ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វេ​ង សា​ខុន ៖ ប្រភេទដី​ដែល​មាន​សក្តានុពលកសិកម្ម​កំពុង​ថយ​ចុះគុណភាព

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន ប្រភេទ​ដី​ដែល​មាន​សក្តានុពល​នៅ​កម្ពុជា កំពុង​ថយ​ចុះ​គុណភាព​ជា​បណ្តើរ​ៗ​ទៅ​ជា​ដី​មាន​សក្តានុពល​ទាប ឬ​ដី​គ្មាន​សក្តានុពល​សម្រាប់​ផលិតកម្ម​កសិកម្ម ។ នេះ​បើ​តាម​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ។

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន ប្រភេទ​ដី​ដែល​មាន​សក្តានុពល​នៅ​កម្ពុជា កំពុង​ថយ​ចុះ​គុណភាព​ជា​បណ្តើរ​ៗ​ទៅ​ជា​ដី​មាន​សក្តានុពល​ទាប ឬ​ដី​គ្មាន​សក្តានុពល​សម្រាប់​ផលិតកម្ម​កសិកម្ម ។ នេះ​បើ​តាម​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ។

លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​លើក​ឡើង​នៅ​ក្នុង​ទិវា​ពិភពលោក ប្រយុទ្ធ​ប្រឆាំង​នឹង​រហោឋាន​កម្ម ឬ​ឱនភាព​ដី​ឆ្នាំ​២០១៧ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម កាលពី​ថ្ងៃ​ទី​១៥ មិថុនា ថា កម្ពុជា​ត្រូវ​បាន​ទទួលស្គាល់​ថា ជា​ប្រទេស​មាន​ខឿនសេដ្ឋកិច្ច​ពឹងផ្អែក​ទៅ​លើ​វិស័យ​កសិកម្ម ក្នុង​នោះ​តាម​ការ​សិក្សា​កន្លង​មក​វាយតម្លៃ​ថា ដី​នៅ​ប្រទេស​កម្ពុជា​ប្រមាណ​២៨%​មាន​សក្តានុពល​លើ​ផ្នែក​កសិកម្ម ឬ​ជា​ដី​មាន​ជីជាតិ​ខ្ពស់​, ដី​១៩%​មាន​សក្តានុពល​មធ្យម និង​៥៣%​ជា​ប្រភេទ​ដី​មាន​សក្តានុពល​ទាប ។

លោក​បន្ត​ថា បច្ចុប្បន្ន ប្រភេទ​ដី​ដែល​ប្រកបដោយ​សក្តានុពល​នេះ កំពុង​ទទួល​រង​ការ​ថយ​ចុះ​គុណភាព​ជា​បណ្តើរ​ៗ ទៅ​ជា​ដី​មាន​សក្តានុពល​ទាប ឬ​ដី​គ្មាន​សក្តានុពល​សម្រាប់​ផលិតកម្ម​កសិកម្ម ។ កត្តា​ដែល​នាំ​ឲ្យ​មានការ​ខូចខាត​ដល់​ទំហំ​ដី និង​ធនធាន​ដី​ក្នុង​ពេល​បច្ចុប្បន្ន​នេះ រួម​មាន ការ​ប្រើប្រាស់​បច្ចេកទេស​មិន​សម​ស្រប​នានា​ក្នុង​ផលិតកម្ម​កសិកម្ម​, ការ​ខ្វះចន្លោះ​ក្នុង​ការ​គ្រប់គ្រង​កាក​សំណល់​, ការ​មិន​ទាន់​បែងចែក​រវាង​ដី​ត្រូវ​ប្រើប្រាស់​ក្នុង​ផលិតកម្ម​កសិកម្ម ឬ​សំណល់​ភូមិសាស្ត្រ​ដី ទៅ​តាម​សក្តានុពល​នៃ​ប្រភេទ​ដំណាំ និង​ដី​សម្រាប់​គោលបំណង​ក្រៅពី​ផលិតកម្ម​កសិកម្ម​ជាដើម ។

លោក វេ​ង សា​ខុន បន្ត​ទៀត​ថា ពាក់ព័ន្ធ​នឹង​បញ្ហា​ឱនភាព​ដី បរិស្ថាន អ​ស្ថិរភាព​នយោបាយ អសន្តិសុខ ស្បៀង និង​ភាព​ក្រក្រី គឺជា​កត្តា​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​បង្ខំចិត្ត​ធ្វើ​ចំណាកស្រុក​។ ជាក់ស្តែង ចំនួន​មនុស្ស​ដែល​ធ្វើការ​ចំណាកស្រុក​នៅ​ទូ​ទាំង​ពិភពលោក បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស​ក្នុង​រយៈពេល​១៥​ឆ្នាំ​ចុង​ក្រោយ គឺ​មាន​រហូត​ដល់​២៤៤​លាន​នាក់​ក្នុង​ឆ្នាំ​២០១៥ ខណៈ​នៅ​ឆ្នាំ​២០០០ មាន​ត្រឹមតែ​១៧៣​លាន​នាក់​ប៉ុណ្ណោះ ។ បញ្ហា​ទាំងនេះ យើង​កត់សម្គាល់​ឃើញ​ថា ការ​បាត់បង់​ដី​ដែល​មាន​ផលិតភាព បាន​ជំរុញ​ឲ្យ​មនុស្ស​មាន​ជម្រើស​ជីវិត​ផ្សេង​ៗ គឺ​ប្រកបដោយ​ភាព​ប្រថុយប្រថាន ។

ទាក់ទិន​នឹង​បញ្ហា​ឱនភាព​ដីធ្លី មក​ដល់​ពេល​នេះ ក្រសួង​កំពុង​អនុវត្ត​ជា​បន្តបន្ទាប់​នូវ​គោលការណ៍​មួយ​ចំនួន​ក្នុង​ជំហាន​ទាំង​១០​នៃ​កម្មវិធី​នេះ ដោយ​សម្រេច​លទ្ធផល​ជាក់លាក់​មួយ​ចំនួន ក្នុង​នោះ​បាន​ជ្រើសរើស​យក​គម្រប​ព្រៃ​គោល​ជាង​១០​លាន​ហិ​កតា ស្មើនឹង​ជាង​៧៥%​នៃ​ផ្ទៃដី​សរុប​សម្រាប់​ឆ្នាំ​២០១០ និង​ជាង​៨​លាន​ហិ​កតា ស្មើ​ជាង​៤៦%​នៃ​ផ្ទៃដី​សរុប​សម្រាប់​ឆ្នាំ​២០១៤ ដើម្បី​ជួយ​ដល់​បញ្ហា​ឱនភាព​ដីធ្លី ដែល​កំពុង​មាន​សក្តានុពល​ថយ​ចុះ​ទាំងនេះ ៕