ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កត្តា​អ្វីខ្លះ​​បានជា​កំពូល​កីឡាករ​បាល់ទាត់​នៅ​អេ​ស្ប៉ា​ញ​តែងតែ​រង​ការ​ចោទ​ថា«​គេចពន្ធ»?

6 ឆ្នាំ មុន

យោង​តាម​គេហទំព័រ​អង់គ្លេស BBC បាន​ចេញផ្សាយ​ថា នា​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​មាន​កំពូល​កីឡាករ​ឆ្នើម​៣​រូប​ហើយ​ដែល​រង​នូវ​ការ​ចោទប្រកាន់​ពី​តុលាការ​អេ​ស្ប៉ា​ញ​ថា បាន​បន្លំ​ប្រាក់​បង់ពន្ធ​ដោយ​ក្លែង​ប្រាក់​ចំណូល​ពី​ការ​លក់​សិទ្ធិ​រូបថត​របស់​ខ្លួន

យោង​តាម​គេហទំព័រ​អង់គ្លេស BBC បាន​ចេញផ្សាយ​ថា នា​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​មាន​កំពូល​កីឡាករ​ឆ្នើម​៣​រូប​ហើយ​ដែល​រង​នូវ​ការ​ចោទប្រកាន់​ពី​តុលាការ​អេ​ស្ប៉ា​ញ​ថា បាន​បន្លំ​ប្រាក់​បង់ពន្ធ​ដោយ​ក្លែង​ប្រាក់​ចំណូល​ពី​ការ​លក់​សិទ្ធិ​រូបថត​របស់​ខ្លួន រួម​ទាំង​បទឧក្រិដ្ឋ​ទាក់ទង​នឹង​ហិរញ្ញវត្ថុ​ផ្សេង​ៗ​ទៀត​ដើម្បី​កាត់​បន្ថយ​ការ​បង់ពន្ធ ក្នុង​នោះ​មាន​កីឡាករ Lionel Messi និង Neymar របស់​ក្លឹ​ប​អ្នកមាន​បុណ្យ Barcelona និង​កីឡាករ Cristiano Ronaldo របស់​ក្លិប​អធិរាជ​ស Real Madrid ។

ទាក់ទង​ទៅ​នឹង​បញ្ហា​របស់ Lionel Messi តុលាការ​អេ​ស្ប៉ា​ញ​ធ្លាប់​បាន​ចោទ​ពី​បទ​គេចពន្ធ​ទៅ​លើ​ការ​លក់​សិទ្ធិ​ផ្សព្វផ្សាយ​រូបថត​របស់​ខ្សែប្រយុទ្ធ​រូប​នេះ​កាលពី​ឆ្នាំ​២០១៦ ដោយ​តុលាការ​កំពូល​របស់​អេ​ស្ប៉ា​ញ​សម្រេច​ដាក់ទោស Messi និង​ឪពុក​របស់​កីឡាករ​រូប​នេះ លោក Jorge ឱ្យ​ជាប់ពន្ធ​ធនាគារ​ក្នុង​ម្នាក់​រយៈពេល​២១​ខែ​ទៀត​ផង ។ យ៉ាងណាមិញ ពួក​គេ​ទាំង​ពីរ​អាច​នៅ​ក្រៅ​ឃុំ​បាន​ដោយ​ទោស​កំហុស​នេះ​មាន​រយៈពេល​តិច​ជាង​២​ឆ្នាំ និង​ម្យ៉ាងទៀត​ពួក​គេ​មិន​ធ្លាប់​មានរឿង​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​នា​ពេល​កន្លង​មក ។ ចំពោះ​ករណី​របស់ Neymar ព្រះរាជអាជ្ញា​បាន​ស្នើ​តុលាការ​ឱ្យ​ដាក់ទោស​កីឡាករ​រូប​នេះ​រយៈពេល​២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន​១០​លាន​អឺ​រ៉ូ​ទៀត​ផង ដោយ​ចោទ​ពី​បទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ទាក់ទង​នឹង​ការ​ផ្ទេរ​ពី​ក្លឹ​ប Santos ទៅ​កាន់ Barcelona កាលពី​ឆ្នាំ​២០១៣ ។ រីឯ​រឿង​ដដែល​នេះ​ក៏​បាន​ធ្លាក់​មក​លើ​កីឡាករ Cristiano Ronaldo  របស់​ក្លិប Real Madrid ផង​ដែរ ដែល​បច្ចុប្បន្ន​កំពុង​ប្រឈម​ការ​ចោទប្រកាន់​ពី​ករណី​បន្លំ​មិន​បង់ពន្ធ​ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន​១៤,៧​លាន​អឺ​រ៉ូ ចន្លោះ​ឆ្នាំ ២០១១​និង​២០១៤ ។ ម្យ៉ាងទៀត កាលពី​ខែធ្នូ​កន្លង​ទៅ​ធ្លាប់​មានការ​បែកធ្លាយ​ឯកសារ​មួយ​ចំនួន​ដែល​បង្ហាញ​ថា Cristiano Ronaldo មិន​បាន​បង់ពន្ធ​លើ​ប្រាក់​ចំណូល​នោះ​ទេ ប៉ុន្តែ​ត្រូវ​ខ្សែប្រយុទ្ធ​រូប​នេះ​ច្រានចោល​ទាំងស្រុង ។ ដោយសារ​តែ​ករណី​ទាំងនេះ​ទើប​ធ្វើ​ឱ្យ C.Ronaldo ចង់​ចាក​ចេញពី​ទឹកដី​អេ​ស្ប៉ា​ញ ។

