ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ខេត្តស្ទឹងត្រែង​ងាក​មក​ដាំ​ស្វាយចន្ទី ក្រោយ​ដំឡូង​មី​ធ្លាក់​ថ្លៃ

6 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ ដោយសារ​តែ​ដំណាំ​ដំឡូង​មី​ពិបាក​ថែទាំ​តាំងពី​ដើម​ទី​រហូត​ដល់​ពេល​ប្រមូល​ផល ហើយ​តម្លៃ​ទីផ្សារ​ដំឡូង​មី​មិន​ទៀងទាត់ ឡើង​ចុះ​ស្រេច​តែ​ឈ្មួញ ពេល​នេះ​កសិករ​នៅ​ខេត្តស្ទឹងត្រែង​បាន​ប្ដូរ​ចិត្ត​ងាក​មក​

ខេត្តស្ទឹងត្រែង ៖ ដោយសារ​តែ​ដំណាំ​ដំឡូង​មី​ពិបាក​ថែទាំ​តាំងពី​ដើម​ទី​រហូត​ដល់​ពេល​ប្រមូល​ផល ហើយ​តម្លៃ​ទីផ្សារ​ដំឡូង​មី​មិន​ទៀងទាត់ ឡើង​ចុះ​ស្រេច​តែ​ឈ្មួញ ពេល​នេះ​កសិករ​នៅ​ខេត្តស្ទឹងត្រែង​បាន​ប្ដូរ​ចិត្ត​ងាក​មក​ដាំ​ដំណាំ​ស្វាយចន្ទី​វិញ បើ​ទោះ​វា​ជា​ដំណាំ​យុទ្ធសាស្ត្រ​រយៈពេល​វែង តែ​មិន​ពិបាក​មើលថែ ចំណែក​តម្លៃ​លើ​ទីផ្សារ​មាន​ស្ថិរភាព និង​អាច​ទទួលយក​បាន ។

ម្ចាស់​កសិដ្ឋាន​បណ្តុះ​កូន​ស្វាយចន្ទី​នៅ​ឃុំ​អូរ​ឫស្សី​កណ្តាល ស្រុក​សៀម​បូក លោក ស៊ែ ម៉េ​ង​អាន ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​២០១៧​នេះ កសិករ​បាន​នាំ​គ្នា​កាត់​បន្ថយ​ការ​ដាំដំឡូង​មី​ច្រើន​ជាង​ឆ្នាំ​កន្លង​មក ដោយសារ​តែ​ដំឡូង​មី​ពិបាក​ថែទាំ​និង​តម្លៃ​ទាប ហើយ​ឈ្មួញ​តែង​ទម្លាក់​ថ្លៃ​នៅ​ពេល​ប្រមូល​ផល ។ ចំណែក​ដំណាំ​ស្វាយចន្ទី​ងាយស្រួល​មើលថែ និង​ជា​ដំណាំ​យុទ្ធសាស្ត្រ​រយៈពេល​វែង ។

លោក​ថា ៖ « កសិករ​សម្រេចចិត្ត​ផ្លាស់​ប្តូរ​បែប​នេះ​គឺ​ត្រឹមត្រូវ​ហើយ ដោយសារ​តែ​គ្រាប់ស្វាយចន្ទី​កំពុង​មាន​តម្រូវការ​លើ​ទីផ្សារ និង​តម្លៃ​ខ្ពស់ ។ ចំណែក​លោក​ក៏​ខិតខំ​បណ្តុះ​ពូជ​ដើម្បី​ជួយ​ផ្គត់ផ្គង់​ជូន​កសិករ​ដែរ តែ​កត្តា​សំខាន់ មុន​ពេល​យក​ទៅ​ដាំ ត្រូវ​ពិគ្រោះ​យោបល់​ជាមួយ​ផ្នែក​ជំនាញ​កសិកម្ម​ជា​មុន » ។

