ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាគម​អ្នក​ចិញ្ចឹម​ជ្រូក​អំពាវនាវ​ឱ្យ​កសិករ​ផ្អាក​ការ​ចិញ្ចឹម បើ​មិន​ចង់​ខាតបង់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ខណៈ​ដែល​ជ្រូក​នាំ​ចូល​ពី​វៀតណាម​រាប់រយ​ក្បាល​ក្នុង​១​ថ្ងៃ​ៗ ធ្វើ​ឲ្យ​កសិករ និង​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​កំពុង​តែ​ប្រឈម​នឹង​បញ្ហា​តម្លៃ​ធ្លាក់​ចុះ ហើយ​បញ្ហា​នេះ ពុំ​ទាន់​មាន​ដំណោះស្រាយ​ណាមួយ​

រាជធានី​ភ្នំពេញ ៖ ខណៈ​ដែល​ជ្រូក​នាំ​ចូល​ពី​វៀតណាម​រាប់រយ​ក្បាល​ក្នុង​១​ថ្ងៃ​ៗ ធ្វើ​ឲ្យ​កសិករ និង​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​កំពុង​តែ​ប្រឈម​នឹង​បញ្ហា​តម្លៃ​ធ្លាក់​ចុះ ហើយ​បញ្ហា​នេះ ពុំ​ទាន់​មាន​ដំណោះស្រាយ​ណាមួយ​សម​ស្រប​នៅឡើយ ។ យ៉ាងណា​ក៏​ដោយ ជា​បណ្ដោះអាសន្ន សមគម​អ្នក​ចិញ្ចឹម​ជ្រូក​បាន​អំពាវនាវ​ឲ្យ​កសិករ​ឬ​ម្ចាស់​កសិដ្ឋាន​ផ្អាក​ការ​ចិញ្ចឹម​មួយ​រយៈ​សិន រង់ចាំ​ជ្រូក​វៀតណាម​ដែល​ចិន​មិន​ទិញ​នោះ​អស់ពី​ស្ដុក នោះ​តម្លៃ​ជ្រូក​លើ​ទីផ្សារ​នឹង​ឡើងថ្លៃ​វិញ ។

កាលពី​ពេល​ថ្មី​ៗ​នេះ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ និង​ភាគី​អ្នក​ចិញ្ចឹម​ជ្រូក រួម​ទាំង​អ្នក​កាប់​ជ្រូក​ផ្គត់ផ្គង់​លើ​ទីផ្សារ​ផង​នោះ បាន​ជួប​ប្រជុំ​គ្នា​មួយ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​លើ​បញ្ហា​ជ្រូក ធ្វើ​យ៉ាងណា​ឱ្យ​កសិករ និង​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​មាន​ភាព​ប្រសើរ​ឡើង​វិញ ។

នៅ​ក្នុង​កិច្ចប្រជុំ តំណាង​កុងស៊ី​កាប់​ជ្រូក​អះអាង​ថា នឹង​ទទួលយក​ជ្រូក​ក្នុងស្រុក​មក​កាប់​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ តែ​ក្នុង​តម្លៃ​ពី​៥.៨០០​ទៅ​៦​ពាន់​រៀល ក្នុង​១​គីឡូក្រាម​ប៉ុណ្ណោះ គឺ​ដូច​គ្នា​នឹង​តម្លៃ​ជ្រូក​រស់​នាំ​ចូល​ពី​វៀតណាម​ដែរ ប៉ុន្ដែ​ភាគី​អ្នក​ចិញ្ចឹម​វិញ​ថា តម្លៃ​ប៉ុណ្ណេះ​មិន​អាច​ទទួលយក​បាន​ទេ ខណៈ​ការ​ចំណាយ​ថ្លៃដើម​លើ​ការ​ចិញ្ចឹម​ជ្រូក​អស់​ប្រមាណ​៧.២០០​រៀល​ទៅ​ហើយ​ក្នុង​១​គីឡូក្រាម ហើយ​ពួក​គេ​បាន​ស្នើ​សុំ​ឲ្យ​មានការ​ទប់ស្កាត់ ឬ​កាត់​បន្ថយ​ការ​នាំ​ចូល ។

យ៉ាងណា​ក៏​ដោយ​ស្នើ​សុំ​នេះ ប្រហែលជា​មិន​អាច​ទៅ​រួច​ឡើយ ដោយសារ​តែ​កម្ពុជា​ជា​ប្រទេស​ប្រកាន់​ទីផ្សារសេរី ។ នេះ​បើ​តាម​សមាគម​អ្នក​ចិញ្ចឹម​ជ្រូក​កម្ពុជា ។

លោក លី ឡា​វី​ល ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​អ្នក​ចិញ្ចឹម​ជ្រូក​កម្ពុជា និង​ជា​អ្នកគ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​M’s Pig បាន​ឲ្យ​ដឹង​ថា ពេល​នេះ អ្នក​ចិញ្ចឹម​ជ្រូក​ក្នុងស្រុក​គ្មាន​វិធានការ​ណាមួយ​ដើម្បី​ឱ្យ​តម្លៃ​ជ្រូក​ឡើង​បាន​នោះ​ទេ ខណៈ​ដែល​ជ្រូក​ពី​វៀតណាម​មាន​តម្លៃ​ទាប​។ ម្យ៉ាងទៀត កម្ពុជា​ជា​ប្រទេស​ទីផ្សារសេរី ដូចនេះ​មិន​អាច​ទៅ​ហាមឃាត់​វៀតណាម​មិន​ឲ្យ​នាំ​ចូល​មក​បាន​នោះ​ទេ។

