ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះ​ទៅ​ជួយ​លើកទឹកចិត្ត​ក្រុម​U17​កម្ពុជា​ជួប​U17​វៀតណាម​នៅ​ស្តា​ត​អូ​ឡាំ​ពិ​ក​ទាំងអស់​គ្នា​!

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​ក្រោម​អាយុ​១៧​ឆ្នាំ (U17) កម្ពុជា បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​ដើម្បី​ទទួលភ្ញៀវ​ក្រុមបាល់ទាត់​ជម្រើសជាតិ​ក្រោម​អាយុ​១៧​ឆ្នាំ​(U17)​វៀតណាម

រាជធានី​ភ្នំពេញ ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​ក្រោម​អាយុ​១៧​ឆ្នាំ (U17) កម្ពុជា បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​ដើម្បី​ទទួលភ្ញៀវ​ក្រុមបាល់ទាត់​ជម្រើសជាតិ​ក្រោម​អាយុ​១៧​ឆ្នាំ​(U17)​វៀតណាម​ក្នុង​ជំនួប​មិត្តភាព​អន្តរជាតិ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២១ មិថុនា នេះ ដោយ​មាន​ផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​បាយ័ន​ព័ត៌មាន (BTV News)​ខណៈ​ប្រទេស​ទាំង​២​បាន​យក​ការ​ប្រកួត​មិត្តភាព​នេះ​ដើម្បី​រំលឹក​ដល់​ខួប​ទំនាក់ទំនង​ការទូត​៥០​ឆ្នាំ​របស់​ខ្លួន ។

តាម​ប្រភព​ព័ត៌មាន​ពី​បញ្ជរ​លក់​សំបុត្រ​នៅ​មុខ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​កាលពី​ព្រឹក​ថ្ងៃ​ទី​២០ មិថុនា ឱ្យ​ដឹង​ថា សម្រាប់​សំបុត្រ​ដែល​ចាប់ផ្តើម​លក់​តាំងពី​ថ្ងៃ​ទី​១៦ មិថុនា ទាំង​ប្រភេទ​១​តម្លៃ​១០.០០០​រៀល និង​ប្រភេទ​២​តម្លៃ​៥.០០០​រៀល រហូត​មក​ដល់​ពេល​នេះ​បាន​ប្រមាណ​តែ​៥០​ភាគរយ​ប៉ុណ្ណោះ​ដោយសារ​ការ​ប្រកួត​របស់​ក្រុម​ឈុត​តូច​មិនសូវ​មានការ​ចាប់អារម្មណ៍​ដូច​ក្រុម​ឈុត​ធំ ។ ដូច្នេះ​សូម​រួសរាន់​ទៅ​ទិញ​សំបុត្រ​ចូល​ទស្សនា​ផ្ទាល់​ទាំងអស់​គ្នា​ដើម្បី​ជួយ​លើកទឹកចិត្ត​ដល់​ក្រុម​U17​កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​លោក​Kazunori Inoue ដែល​ជា​គ្រូបង្វឹក​ជនជាតិ​ជប៉ុន​ឱ្យ​កាន់តែ​មាន​កម្លាំង​តតាំង​នឹង​ក្រុម​U17​វៀតណាម​ដែល​ជា​ក្រុម​ខ្លាំង​មួយ​នៅ​ក្នុង​តំបន់​អាស៊ាន ។

លោក ឆាំង ពិសិដ្ឋ មន្ត្រី​សហព័ន្ធ​កីឡា​បាល់ ទាត់​កម្ពុជា​បានឱ្យ​ដឹង​ថា នេះ​គឺជា​លើក​ទី​១​ដែល​ប្រទេស​ទាំង​២​មានការ​ព្រមព្រៀង​គ្នា​បង្កើត​ឱ្យ​មាន​ព្រឹត្តិការណ៍​នៃ​ការ​ប្រកួត​បែប​នេះ​ឡើង​។ កន្លង​មក ក្រុម​ឈុត​តូច​ប្រទេស​ទាំង​ពីរ​គឺ​ក្រុម​U16​កម្ពុជា ធ្លាប់​ប្រកួត​មិត្តភាព​ធម្មតា​ជាមួយ​ក្រុម​U16​វៀតណាម ប៉ុន្តែ​កម្ពុជា​យើង​មិន​ដែល​ឈ្នះ​ទេ ដូច្នេះ​ចាំ​មើល​លើក​នេះ​តើ​ក្រុម​U17​កម្ពុជា​អាច​គេច​ផុត​ពី​គន្លង​របស់​ក្រុម​សិស្ស​ប្អូន​ខ្លួន​ឬ​យ៉ាងណា សូម​រង់ចាំ​មើល​ទាំងអស់​គ្នា​។ លោក Phan The Hieu គ្រូបង្វឹក​ក្រុម​U17​វៀតណាម​បានឱ្យ​ដឹង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ព្រឹក​ថ្ងៃ​ទី​២០ មិថុនា ថា ការ​ប្រកួត​លើក​នេះ​ចាញ់​-​ឈ្នះ​មិន​សំខាន់​ទេ អ្វី​ដែល​សំខាន់​គឺ​ធ្វើ​យ៉ាងណា​ឱ្យ​អ្នក​ទស្សនា​សប្បាយ ចិត្ត ។ លោក​បញ្ជាក់​ថា ក្រុម​វៀតណាម​បាន​ចម្រាញ់​សុទ្ធតែ​កីឡាករ​ល្អ​ទាំងអស់ តែ​លោក​ក៏​សូម​កោតសរសើរ​ដល់​ក្រុម​កីឡាករ​កម្ពុជា​ដែរ ដែល​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយ​នេះ​មានការ​រីក​ចម្រើន​ច្រើន ។

លោក Kazunori Inoue​គ្រូបង្វឹក​ក្រុម​U17​កម្ពុជា​បាន​ថ្លែង​ថា ក្រុម​វៀតណាម​នឹង​ដាក់​កីឡាករ​ចូល​លេង​១១​នាក់​ដំបូង​សុទ្ធតែ​ជា​ជើង​ខ្លាំង ដូច្នេះ​ក្រុម​លោក​នឹង​ខិតខំ​លេង​ឱ្យ​អស់ពី​សមត្ថភាព​មិន​ឱ្យ​អ្នកគាំទ្រ​អស់សង្ឃឹម​ឡើយ ។ លោក​រំពឹង​ថា ការ​ប្រកួត​រវាង​ក្រុម​ទាំង​ពីរ​ល្ងាច​នេះ​ពិតជា​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ជក់ចិត្ត​មិន​ខាន ព្រោះ​ក្រុម​វៀតណាម​ជា​ក្រុម​ខ្លាំង​មួយ​នៅ​ក្នុង​តំបន់​អាស៊ាន ចំណែក​ក្រុម​​កម្ពុជា​ក៏​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​ដែរ​ដើម្បី​យកឈ្នះ​ការ​ប្រកួត​នេះ ។ តាម​រយៈ​ការ​ប្រកួត​នេះ​លោក​សង្ឃឹមថា នឹង​ទទួល​បាន​បទ​ពិសោធន៍​បន្ថែម​ទៀត​ដើម្បី​អភិវឌ្ឍ​ក្រុម​កម្ពុជា​ត្រៀម​ប្រកួត​​ជាមួយ​ក្រុម​ផ្សេង​ទៀត​នា​ពេល​ខាង​មុខ ជា​ពិសេស​នៅ​ពេល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេ​ម​នៅ​ឆ្នាំ​២០២៣ ៕