ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុ​ស្ស៊ី​ផ្អាក​គមនាគមន៍​យោធា​ជាមួយ​អា​មេ​រិ​ក

6 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី​ប្រកាស​នា​ថ្ងៃ​ទី​១៩ មិថុនា ពី​បំណង​តម្រង់​មី​ស៊ី​ល​លើ​គ្រប់​យន្តហោះ​របស់​ក្រុមចម្រុះ​អន្តរជាតិ​នាំមុខ​ដោយ​អា​មេ​រិ​ក ដែល​ហោះហើរ​ពីលើ​ដែនអាកាស​ស៊ី​រី ហើយ​ផ្អាក​ខ្សែ​ទាក់ទង​យោធា​ជាមួយ​ក្រុង​វ៉ា​ស៊ី​ន​តោន ក្រោយ​ពី​

ប្រទេស​រុ​ស្ស៊ី​ប្រកាស​នា​ថ្ងៃ​ទី​១៩ មិថុនា ពី​បំណង​តម្រង់​មី​ស៊ី​ល​លើ​គ្រប់​យន្តហោះ​របស់​ក្រុមចម្រុះ​អន្តរជាតិ​នាំមុខ​ដោយ​អា​មេ​រិ​ក ដែល​ហោះហើរ​ពីលើ​ដែនអាកាស​ស៊ី​រី ហើយ​ផ្អាក​ខ្សែ​ទាក់ទង​យោធា​ជាមួយ​ក្រុង​វ៉ា​ស៊ី​ន​តោន ក្រោយ​ពី​យន្តហោះ​អា​មេ​រិ​កមួយ​គ្រឿង​បាញ់​ទម្លាក់​យន្តហោះ​ប្រដេញ​ស៊ី​រី​មួយ​គ្រឿង​មក ។

រុ​ស្ស៊ី​ចូ​ល​រួម​ខាង​យោធា​ជួយ​ដល់​របប​ប្រធានាធិបតី លោក​បា​ចា អាល់​អាសា​ដ ក្នុង​សង្គ្រាម​នៅ​ស៊ី​រី ខណៈ​សហរដ្ឋអាមេរិក​ជួយ​ទ្រទ្រង់ ហើយ​បំពាក់អាវុធ​ដល់​សម្ព័ន្ធភាព​អា​រ៉ាប់​-​ឃើ​ត ជា​គូប្រជែង និង​ពួក​ឧទ្ទាម​ស៊ី​រី ។

រឿង​បែប​នេះ​កំណត់​ពី​ការ​កើន​កំ​ដៅ​ថ្មី​ក្នុង​ជម្លោះ​ចូលរួម​ដោយ​តួអង្គ​តំបន់ និង​អន្តរជាតិ​ផ្សេង​ៗ ព្រមទាំង​បណ្តា​ក្រុម​ជី​ហា​ដ ខណៈ​ជម្លោះ​នេះ​កំពុង​ចាក​ឃ្លាត​ចេញពី​ទស្សនវិស័យ​នៃ​ដំណោះស្រាយ​តាម​រយៈ​ការ​ចរចា​មួយ ព្រោះតែ​ការ​ដណ្តើម​ឥទ្ធិពល​គ្នា​របស់​ពួក​មហាអំណាច​ផ្តើម​ចេញពី​ការ​បែកបាក់​ជាតិ​របស់​ស៊ី​រី ។

លើស​ពី​ឧប្បត្តិហេតុ​អា​មេ​រិ​ក​-​ស៊ី​រី ប្រទេស​អីុ​រ៉​ង់​ជា​សម្ព័ន្ធមិត្ត​មួយទៀត​នៃ​របប​លោក​អាសា​ដ បាន​បាញ់​ជា​លើក​ដំបូង​កាលពី​ថ្ងៃ​ទី​១៨ មិថុនា បណ្តា​មី​ស៊ី​ល​រយៈ​មធ្យម​ប្រឆាំង​បណ្តា​ទីតាំង​របស់​ក្រុម​ជី​ហា​ដ​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​ស៊ី​រី ។

ជាមួយ​ការ​ប្រកាស​ផ្តាច់​ខ្សែ​ទាក់ទង​យោធា​ជាមួយ​អាម​រិ​ក រុ​ស្ស៊ី បាន​បោះ​ជំហាន​ទៅ​មុខ​មួយទៀត​ក្នុង​ការ​ប្រឈម​មុខ​ដាក់​គ្នា​ជាមួយ​សហរដ្ឋ​អា​មេ​រិ​ក ។ ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី​គូសបញ្ជាក់​ថា បណ្តា​យន្តហោះ និង​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​ក្រុមចម្រុះ​អន្តរជាតិ ដែល​កំណត់​ឃើញ​នៅ​ភាគ​ខាងលិច​ទន្លេ EUPHRATE នឹង​ត្រូវ​តាមដាន ហើយ​ចាត់ទុកជា​គោលដៅ​វាយប្រហារ​តាម​មធ្យោបាយ​ការពារ​អាកាស​តាម​ជើង​គោក និង​តាម​មធ្យោបាយ​អាកាស ។

នៅ​ស៊ី​រី រុ​ស្ស៊ី​មាន​ប្រព័ន្ធ​ការពារ​អាកាស S-300 និង S-400 ព្រមទាំង​យន្តហោះ​ប្រដេញ និង​ទម្លាក់​គ្រាប់បែក​ជា​ច្រើន​សិប​គ្រឿង​ដែល​ធ្វើ​ប្រតិបត្តិការ​ជួយ​ទ្រទ្រង់​ដល់​កងទ័ព​ស៊ី​រី ។

ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី​ប្រកាស​ម្យ៉ាងទៀត​ផ្អាក​បណ្តាញ​គមនាគមន៍​ដែល​មាន​ជាមួយ​សហរដ្ឋ​អា​េ​ម​រិ​ក​ក្នុង​ក្រប​ខណ្ឌ​នៃ​អនុស្សរណៈ​ស្តី​ពី​ការ​បង្ការ​បណ្តា​ឧប្បត្តិហេតុ​តាម​អាកាស​នៅ​ស៊ី​រី ។

ក្រុង​មូ​ស្គូ​ចាត់​ទុក​សកម្មភាព​របស់​ក្រុង​វ៉ា​ស៊ី​ន​តោន​ថា​ជា​ការ​មិន​គោរព​កិច្ចព្រមព្រៀង​ដែល​ចុះហត្ថលេខា​កាលពី​ឆ្នាំ​២០១៥ ។ ក្រុង​មូ​ស្គូ​ចោទប្រកាន់​ក្រុង​វ៉ា​ស៊ី​ន​តោន​ថា ពុំ​បាន​ប្រាប់​កងទ័ព​រុ​ស្ស៊ី​ឱ្យ​ដឹង​មុន​ថា ខ្លួន​នឹង​បាញ់​ទម្លាក់​យន្តហោះ ហើយ​ទាមទារ​ឱ្យ​មានការ​ស៊ើបអង្កេត​មួយ​លើ​ឧប្បត្តិ​ហេតុនេះ ។

ដែនអាកាស​ស៊ី​រី​ហោះហើរ​ទាំង​ដោយ​បណ្តា​យន្តហោះ​នៃ​របប​ក្រុង​ដា​ម៉ាស់ ទាំង​បណ្តា​យន្តហោះ​រុ​ស្ស៊ី ទាំង​បណ្តា​យន្តហោះ ក្រុមចម្រុះ​អន្តរជាតិ ហើយ​ទាំង​បណ្តា​យន្តហោះ​ចម្បាំង​របស់​តួ​ក​គី​ផង​ដែរ ។

កាលពី​ថ្ងៃ​ទី​១៨ មិថុនា ក្រុង​ដា​ម៉ាស់ និង​ក្រុង​វ៉ា​ស៊ី​ន​តោន​បាន​ចោទប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក ពី​ការ​បង្កហេតុ​ក្នុង​ឧប្បត្តិហេតុ​លើ​អាកាស ។ កងទ័ព​ស៊ី​រី​ប្រកាស​ថា យន្តហោះ​មួយ​គ្រឿង​របស់​ក្រុម​ចម្រុះ​អន្តរជាតិ​បាន​បាញ់​ទម្លាក់​យន្តហោះ​ប្រយុទ្ធ​របស់​ខ្លួន​មួយ​គ្រឿង ខណៈ​យន្តហោះ​នេះ​កំពុង​បំពេញបេសកកម្ម​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ក្នុង​ខេត្ត​រ៉ា​កា ។ ក្រុមចម្រុះ​និយាយ​ថា នេះ​ជា​ការ​តបត​ចំពោះ​ការ​វាយប្រហារ​តាម​អាកាស​លើ​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី FDS ជា​ក្រុមចម្រុះ​អា​រ៉ាប់​-​ឃើ​ត​ជួយ​ទ្រទ្រង់​ដោយ​សហរដ្ឋ​អា​មេ​រិ​ក ។ ឧប្បត្តិ​ហេតុនេះ​កើត​មាននៅ​កន្លែង​មួយ​ចម្ងាយ​ប្រមាណ​ជា​៤០​គីឡូម៉ែត្រ ភាគ​និរតី​ក្រុង​រ៉ា​កា​រដ្ឋធានី​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​ស៊ី​រី ដែល​កងកម្លាំង FDS កំពុង​វាយលុក​ប៉ុនប៉ង​ដណ្តើម​យក​ដោយ​មានការ​ជួយ​ទ្រទ្រង់​របស់​កងទ័ព​អា​េ​ម​រិ​ក និង​ការ​ជួយ​ទ្រទ្រង់​តាម​អាកាស​របស់​ក្រុមចម្រុះ​អន្តរជាតិ ។

ការ​ប្រឈម​មុខ​ដាក់​គ្នា​ខ្លាំង​នេះ ក៏​កើត​មាន​ដែរ​ពេល​កងទ័ព​ស៊ី​រី​រុល​មក​កៀក បណ្តា​តំបន់​ត្រួតត្រា​ដោយ​កងកម្លាំង​ដែល​អា​មេ​រិ​ក​ជួយ​ទ្រទ្រង់ ព្រមទាំង​កំពុង​រុល​ទៅ​ភាគ​ខាងជើង និង​ភាគ​អាគ្នេយ៍​ស៊ី​រី ។

អា​មេ​រិ​ក​ចង់ឱ្យ​ស្តារ​ឡើង​វិញ​គមនាគមន៍​យោធា​ជាមួយ​ក្រុង​មូ​ស្គូ ក្រោយ​ការ​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​ស៊ី​រី​ធុន SU-22 មួយ​គ្រឿង ដែល​អ្នក​បើក​លោត​ចេញ​ទាន់​តាម​ឆត្រយោង ហើយ​ជួយ​សង្គ្រោះ​ដោយ​កងទ័ព​ស៊ី​រី ៕