លោក​និយាយ ៖« យើង​មិន​អាច​ប្រកួតប្រជែង​ទីផ្សារ​ជ្រូក​ជាមួយ​វៀតណាម​ដែល​សល់​ច្រើន​នោះ​ទេ ពីព្រោះ​ជ្រូក​ដែល​វៀតណាម​ត្រូវ​ផ្គត់ផ្គង់​ទៅ​ចិន​មាន​ចំនួន​ច្រើន ហើយ​នៅ​ពេល​ចិន​បិទ​ទីផ្សារ​មិន​ឲ្យ​នាំ​ចូល​នោះ ក៏​បាន​ធ្វើ​ទីផ្សារ​ជ្រូក​វៀតណាម​នៅ​សល់​លើសលប់ ដូច្នេះ​ទោះ​ក្នុង​តម្លៃ​ណា​ក៏​ដោយ ក៏​ឈ្មួញ​វៀតណាម​ត្រូវ​តែ​លក់​ឱ្យ​កម្ពុជា​ដែរ » ។

ដើម្បី​ដំណោះស្រាយ​ជា​បណ្ដោះអាសន្ន ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​អ្នក​ចិញ្ចឹម​ជ្រូក​កម្ពុជា​រូប​នេះ បាន​អំពាវនាវ​សុំ​ឲ្យ​កសិករ និង​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ទាំងអស់ ផ្កា​ក​ការ​ចិញ្ចឹម​មួយ​រយៈ​សិន ដើម្បី​បញ្ជៀ​សការ​ខាតបង់​បន្ដ​ទៀត ។

លោក​លី ឡា​វី​ល បាន​និយាយ​ថា បើ​មិន​ចង់​បន្ត​ការ​ខាតបង់​ច្រើន​ទៀត កសិករ​ឬ​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ខ្នាត​តូច សូម​ផ្អាក​ការ​ចិញ្ចឹម​ជ្រូក​សិន ។ ការ​ផ្អាក​នេះ​ប្រហែល​មិនមែន​មួយ​ខែ ពីរ​ឬ​បី​ខែ​ទេ តែ​អាច​អូស​បន្លាយ​ដល់​១​ឬ​២​ឆ្នាំ រង់ចាំ​ដល់​ពេល​ជ្រូក​វៀតណាម​ដែល​ចិន​មិន​ទទួល​ទិញ​នោះ​អស់ពី​ស្តុក ទើប​វា​ឡើងថ្លៃ​វិញ ។

ជាមួយ​គ្នា​នេះ លោក​ថា ៖« បច្ចុប្បន្ន មាន​កសិករ និង​កសិដ្ឋាន​មួយ​ចំនួន​ហើយ​នៅ​ទូ​ទាំង​ប្រទេស​បាន​បោះបង់​ការ​ចិញ្ចឹម​ជ្រូក ព្រោះតែ​មិន​អាច​ទប់ទល់​នឹង​ការ​ខាតបង់​បាន ហើយ​ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​ផ្អាក​ការ​ចិញ្ចឹម​មួយ​រយៈ​សិន ទំ​រាំ​ឲ្យ​ជ្រូក​វៀតណាម​វា​អស់ពី​ស្តុក យើង​អាច​មាន​ទីផ្សារ និង​ឡើងថ្លៃ​វិញ » ។

ដោយឡែក​ពាក់ព័ន្ធ​នឹង​សុវត្ថិភាព​ទៅ​លើ​សត្វ​ជ្រូក សមាគម​មិន​មាន​តួនាទី​ឆែក​ឬ​ពិនិត្យ​សុខភាព​មុន​នាំ​ចូល​នោះ​ទេ មាន​តែ​មន្ត្រី​គយ​ប៉ុណ្ណោះ ប៉ុន្ដែ​កន្លង​មក គយ​បាន​បញ្ជាក់​ថា ជ្រូក​ដែល​នាំ​ចូល​មក​កម្ពុជា មានការ​បញ្ជាក់​ច្បាស់​ពី​ពេទ្យសត្វ​ជំនាញ​វៀតណាម​ថា ជ្រូក​ទាំងនោះ​ជា​ជ្រូក​ល្អ មិន​ប៉ះពាល់​ដល់​អ្នក​បរិភោគ​ទេ ។

លោក​ឡា​វី​ល​និយាយ​ថា ៖« ខាង​វៀតណាម​បាន​បង្ហាញ​ឯកសារ​ថា ជ្រូក​ទាំងនោះ​ជា​ជ្រូក​ល្អ ហើយ​មក​ដល់​កម្ពុជា ក៏​ថា​ល្អ​ដែរ​ទៅ មិន​មានការ​ត្រួតពិនិត្យ​បន្ថែម​ទេ ។ ម្យ៉ាងទៀត នៅ​កម្ពុជា​មិន​មាន​កន្លែង ដើម្បី​ទៅ​ពិនិត្យ​សុខភាព​សត្វ មុន​នាំ​ចូល​នោះ​ទេ​។ សព្វថ្ងៃ​ពេល​ឈ្មួញ​ទៅ​ទិញ​ជ្រូក​ពី​វៀតណាម គឺ​ខាង​វៀតណាម​ជា​អ្នក​ពិនិត្យ​ឲ្យ និង​ចេញ​ឯកសារ​បញ្ជាក់​ជូន​ថា ល្អ​ឬ​មិនល្អ ហើយ​មក​ដល់​ខ្មែរ អត់​មាន​ពិនិត្យ​បន្ថែម​នោះ​ទេ » ៕