លោក​បន្ដ​ថា ៖ « ការ​ដាំ​ដំណាំ​ស្វាយចន្ទី​សរីរាង្គ កត្តា​ចម្បង​គឺ​ការ​ជ្រើសរើស​ពូជ​។ យើង​ត្រូវ​ជ្រើសរើស​យក​ពូជ​ណា​ដែល​សុទ្ធ​ល្អ ធន់​នឹង​ជំងឺ ហើយ​ផ្តល់​ទិន្នផល​ខ្ពស់ និង​ផ្លែ​ចង្កោម ។ ដូច្នេះ មុន​នឹង​សម្រេចចិត្ត​វិនិយោគ​លើ​ដំណាំ​នេះ សំខាន់​បំផុត​គឺ​ពូជ » ។

កសិករ​នៅ​ភូមិ​ត្រពាំង​ព្រីង សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង លោក ឡុ​ង គី​ថា​យ បាន​ទទួលស្គាល់​ថា ការ​ឲ្យ​តម្លៃ​ទៅ​លើ​ពូជ ពិតជា​សំខាន់​មែន ពីព្រោះ​នៅ​ពេល​វា​ផ្កា​ផ្លែ នឹង​ទទួលផល​ច្រើន​ទៀងទាត់ មានគុណ​ភាពល្អ និង​ងាយស្រួល​នាំ​យក​ទៅ​លក់​នៅ​ទីផ្សារ ។

លោក​បន្ថែម​ថា ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ កសិករ​ដែល​ដាំដំឡូង​មី​ត្រូវ​ខាតបង់​ថវិកា​រាប់​លាន​រៀល និង​ជួប​ការ​លំបាក​ច្រើន ទើប​នាំ​គ្នា​រិះរក​វិធី​រៀង​ៗ​ខ្លួន ជា​ជាង​ទុក​ដី​ឲ្យ​ទំនេរ​ចោល​។ ចំណែក​ការ​ដាំ​ដំណាំ​ស្វាយចន្ទី​នេះ វា​ងាយស្រួល​ថែ និង​ប្រមូល​ផល ដោយ​មិន​លំបាក​ដូច​ដំឡូង​មី​ទេ ។ លោក​លើក​ឡើង​ថា ការ​ដាំដំឡូង​មី​ពិបាក​ទាំង​ការ​មើលថែ នៅ​ពេល​ប្រមូល​ផល ហើយ​តម្លៃ​មិន​ទៀងទាត់​ទៀត ។ ចំណែក​ស្វាយចន្ទី តម្លៃ​វា​ថេរ​ខុស​គ្នា​តិចតួច គឺ​អាច​ទទួលយក​បាន ហើយ​ងាយស្រួល​ថែទាំ​ថែម​ទៀត ។

ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត លោក លៀង សេង បាន​សម្ដែង​ការ​គាំទ្រ​ចំពោះ​កសិករ​ដែល​មានចំណេះ​ដឹង​ផ្នែក​បង្កាត់​ពូជ​កូន​ស្វាយចន្ទី​នេះ ពីព្រោះ​វា​អាច​ធ្វើ​ឲ្យ​កសិករ​ផ្លាស់​ប្តូរ​ពី​ការ​ដាំ​ដំណាំ​ផ្សេង​ៗ ងាក​មក​ដាំ​ស្វាយចន្ទី ហើយ​នៅ​ពេល​ទទួលផល អាច​រក្សា​ទុក​បាន​យូរ និង​ងាយស្រួល​នាំ​ចេញ​ទៅ​ទីផ្សារ ។ ដំណាំ​នេះ​អាច​ជួយ​ទ្រទ្រង់​ជីវភាព និង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​គ្រួសារ​រីក​ចម្រើន ។

លោក​ប្រធាន​មន្ទីរ​បញ្ជាក់​ថា ៖ « គ្រប់​សកម្មភាព​ទាំង​ក្រុមហ៊ុន ទាំង​កសិដ្ឋាន និង​ថ្នាល​បណ្តុះ​ពូជ​ដំណាំ មន្ទីរ​តែង​ជួយ​គាំទ្រ និង​ជំរុញ​ឲ្យ​បង្កើន​ការ​បណ្តុះ​ឲ្យ​បាន​ទ្វេ​ដង ជ្រើសរើស​ពូជ​ល្អ​ៗ​ពេល​កសិករ​យក​ទៅ​ដាំ​ដុះ​ឲ្យ​ទទួល​បាន​ផល​ខ្ពស់ » ។ លោក​ថា ៖ « ការ​សហការ​គ្នា​នេះ គឺ​យើង​មាន​ក្រុមហ៊ុន​ផលិត​ពូជ បន្ទាប់​មក​មន្ទីរ​កសិកម្ម​គាំទ្រ​បច្ចេកទេស ។ អីចឹង​ការ​គាំទ្រ​បច្ចេកទេស​និង​មានពូជ​នេះ គឺជា​លក្ខណៈ​ល្អ​ដល់​កសិករ​យើង​ផលិត » ។

