំ​ហាង​ឲ្យ​មាន​ទីតាំង​មួយ​ជាក់លាក់​រហូត​មក​ដល់​បច្ចុប្បន្ន ។ យ៉ាងណាមិញ ចំពោះ​វិ​សា​ផ្ទាល់ មិន​ដែល​ចាត់​ទុក Home Workshop​ជា​ហាង​មួយ ហើយ​រឹតតែ​មិន​ចង់​ឲ្យ​គេ​ចាត់​ទុក​ខ្លួន​ជា​ម្ចាស់​ហាង​ឡើយ តែ​ចង់​ឲ្យ​មនុស្ស​គ្រប់​គ្នា​ចាត់​ទុក​ថា Home Workshop គឺជា​ផ្ទះ​របស់​អ្នក​ស្រឡាញ់​ការ​កែ​ច្នៃ​ម៉ូតូ ដែល​គ្រប់​គ្នា​អាច​មក​ជួបជុំ​លេង​ម៉ូ​ដ​នៅ​ទី​នេះ​បាន ៕