ជុំវិញ​បញ្ហា​ខាងលើ​ទាំងនេះ​ប្រធាន​ផ្នែក​ស៊ើបអង្កេត​ពន្ធ​លោក Carlos Cruzado បាន​ពន្យល់​ថា «​ភាព​ខុស​គ្នា​វាង​ការ​បន្លំ និង​ការ​គេចវេស​បង់ពន្ធ​គឺ​បាន​បែក​ចែង​ច្បាស់លាស់​ណាស់​ក្នុង​ករណី​ទាំង​អស់នេះ ។ កាលពី​ពីរ​បី​ឆ្នាំ​មុន​ភ្នាក់ងារ​ពន្ធដារ​អេ​ស្ប៉ា​ញ​បាន​បង្កើន​ការ​ត្រួតពិនិត្យ​ទៅ​លើ​កីឡាករ​បាល់ទាត់ និង​ក្រុមហ៊ុន​របស់​ពួក​គេ​ដើម្បី​ឱ្យ​ប្រាកដ​ថា​ពួក​គេ​ពិតជា​រក​ចំណូល​បាន​ប៉ុណ្ណឹង​មែន ឬ​គ្រាន់តែ​បន្លំ​ភ្នែក​ច្បាប់​» ។ ក្រុម​អ្នកស៊ើប​អង្កេត​អេ​ស្ប៉ា​ញ​បាន​និយាយ​ថា ក្រុមហ៊ុន​ដែល​ជា​កម្មសិទ្ធិ​របស់​កីឡាករ C.Ronaldo គឺ​ច្បាស់​ណាស់​មិន​មាន​សកម្មភាព​សេដ្ឋកិច្ច​អ្វី​ក្រៅ​អី​បាន​ទិញ​សិទ្ធិ​ផ្សព្វផ្សាយ​រូបថត បន្ទាប់​មក​បាន​ប្រគល់​សិទ្ធិ​ផ្សព្វផ្សាយ​រូបថត​នេះ​ទៅ​ឱ្យ​ក្រុមហ៊ុន​មួយ​ផ្សេង​ទៀត​មាន​មូលដ្ឋាន​នៅ​ប្រទេស​អៀរ​ឡង់ ដែល​វា​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់ C.Ronaldo ។ ព្រះរាជអាជ្ញា​របស់​អេ​ស្ប៉ា​ញ​ក៏​បាន​អះអាង​ថា ប្រាក់​ចំណូល​បាន​មក​ពី​ការ​លក់​សិទ្ធិ​ផ្សព្វផ្សាយ​រូបថត​គឺ​ផ្ទុយ​ស្រឡះ​ពី​ប្រាក់​ចំណេញ​ដែល​នេះ​បង្ហាញ​ថា ពួក​គេ​ចង់​កេង​ចំណេញ​ដើម្បី​កាត់​បន្ថយ​អត្រា​បង់ពន្ធ ។

តើ​កីឡាករ​ទាំង​៣​រូប​នេះ​អាច​ជាប់ពន្ធ​ធនាគារ​ដែរ​ឬទេ ?

ខ្សែប្រយុទ្ធ​ទាំង​ពីរ​រូប​របស់​ក្លឹ​ប Barcelona កីឡាករ Lionel Messi និង Neymar មានឱកាស​រួចខ្លួន​ពី​ការ​ជាប់ពន្ធ​ធនាគារ​ច្រើន​ក្រោម​ហេតុផល​ថា​ច្បាប់​របស់​អេ​ស្ប៉ា​ញ​ទាល់តែ​មាន​ទទួលទោស​ចាប់ពី​២​ឆ្នាំ​ឡើង​ទើបត្រូវ​ឃុំខ្លួន ប៉ុន្តែ​ចំពោះ​ករណី​របស់​កីឡាករ C.Ronaldo គឺជា​រឿង​ផ្សេង ។ ៣​ករណី​ក្នុង​ចំណោម​ការ​ចោទប្រកាន់​ទាំង​៤​ករណី​នៃ​ការ​គេចវេស​បង់ពន្ធ​របស់ C.Ronaldo កំពុង​ត្រូវ​បាន​ក្រុមព្រះ​រាជអាជ្ញា​ពិចារណា ដែល​វា​អាច​ជា​ករណី​ធ្ងន់ធ្ងរ​រហូត​ដល់​ការ​ដាក់ទោស​រយៈពេល​២​ឆ្នាំ​ក្នុង​មួយ​ករណី ។ យ៉ាងណាមិញ ប្រសិនបើ​អង្គចៅក្រម​មិន​ទទួល​បណ្តឹង​​ទាំងនេះ​ទេ C.Ronaldo នឹង​មាន​ជម្រើស​ច្រើន ព្រមទាំង​មិន​អាច​ជាប់ពន្ធ​ធនាគារ​ផង​ដែរ ។ ម្យ៉ាងទៀត C.Ronaldo ក៏​អាច​ចូលខ្លួន​ទទួលកំហុស​ហើយ​បង់ពន្ធ និង​ប្រាក់​ពិន័យ​ផ្សេង​ៗ​ជា​មុន​ដើម្បី​បន្ធូរបន្ថយ​ការ​ដាក់ទោស​ឱ្យមក​ត្រឹម​ក្រោម​រយៈពេល​២​ឆ្នាំ​ដើម្បី​រួច​ផុត​ពី​ការ​ជាប់ពន្ធ​ធនាគារ ៕