ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេក គឹ​ម​ភាព ទទួល​ការ​សរសើរ​ពី​គណៈកម្ម​ការ​ដោយសារ​មិន​ឡាំប៉ា​តាម​អ្នកគាំទ្រ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​កាលពី​យប់​ថ្ងៃ​ទី​១៨ មិថុនា នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ អ្នក​ទស្សនា​ផ្ទាល់​ជាងពាក់កណ្ដាល​ចាប់អារម្មណ៍​តែ​ការ​ប្រកួត​រវាង​កីឡាករ​វ័យក្មេង​ចាន់ សច្ចា និង​កីឡាករ​

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​កាលពី​យប់​ថ្ងៃ​ទី​១៨ មិថុនា នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ អ្នក​ទស្សនា​ផ្ទាល់​ជាងពាក់កណ្ដាល​ចាប់អារម្មណ៍​តែ​ការ​ប្រកួត​រវាង​កីឡាករ​វ័យក្មេង​ចាន់ សច្ចា និង​កីឡាករ​ជើង​ចាស់ សេក គឹ​ម​ភាព ប៉ុណ្ណោះ​ដោយសារ​តែ​កីឡាករ​ទាំង​ពីរ​ជា​ពិសេស​កីឡាករ​សេក គឹ​ម​ភាព​បាន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ខ្លួន​បាក់​ចង្កេះ​និង​សម្តែង​ការ​ហួសចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ទ​ង្វើ​របស់​កីឡាករ​រូប​នេះ​ដែល​ផ្ទុយ​ពី​ការ​គិត​របស់​ពួក​គេ ។ រឿង​ហួស​ចិត្ត​កើតឡើង​នៅ​ពេល​គណៈកម្មការ​ប្រកាស​លទ្ធផល​ឱ្យ​គេ​ចាញ់​ភ្លាម អ្នក​ទស្សនា​បាន​ស្រែក​ឆោឡោ​ថា​មិន​យុត្តិធម៌ និង​ជា​លទ្ធផល​ដែល​ពួក​គេ​មិន​អាច​ទទួលយក​បាន ប៉ុន្តែ​បើ​ក្រឡេក​មើល​កីឡាករ សេក គឹ​ម​ភាព ឯណេះ​វិញ បែរជា​សប្បាយចិត្ត​ស្ទុះ​ទៅ​ចាប់ដៃ​កីឡាករ​ចាន់ សច្ចា​បង្ហាញ​ពី​ការ​យល់ព្រម​ទទួលយក​លទ្ធផល​នោះ​ដោយ​មិន​ឡាំប៉ា​តាម​អ្នកគាំទ្រ​របស់​ខ្លួន​ទៅ​វិញ ។

ខុស​ពី​ការ​ប្រកួត​នា​ពេល​កន្លង​មក ពេល​ដែល​អ្នក​ទស្សនា​បញ្ចេញ​ប្រតិកម្ម​មិន​ពេញចិត្ត​នឹង​លទ្ធផល​ដែល​គណៈកម្មការ​ប្រកាស​ឡើង​គឺ​កីឡាករ​ដែល​ចាញ់​រមែង​មាន​មោទនភាព ហើយ​ស្រែក​បន្ទរ​ថា ខ្លួន​ប្រឹង​វាយ​ចង់​ងាប់​បែរជា​ឱ្យ​ចាញ់ សម្រាប់​កីឡាករ សេក គឹ​ម​ភាព ដែល​ចាញ់ហើយ​អ្នក​ទស្សនា​ចង់​មួយ​ចំហៀង​សង្វៀន​ខំ​ស្រែក​ឡូឡា​ថា​មិន​យុត្តិធម៌​គេ​បែរជា​ញញឹម​ទទួលយក​លទ្ធផល​នោះ​ទៅ​វិញ ។ សេក គឹ​ម ភាព និយាយ​ថា ក្នុង​នាម​ជា​អ្នក​ប្រកួត​លោក​មិន​អាច​ដឹង​ថា អ្នក​ណា​ត្រូវ​ឈ្នះ​អ្នក​ណា​នោះ​ទេ ដោយសារ​តែ​ពេល​កំពុង​ប្រកួត​លោក​ប្រឹង​តែ​វាយ​និង​ទប់​មិន​ឱ្យ​គូប្រកួត​វាយ​ចូល​ប៉ុណ្ណោះ ។

