ជាតិ » សន្ដិសុខ​សង្គម

ឃុំខ្លួន​ជន​ឆបោក​ម្នាក់ ពាក់ព័ន្ធ​ប្រើ​ឈ្មោះ​ថ្នាក់ដឹកនាំ

ដោយ ៖ ឃឹម ប៊ុនណាក់   

ថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០១៧ ម៉ោង ១៦:២៣   (19-06-2017 16:23)

រាជធានី​ភ្នំពេញ ៖ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) កាលពី​ល្ងាច​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០១៧ បាន​បញ្ជូន​ជនជាប់សង្ស័យ​ម្នាក់ ពាក់​ពន្ធ​ពី​បទ ឆបោក តាម​រូបភាព​យកឈ្មោះ​ថ្នាក់ដឹកនាំ​ទីស្តីការ​គណ​:​រដ្ឋមន្ត្រី​ប្រើ ។ ជនសង្ស័យ​រូប​នោះ​ឈ្មោះ ស មឿ​ន​តារា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ទីលំនៅ​ផ្ទះ​លេខ​១៥៦ ផ្លូវ​លេខ​១៥៦ សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ បម្រើ​ការ​នៅ​ក្រុមហ៊ុន ហ្គ្រី​ត​ផាត់​ន័​រ អ៊ី​ន​ធី​ធី​ង ខូ​អិ​ល​ធី​ឌី បាន​ត្រូវ​លោក លី សុ​ផា​ណា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទប្រកាន់​ពី​បទ ឆបោក មាន​ស្ថាន​ទម្ងន់ទោស ។

ដើមចម​ដែល​នាំ​ឲ្យ​មានការ​ចោទប្រកាន់ និង​ឈាន​ដល់​ការ​ឃុំខ្លួន​ជនសង្ស័យ​ខាងលើ​នេះ បាន​កើតឡើង​ក្នុង​អំឡុង​ដើមខែ​មិថុនា ឆ្នាំ​២០១៧ ក្នុង​ខណៈ​ពេល​ដែល​ឈ្មោះ ស មឿ​ន​តារា ដែល​មានស្រុក​កំណើត​នៅ​ខេត្តក្រចេះ បាន​យកឈ្មោះ​ថ្នាក់ដឹកនាំ​ទីស្តីការគណៈរដ្ឋមន្ត្រី ថ្នាក់ដឹកនាំ​សាលាខេត្ត​ក្រចេះ និង​ថ្នាក់ដឹកនាំ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ទៅ​អះអាង​ប្រាប់​ប្រជាពលរដ្ឋ​មួយ​ចំនួន ដែល​មានរឿង​ក្តីក្ដាំ​នៅ​តុលាការ​ខេត្តក្រចេះ​ថា ខ្លួន​មាន​ឥទ្ធិពល​ធ្វើ​អន្តរាគមន៍ និង​អាច​ឆែក​មើល​សំណុំរឿង​នៅ​តុលាការ​ខេត្តក្រចេះ​បាន ។ ដោយ​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​មានការ​ជឿជាក់​ឈ្មោះ ស មឿ​ន​តារា បាន​ទាមទារ​លុយកាក់​មួយ​ចំនួន​ធ្វើ​ជា​សា​ហ៊ុយ​ឡើង​ចុះ និង​ចាយវាយ នៅ​ពេល​ដែល​ចុះ​មក​ធ្វើ​អន្តរាគមន៍​សំណុំរឿង​នៅ​តុលាការ​ខេត្តក្រចេះ ។

ក្រោយ​ពី​តំណាង​អយ្យការ​បាន​ធ្វើការ​ចោទប្រកាន់​ជា​ផ្លូវការ​ណ៍ហើយ សំណុំ​រៀង​នេះ​បាន​ចាត់​បញ្ជូន​ទៅ​ខាង​ចៅក្រម​ស៊ើបសួរ លុះ​រសៀល​ថ្ងៃ​ទី​១៩ ខែមិថុនា នេះ ជនសង្ស័យ​ត្រូវ​បាន​ចៅក្រម​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ព្រៃ​ស ជា​បណ្តោះអាសន្ន រង់ចាំ​សវនាការ​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ៕