រាជធានីភ្នំពេញ ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានដាក់ពាក្យបណ្តឹងជាផ្លូវការនៅសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ ប្តឹងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដោយចោទប្រកាន់ថា មេបក្សប្រឆាំងរូបនេះបានប្រើប្រាស់សារនយោបាយនាំឱ្យមានការរើសអើងគណបក្សនយោបាយនាពេលថ្មីៗនេះ ។
លោក ពេជ្រ ស្រស់ បានប្រាប់អ្នកសារព័ត៍មាននៅមុខសាលាដំបូងរាជធានីភ្នំពេញថា គោលបំណងនៃការប្តឹងរបស់លោក គឺចង់ទាមទាររកសេចក្តីថ្លៃថ្នូរជូនគណបក្សតូចៗ ព្រមទាំងគណបក្សយុវជនកម្ពជាផងដែរ ដើម្បីឱ្យ លោក កឹម សុខា ទទួលខុសត្រូវចំពោះមុខច្បាប់នូវអ្វីដែលលោកបាននិយាយនាំឲ្យមានការរើសអើងចំពោះគណបក្សនយោយបាយតូចៗ ។ លោកបានបញ្ជាក់យ៉ាងដូច្នេះថា ទី១-លោក កឹម សុខា បានចាត់ទុកសន្លឹកឆ្នោតរបស់ប្រជាពលរដ្ឋដែលបោះជូនគណបក្សផ្សេងក្រៅពីបក្សគាត់ «ជាការបង្ហិនសន្លឹកឆ្នោត ដែលឆ្លុះបញ្ចាំងពីការរំលោភសិទ្ឋិរបស់ពលរដ្ឋខ្មែរ ក្នុងការជ្រើសរើសមេដឹកនាំដែលខ្លួនគាំទ្រ»។ ប្រធានគណបក្សយុវជនខ្មែរបានបន្តទៀតថា ទី២-លោក កឹម សុខា បញ្ឆេះឲ្យមានការរើសអើងគណបក្សនយោបាយដែលលោកបាននិយាយថាស្រុកខ្មែរ គឺមានតែបក្សធំៗពីរប៉ុណ្ណោះ ដែលអាចបម្រើពលរដ្ឋបាន ជាពិសេសគឺគណបក្សសង្គ្រោះជាតិតែម្តង ស្របពេលមានគណបក្សចំនួន១០ផ្សេងទៀតដែលគេមានសិទ្ធិធ្វើនយោបាយដូចបក្សសង្គ្រោះជាតិដែរ ។
លោកបានសង្កត់ធ្ងន់ថា «អ្វីដែលលោក កឹម សុខា បាននិយាយគឺរំលោភច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីគណបក្សនយោបាយដែលធានាឱ្យមានភាពស្មើគ្នារវាងគណបក្សនយោបាយ» ។ លោក ពេជ្រ ស្រស់ បានបន្តទៀតថា លោកនឹងរង់ចាំមើលថា តើតុលារ និងមានចំណាត់ការយ៉ាងណាលើបណ្តឹងរបស់លោកនេះ ។ សូមរម្លឹកថាលោក កឹម សុខា កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ បានថ្លែងសារនយោបាយប្រាប់អ្នកគាំទ្ររបស់ខ្លួននៅខេត្តកំពង់ធំថា ការបោះឆ្នោតឲ្យគណបក្សនយោបាយតូចៗគឺជាការបង្ហិនសន្លឹកឆ្នោត ដែលបង្កឲ្យមានការខឹងសម្បារពីថ្នាក់ដឹកនាំគណបក្សតូចៗដែលបានចូលរួមប្រកួតប្រជែងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ថ្មីៗនេះ ៕
ចែករំលែកព័តមាននេះ