លោក​ថា អ្នកគាំទ្រ​ស្រែ​កថា លោក​គួរ​ឈ្នះ ប៉ុន្តែ​បើ​គេ​ឱ្យ​លោក​ចាញ់ គឺ​មាន​ន័យ​ថា​លោក​ប្រហែលជា​ចាញ់​មែនហើយ គឺ​មិន​អាច​យល់​ស្រប​តាម​សំឡេង​ប្រតិកម្ម​របស់​អ្នក​ទស្សនា​ដែល​គ្មាន​ជំនាញ​កាត់ក្ដី​លើ​ការ​ប្រកួត​កើត​ទេ ។

លោក​បញ្ជាក់​ទាំង​ញញឹម​ថា​៖«​ខ្ញុំ​មិនដឹង​ថា ពេល​ប្រកួត​អ្នក​ណា​ឈ្នះ​អ្នក​ណា​ចាញ់​ទេ តែ​បង​ឃើញ​ហើយ​បើ​គេ​ឱ្យ​ចាញ់​គឺ​មាន​ន័យ​ថា​ខ្ញុំ​ចាញ់​មែនហើយ បើ​ពេល​ឡើង​វាយ​យើង​ខ្វល់​តែ​រឿង​ការ​ពារ​ខ្លួន និង​វាយ​សម្រុក​ហ្នឹង មាន​ពេល​ឯណា​ទៅ​រាប់​ពិន្ទុ​ថា​យើង​វាយ​បាន​ប៉ុន្មាន​ៗ​នោះ​!»​។ នេះ​ជា​ការ​លើក​ឡើង​ដ៏​កម្រ​មួយ​ដែល​គេ​មិន​ដែល​ឮ​កីឡាករ​ប្រកួត​ចាញ់​និយាយ​ចេញពី​មាត់​ទាល់តែ​សោះ​នៅ​ពេល​មានការ​តវ៉ា​ពី​អ្នក​ទស្សនា​យ៉ាង​កងរំពង​បន្ទាប់​ពី​គណៈ​កម្ម​ការ​ប្រកាស​ឱ្យ​គេ​ចាញ់​ពិន្ទុ​កីឡាករ​វ័យក្មេង ចាន់ សច្ចា ។ ពួក​អ្នកគាំទ្រ​ស្រែ​កថា អ្នក​ត្រូវ​ឈ្នះ​ពិន្ទុ​គឺ​កីឡាករ សេក គឹ​ម​ភាព ទៅ​វិញ​ទេ ដោយសារ​តែ​ក្នុង​ពេល​ប្រកួត​គឺ​កីឡាករ​រូប​នេះ​វាយ​ត្រូវ​គោលដៅ​សំខាន់​ៗ ថែម​ទាំង​វាយ​ឱ្យ ចាន់ សច្ចា បែក​លើ​ផ្ទៃមុខ និង​ដួល​ដោយ​អន្លើ​ផង ។ កីឡាករ សេក គឹ​ម​ភាព ហាក់​មិន​ចាប់​អារម្មណ៍​ចំពោះ​សំឡេង​តវ៉ា​ជួយ​ដល់​លោក​នោះ​ទេ ផ្ទុយ​ទៅ​វិញ​លោក​បែរជា​ញញឹម​ពេញចិត្ត​ចំពោះ​លទ្ធផល​នោះ និង​បាន​និយាយ​រាក់ទាក់​ទៅ​កាន់​គូប្រកួត​នៅ​ខាងក្រោយ​សង្វៀន​នោះ​ផង ។

