រាជធានីភ្នំពេញ ៖ មិនធ្លាប់មានបទពិសោធន៍ផ្នែកសិល្បៈចម្រៀង និងការឱ្យពិន្ទុ តែបែរជាអ្នករៀបចំកម្មវិធី «ចង់ក្លាយជាតារា» របស់ទូរទស្សន៍អប្សរាឱ្យធ្វើជាអ្នកដាក់ពិន្ទុក្នុងកម្មវិធីប្រឡងចម្រៀង ។ នេះជាការរិះគន់ចំពោះ វីជេ NANA និងវីជេ ប៉ុយនុយ ។
កម្មវិធីប្រឡងចម្រៀង «ចង់ក្លាយជាតារា»រៀបចំធ្វើឡើងនៅស្ថានីយទូរទស្សន៍អប្សរាក្រោមការដឹកនាំរបស់លោកនូ សុភេន ។ កម្មវិធីនេះផ្សាយជូនរាល់ថ្ងៃសៅរ៍វេលាម៉ោង៧យប់ដល់ម៉ោង៩យប់ ។ គណៈកម្មការដាក់ពិន្ទុមានអ្នកស្រីសួន ចន្ថា, លោកនូ សុភេន អ្នកដឹកនាំកម្មវិធី, កញ្ញាវីជេ ណាណា និងលោកវីជេ ប៉ុយនុយ ។
លោកនូ សុភេន ឱ្យដឹងថា កម្មវិធី«ចង់ក្លាយជាតារា» ជាកម្មវិធីថ្មីមួយប្លែកដែលមានតារាកិត្តិយសអមគណៈកម្មការដូចជាវីជេណាណា និងវីជេប៉ុយនុយ ដែលអ្នកទាំងពីរជាតំណាងកែវភ្នែករបស់ទស្សនិកជន ក្នុងការដាក់ពិន្ទុក្រៅពីអ្នកស្រីសួន ចន្ថា ព្រមទាំងគណៈកម្មការ៣នាក់ទៀត ។
លោកនូ សុភេន និយាយបន្តថា «មានទស្សនិកជនមួយចំនួនហាក់មិនពេញចិត្តណាណា និងប៉ុយនុយដោយរិះគន់ថានៅក្មេងមិនមានលក្ខណៈឯកទេសចម្រៀង តែបែរជាមកអង្គុយថា និងរិះគន់អ្នកប្រឡងដូចជាមិនទំនង។ យ៉ាងណាក្តីខ្ញុំមិនមានការលាក់កំបាំង ឬស៊ីសំណូកជាមួយបេក្ខជននោះឡើយ យកតែអ្នកណាខ្លាំងមានសមត្ថភាពប៉ុណ្ណោះ ។ បែរទៅមើលវីជេណាណា និងប៉ុយ នុយគាត់ក៏មានសមត្ថភាពយល់ដឹងពីការលើកដាក់សំឡេងពីរោះមិនពីរោះដែរ ដូចជាចង្វាក់ភ្លេងជាដើម ។ គាត់មិនខុសពីទស្សនិកជននោះទេ ឃើញបេក្ខជនមិនល្អគាត់ថាមិនល្អ បេក្ខជនចេញមកច្រៀងពីរោះ កាយវិការបាន យល់ពីអត្ថន័យក្នុងចម្រៀងបូកជាមួយការស្លៀកពាក់ គឺពួកគាត់មិនខ្លាចការឲ្យជាប់នោះទេ» ។
វីជេណាណានិយាយថា «នាងខ្ញុំអាចមើលដឹងបេក្ខជនណាពូកែនិងមិនពូកែ ។ បើមើលដឹង អ្នកទស្សនាក៏គាត់មើលដឹង ដ្បិតតែយើងមិនមែនជាអ្នកចម្រៀងមែន តែអាចស្តាប់បានដែរ ។ បេក្ខជនខ្លះគេចេញមក ទោះជាចាំពេលឡើងប្រឡងយូរបែបណា ហត់ហេវ តែអាចយកឈ្នះបាន ដោយសារអត់ខ្វល់សម្ពាធខាងក្រៅទេ ។ សិល្បៈលើឆាកផ្សេង ខាងក្រៅឆាកផ្សេងបើគាត់ចែកដាច់នោះយើងដាក់ពិន្ទុតាមហ្នឹង» ។
វីជេ ប៉ុយនុយ ថ្លែងអរគុណចំពោះអ្នករិះគន់ស្ថាបនាចំពោះលោកដែលធ្វើជាអ្នកដាក់ពិន្ទុឲ្យបេក្ខជនប្រឡងចម្រៀងក្នុងកម្មវិធី«ចង់ក្លាយជាតារា»។ «ការណ៍ពិតខ្ញុំគ្មានជំនាញស្តាប់ការច្រៀងពេញលេញទេ តែខ្ញុំក៏ដឹងខ្លះដែរថាបេក្ខជនណាល្អ និងមិនល្អ ច្រៀងបាន និងមិនបាន ព្រោះមានបទពិសោធន៍ក្នុងសិល្បៈយូរដែរ ពិសេសការងារក្នុងវិទ្យុ ។ សិល្បៈខ្ញុំកាន់ការងារក្នុងវិទ្យុរាប់ឆ្នាំ និយាយផង ចាក់ចម្រៀងផង អាចដឹងពីចង្វាក់បែបណាបានច្បាស់ ។ មួយទៀតខ្ញុំបានចាក់ចម្រៀងក្នុងកម្មវិធី«ឆាឆាឆា»របស់ប៉ុស្តិ៍បាយ័នយូរឆ្នាំដឹងបន្ថែមទៀតផ្នែកចង្វាក់ ។ ដូចនេះបេក្ខជនខ្ញុំមើលច្រើនលើចង្វាក់ជាងគេ ចូលមុន ឬក្រោយចង្វាក់ គឺដឹង ។ ទោះបីយ៉ាងណាក្តីខ្ញុំខិតខំធ្វើការងារនេះឲ្យល្អ និងអរគុណដល់អ្នករៀបចំកម្មវិធី ក្រុមការងារ និងអ្នកគ្រូសួន ចន្ថា ដែលបានលើកទឹកចិត្ត និងជួយប្រាប់ចំណុច សំខាន់ៗក្នុងការធ្វើគណៈកម្មការចម្រៀង »៕
ចែករំលែកព័តមាននេះ