រាជធានីភ្នំពេញ ៖ រថយន្តតូចធំចំនួន៣គ្រឿងកៀរជាប់គ្នាបេះមិនចេញ ក្នុងនោះក៏មានរថយន្តស៊េរីទំនើបម៉ាក LEXUS RX400 មួយគ្រឿង រថយន្តធុនធំដឹកឥដ្ឋមួយគ្រឿង និងរថយន្តម៉ាក COROLLA មួយគ្រឿងផងដែរ ដែលកើតឡើងដោយសារតែការបើកបរដោយខ្វះការអធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក គឺប្រជ្រៀតគ្នា ខណៈពេលដែលមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំងនោះ ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង០៩និង១៥នាទីព្រឹក ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ នៅខាងមុខព្រឹទ្ធសភា ផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា រថយន្តដែលកៀរជាប់គ្នាទាំង៣គ្រឿងនោះមាន ទី១.រថយន្តធន់ធំដឹកឥដ្ឋម៉ាក CANTER ព៍ណសលាយខៀវ ពាក់ស្លាកលេខចង្កូតស្តាំ PP-១៣៥៤ ទី២.ម៉ាក COROLLA ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ២K-៩១៧៦ និងទី៣គឺ.ម៉ាក LEXUS RX400 ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ ២AS-១៧៦៧ ។ មុនពេលកើតហេតុ រថយន្តទាំង៣គ្រឿង បានធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងស្របទិសគ្នា និងទន្ទឹមគ្នាផងដែរ ខណៈពេលដែលផ្លូវកំពុងតែមានការកកស្ទះយ៉ាងខ្លាំងនោះ ក៏ស្រាប់តែរថយន្តដឹកឥដ្ឋធុនធំក៏បានបើកបញ្ជៀតគេឯងកៀររថយន្ត COROLLA និងកៀបជាប់ជាមួយនឹងរថយន្តម៉ាក LEXUS RX400 មួយគ្រឿងទៀតជាប់ទៅមុខលែងរួចតែម្តង ។ តាមប្រភពដដែលបានប្រាប់បន្តទៀតដែរថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរ គឺបានកើតឡើងដោយសារតែការបើកបរដោយខ្វះការអធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក និងប្រជ្រៀតគ្នា ខណៈដែលលើដងផ្លូវកំពុងតែមានយានយន្តគ្រប់ប្រភេទធ្វើដំណើរមានស្ថានភាពកកស្ទះចរាចរណ៍យ៉ាងខ្លាំងនោះ ។
ក្រោយពេលកើតហេតុ កម្លាំងមានសម្ថកិច្ចចរាចរណ៍ខណ្ឌចំការមន ក៏បានចុះមកធ្វើការវាស់វែង និងយករថយន្តទាំង ៣គ្រឿងទៅដាក់លើចិញ្ចើមផ្លូវដើម្បីធ្វើការដោះស្រាយគ្នា និងបញ្ចៀសកុំឲ្យមានការកកស្ទះចរាចរណ៍ ដោយរថយន្តម៉ាក LEXUS រងការខូចខាតបន្តិចបន្តួច និងមិនចង់ឱ្យមានរឿងវែងឆ្ងាយនោះក៏សុខចិត្តយករថយន្តទៅធ្វើការជួសជុលដោយខ្លួនឯង ហើយភាគីរថយន្តដឹកឥដ្ឋ ក៏យល់ព្រមសងថ្លៃខូចខាតទៅរថយន្ត COROLLA ចំនួន១៥ដុល្លារ ដើម្បីបញ្ចប់រឿងផងដែរ ។
ចែករំលែកព័តមាននេះ