ចំណែក​ចាន់ សច្ចា បាន​និយាយ​ទៅ​កាន់​កីឡាករ​សេក គឹ​ម​ភាព​ថា ៖«​បង​ឯង​វាយ​ខ្ញុំ​ប៉ុន្មាន​ដៃ​ហ្នឹង​ធ្ងន់​មែនទែន មិនដឹង​យ៉ាងម៉េច​ទេ​ខ្ញុំ​» ។ សេក គឹ​ម​ភាព បាន​ឆ្លើយ​តប​ទាំង​ទឹកមុខ​ញញឹម​ទៅ​កាន់​សិស្ស​ប្អូន​វិញ​ថា​៖«​ធ្ងន់​ឯណា​ទេ​ស្រាល​ហ្នឹង ឯង​នេះ​ដាក់​អញ​ប៉ុន្មាន​ដៃ​ចុង​ក្រោយ​ចង់​យ៉ាប់​!» ។ បន្ថែម​ពីលើ​ការ​ឆ្លើយឆ្លង​ដោយ​សំឡេង​រាក់ទាក់ អ្នក​ទាំង​ពីរ​ក៏​បាន​សួរ​គ្នា​ពីរ​បួស​លើ​ផ្ទៃមុខ​ទៀត​ផង ខុស​ពី​គូប្រកួត​ភាគច្រើន​ដែល​មាន​សំឡេង​តវ៉ា​ពី​អ្នក​ទស្សនា​បែប​នេះ ច្បាស់​ជា​ពាក់មុខយក្ស​ដាក់​គ្នា និង​បញ្ចេញ​អំនួត​មិន​ទទួលស្គាល់​លទ្ធផល​ដែល​បាន​ប្រកាស​ឡើង​នោះ​ផង ។ អ្នក​ទស្សនា​​ភាគច្រើន​មិន​បានដឹង​ថា កីឡាករ​ទាំង​ពីរ​ញញឹម​រាក់ទាក់​ដាក់​គ្នា​នៅ​ខាងក្រោយ​សង្វៀន​នោះ​ទេ ពួក​គេ​ម្នាក់​ៗ​បាន​ទាំង​ស្រែក​ជេរ​អ្នក​ផ្ដល់​ពិន្ទុ​ថា​មិន​ចេះ​មើល​ការ​ប្រកួត​ទើប​ឱ្យ ចាន់ សច្ចា ឈ្នះ​ពិន្ទុ​នោះ​ផង ។ ធៀប​សភាព​ខាងក្នុង និង​ខាងក្រៅ​សង្វៀន ម្នាក់​ៗ​ធ្លាក់​ថ្លើម​ក្ដុក ដោយសារ​តែ​អ្នក​ខាងក្នុង​ឈ្លោះ​គ្នា តែ​កីឡាករ​ដែល​នៅ​ខាងក្រៅ​ញញឹម​ដាក់​គ្នា និង​ថា​លទ្ធផល​ដែល​បាន​ប្រកាស​ឡើង​គឺ​គ្មាន​អ្វី​ដែល​ត្រូវ​តវ៉ា​ទេ ។ អ្នក​បានឃើញ​សភាព​ខាងក្រៅ​សង្វៀន​របស់​សេក គឹ​ម​ភាព និង​ចាន់ សច្ចា សុទ្ធតែ​យល់​ឃើញ​ថា នេះ​បាន​ហៅ​ថា​ទឹកចិត្ត​អ្នកកីឡា ដោយ​មិនមែន​សំអាង​ថា​អ្នកគាំទ្រ​មិន​ពេញចិត្ត ក៏​បញ្ចេញ​អំនួត​ហើយ​ពាក់មុខយក្ស​ដាក់​កីឡាករ​ឈ្នះ ដើម្បី​ថា​ខ្លួន​បរា​ជ័យ​ដោយសារ​តែ​ការ​ដាក់​ពិន្ទុ​លម្អៀង​នោះ​ទេ ។

