ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​នេះ​ល្ង​ថោក​ហួស អ្នកចម្ការ​អំពាវនាវ​ក្រសួង​ពាក់ព័ន្ធ និង​រាជរដ្ឋាភិបាល​ជួយ​រក​ទីផ្សារ

6 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ រូបថត​ប៉ុន្មាន​សន្លឹក​ត្រូវ​បាន​ប្រជាពលរដ្ឋ រស់នៅ​ឃុំ​ផ្លូវ ទូក​ស្រុក​កំពង់លែង បាន​ផ្ញើ​មក​កោះសន្តិភាព​ដោយ បាន​រៀបរាប់​ពី​ទុក្ខ​លំបាក​និង​ក្តី​កង្វល់​របស់​ពួក​គាត់

ខេត្តកំពង់ឆ្នាំង ៖ រូបថត​ប៉ុន្មាន​សន្លឹក​ត្រូវ​បាន​ប្រជាពលរដ្ឋ រស់នៅ​ឃុំ​ផ្លូវ ទូក​ស្រុក​កំពង់លែង បាន​ផ្ញើ​មក​កោះសន្តិភាព​ដោយ បាន​រៀបរាប់​ពី​ទុក្ខ​លំបាក​និង​ក្តី​កង្វល់​របស់​ពួក​គាត់ ចំពោះ​ដំណាំ​ល្ង ដែល​ឆ្នាំ​នេះ​ធ្វើ​បាន​ផល​ច្រើន ហើយ​តែ​គ្មាន​ទីផ្សារ ធ្វើ​ឲ្យ​តម្លៃ​ថោក​ហួសការ​ស្មាន និង​ស្នើ​សុំ​ប្រមុខ​រាជរដ្ឋាភិបាល​ជួយ​រក​ទីផ្សារ​ផង ព្រោះ​អ្នកចម្ការ​ស្ទើរ​ស្រែកយំ​គ្រប់​គ្នា​។ ស្ត្រី​ម្នាក់​ឈ្មោះ បឿន ចាន់​ធី រស់នៅ​ភូមិ​ពាម​ខ្នង ឃុំ​ផ្លូវ​ទូក ស្រុក​កំពង់លែង បាន​រៀបរាប់​ថា ឆ្នាំ​នេះ​ចម្ការ​ល្ង​គាត់​បាន​ផល​ច្រើន​ណាស់ ប៉ុន្តែ​តម្លៃ​ល្ង​បាន​ចុះថោក​ហួសការ​ស្មាន ដោយ​ក្នុង​១​គីឡូក្រាម​លក់​បាន​តែ​២៥០០​រៀល​ប៉ុណ្ណោះ ខុស​ពី​ឆ្នាំ​មុន​លក់​បាន​៧​ទៅ​៨​ពាន់​រៀល​។

គាត់​ថា ឆ្នាំ​នេះ​គាត់​យក​ប្រាក់​ពី​ធនាគារ​ផង មីក្រូហិរញ្ញវត្ថុ​ផង មាន​ទឹកប្រាក់​ច្រើន​ណាស់ មិនដឹង​សង្ឃឹម​អ្វី យក​ប្រាក់​សង​គេ​ទេ បើ​ល្ង​ថោក​ម្លឹ​ង​ៗ ម្នាក់​ៗ​ស្ទើរ​ស្រែកយំ​ហើយ​។  រួប​គាត់​ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​ឃុំ​ផ្លូវ​ទូក សូម​អំពាវនាវ​ដល់​គ្រប់​ស្ថាប័ន ពិសេស​ប្រមុខ​រាជរដ្ឋាភិបាល សូម​មេ​ត្ត​ជួយ​រក​ទីផ្សារ​ល្ង​ឲ្យ​ពួក​គាត់​ផង  ព្រោះ​ពេល​នេះ​ម្នាក់​ៗ​បាន​ជំពាក់​គេ​គ្រប់​ៗ​គ្នា​។

ជុំវិញ​បញ្ហា​នេះ​ដែរ លោក ងិ​ន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ថា ទីផ្សារ​សព្វថ្ងៃ​ពិតជា​ជួប​ការ​លំបាក​ខ្លាំង មិន​ថា​តែ​នៅ​កម្ពុជា​ទេ វា​ទូ​ទាំង​សកលលោក​ហើយ​។ ក្រសួងកសិកម្ម​បាន​បង្កើត​ឲ្យ​មាន​គណៈកម្មការ​ថ្នាក់​ខេត្ត សម្រាប់​ដោះស្រាយ​បញ្ហា​ប្រជាពលរដ្ឋ លោក​លំបាក រក​ទីផ្សារ​មាន​ស្រូវ អង្ករ និង​ដំណាំ​ផ្សេង​ៗ​ជា​ច្រើន ហើយ​បើ​តាម​គម្រោង​នេះ​នឹង​ប្រើ​ថវិកា​រហូត​ដល់​ជាង​៦០​លាន​ដុល្លា​ឯណោះ តែ​ធ្វើ​ម៉េច​បើ​ពេល​នេះ​មិន​ទាន់​ដំណើរការ​។

សូម​បញ្ជាក់​ដែរ​ថា តាម​ប្រជាពលរដ្ឋ នៅ​ភូមិ​ឃុំ​ខាងលើ​បាន​ឲ្យ​ដំណឹង​បន្ថែម​ថា ពេល​នេះ​ទឹកទន្លេ​បាន​ឡើង​លិច​ខ្នង​កោះ​ជា​បណ្តើរ​ៗ​ហើយ ចំណែក​ដើម​ល្ង ខ្លះ​បាន​លិច​ទឹក​ស្អុយរលួយ​ប្រមូល​ផល​លែង​បាន   ខ្លះ​ទៀត​ទឹក​មិន​ទាន់​លិច​ដល់​មែន តែ​វា​បាន​ទុំ​ជ្រុល​ផ្ទុះ​បែក​ផ្លែ​ធ្លាក់​គ្រាប់​ទៅ​ដី​អស់ហើយ នេះ​ដោយសារ​តែ​តម្លៃ​ល្ង​ថោក​ពេក កសិករ​អស់កម្លាំង​ចិត្ត​ច្រូតកាត់​ប្រមូល​ផល និង​មួយ​ផ្នែក​ទៀត លំបាក​ក្នុង​ការ​ដឹក​ជញ្ជូន​។ ពួក​គាត់​បាន​សង្កត់ធ្ងន់​ថា អ្នកចម្ការ​ឆ្នាំ​នេះ​ពិតជា​លំបាក​ហើយ​ជំពាក់​គេ​វ័ណ្ឌក​ទៀត​៕