យោង​តាម​របាយការណ៍​របស់​មន្ទីរ​កសិកម្ម រុក្ខ​ប្រមាញ់ និង​នេសាទ​ខេត្តស្ទឹងត្រែង បង្ហាញ​ថា នៅ​ទូ​ទាំង​ខេត្ត​មាន​ផ្ទៃដី​ដាំ​ស្វាយចន្ទី​ចំនួន​៥.៤៩៤​ហិ​កតា បូក​រួម​ទាំង​ដំណាំ​ដែល​កំពុង​ប្រមូល​ផល និង​កំពុង​ដំណើរការ​ដាំ​ដុះ ។

ក្នុង​រយៈពេល​២​ខែ​ពី​ខែមេសា និង​ខែឧសភា ឆ្នាំ​នេះ ទិន្នផល​ដែល​ទទួល​បាន​សរុប​ចំនួន​៣.៥៧១​តោន និង​នៅ​សេសសល់​តិចតួច​ដើមខែ​មិថុនា​នេះ ។ ចំណែក​តម្លៃ​ទីផ្សារ​ទិញ​ចូល​នៅ​ដើមឆ្នាំ​ក្នុង​ខែមេសា បាន​ហក់​ឡើង​៨.៥០០​រៀល​ក្នុង​១​គីឡូក្រាម តែ​បាន​ធ្លាក់​ថ្លៃ​បន្តិច​ម្តង​ៗ មក​នៅ​ត្រឹម​២.៥០០​រៀល​ក្នុង​១​គីឡូក្រាម​វិញ ដោយសារ​តែ​គ្រាប់ស្វាយចន្ទី​ស​ម្ងួ​ត​មិនសូវ​ល្អ​បណ្ដាល​មក​ពី​ត្រូវ​ទឹកភ្លៀង​ឡើង​សប្បុរ​ខ្មៅ និង​ដុះ​ផ្សិត ។

ដោយសារ​តែ​កសិករ​ងាក​មក​ដាំ​ដុះ​ដំណាំ​យុទ្ធសាស្ត្រ​មួយ​នេះ ទើប​កសិដ្ឋាន​បណ្តុះ​កូន​ស្វាយចន្ទី​នៅ​ឃុំ​អូរ​ឫស្សី​កណ្តាល បាន​និង​កំពុង​បណ្តុះ​ពូជ​ប្រភេទ M23 ចំនួន​៣០​ម៉ឺន​ដើម​បន្ថែម​ទៀត ដើម្បី​ជួយ​ផ្គត់ផ្គង់​លើ​ទីផ្សារ​ជូន​ប្រជា​កសិករ​ក្នុង​ខេត្ត​ដែល​កំពុង​ត្រូវការ ។

សួ​ម​បញ្ជាក់​ថា ពូជ​ប្រភេទ M23 កសិករ​អាច​ទិញ​បាន​នៅ​កសិដ្ឋាន​នេះ ក្នុង​១​ដើម​តម្លៃ​២.៨០០​រៀល សម្រាប់​អ្នក​កក់​ប្រាក់​មុន ហើយ​បើ​ទិញ​ភ្លាម​ៗ តម្លៃ​៤​ពាន់​រៀល ។ ចំណែក​នៅ​ថ្នាល​បណ្តុះ​កូន​ដំណាំ​កសិកម្ម​របស់​មន្ទីរ​កសិកម្ម​ខេត្ត តម្លៃ​តែ​១​ពាន់​រៀល​ប៉ុណ្ណោះ ៕