លោក ញាណ សុធី អ្នក​រៀបចំ​កម្មវិធី​ប្រដាល់​ប្រចាំ​សង្វៀន​ទូរទស្សន៍​ខាងលើ​បាន​និយាយ​ថា ការ​ប្រកួត​រវាង​កីឡាករ​សេក គឹ​ម​ភាព និង​ចាន់ សច្ចា មានការ​តវ៉ា​ដោយសារ​តែ​អ្នក​ទស្សនា​ភាគ​ច្រើន​​ចាក់​ភ្នាល់​ថា​សេក គឹ​ម ភាព ឈ្នះ លុះដល់​លទ្ធផល​មិន​ដូច​បំណង​ក៏​មាន​អារម្មណ៍​ក្ដៅក្រហាយ ។ លោក​ថា ការ​ប្រកួត​មិន​អាច​ធ្វើ​តាម​ការ​ចង់បាន​របស់​អ្នក​ចូល​ចិត្ត​ចាក់​ភ្នាល់​បាន​ទេ ដោយ​ត្រូវ​ផ្អែក​លើ​លទ្ធផល​ពិន្ទុ និង​កម្រិត​វាយ​ចេញ​ជាក់ស្ដែង​របស់​គូប្រកួត​ក្នុង​រយៈពេល​៥​ទឹក បើ​គ្មាន​បញ្ហា​សន្លប់ ។ លោក​ថា ចាន់ សច្ចា មាន​ប្រៀប​ល្អ​ជាង​ជា​ពិសេស​ក្នុង​ទឹក​ទី​២ និង​ទឹក​ទី​៣ ឯ​កីឡា​ករ​សេក គឹ​ម​ភាព ធ្វើ​បាន​ល្អ​តែ​ក្នុង​ទឹក​ទី​៤​បន្តិច​ប៉ុណ្ណោះ ទើប​លោក​យល់​ថា លទ្ធផល​ដែល​ឱ្យ​កីឡាករ​វ័យក្មេង​បង្គោល​ក្រហម​ឈ្នះ​ពិន្ទុ​គឺជា​រឿង​ត្រឹមត្រូវ ។ ជាមួយ​គ្នា​នេះ​លោក​សរសើរ​ចំពោះ​ការ​ទទួលខុសត្រូវ​របស់​កីឡាករ សេក គឹ​ម​ភាព ដោយ​បាន​ចាត់​ទុក​ថា​កីឡាករ​រូប​នេះ ទទួលស្គាល់​ចំពោះ​ការ​កាត់ក្ដី​របស់​ចៅក្រម ដែល​ផ្ទុយ​ពី​អ្នក​តវ៉ា​នោះ​គឺជា​ទ​ង្វើ​គួរ​ឱ្យ​យក​គំរូ​តាម ។ លោក​ថា កីឡាករ​ម្នាក់​មិន​អាច​យក​សំឡេង​ឈ្នះ​ភ្នាល់​មក​ឆ្លុះ​ខ្លួនឯង​បាន​ទេ ដោយសារ​តែ​ការ​ផ្ដល់​ពិន្ទុ​គេ​វិនិច្ឆ័យ​ផ្អែក​លើ​បច្ចេកទេស និង​ភាព​រហ័ស​របស់​កីឡាករ ។ លោក​ថា សេក គឹ​ម​ភាព គឺជា​កីឡាករ​ល្អ​ម្នាក់​ទោះបី​មានការ​ជំទាស់​នឹង​លទ្ធផល​ដែល​ឱ្យ​គេ​ចាញ់​ពី​សំណាក់​អ្នក​ទស្សនា​ក្ដី គេ​មិន​ត្រឹមតែ​មិន​ឡាំប៉ា​តាម​ទេ​ថែម​ទាំង​បង្ហាញ​កាយវិការ​ពេញចិត្ត​ទទួលយក​លទ្ធផល​នេះ​ទៀត​ផង ។

កីឡាករ​រូប​នេះ​បាន​អះអាង​ថា អ្វី​ដែល​អ្នក​តវ៉ា​បាន​បង្ក​គឺជា​សិទ្ធិ​របស់​ពួក​គេ ចំណែក​លោក​គឺ​ពេញចិត្ត​ចំពោះ​ការ​កាត់ក្ដី​របស់​គណៈកម្មការ ។ លោក ញាណ សុធី ថា បើ​កីឡាករ​គ្រប់​រូប​សុទ្ធតែ​មាន​ទស្សនៈ​បែប​នោះ គឺ​មាន​ន័យ​ថា វិស័យ​ប្រដាល់​នៅ​ក្នុង​ប្រទេស​កម្ពុជា​នឹង​កាន់តែ​ប្រសើរ​ឡើង​ហើយ ដើម្បី​កែ​ទម្លាប់​អ្នក​ប្រកួត​ចាញ់​តវ៉ា​ទាំង​ទទឹង ទិស ៕