រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១៧ មិថុនា ឆ្នាំ២០១៧ នៅលើទំព័រហ្វេសប៊ុកផ្លូវការ របស់អគ្គស្នងការនគរបាលជាតិ បានចុះផ្សាយអត្ថបទមួយមានចំណងជើងថា (តើK01 មានតួនាទីអ្វីឲ្យពិតប្រាកដ?)
ខាងក្រោមនេះជាខ្លឹមសារអត្ថបទ នៅលើទំព័រហ្វេសប៊ុកផ្លូវការ របស់អគ្គស្នងការនគរបាលជាតិ ៖ ប្រិយមិត្តដែលនិយមលេង ហ្វេសប៊ុក ប្រាកដជាបានស្គាល់ឈ្មោះ ផេក Satawatch FC 20 ដែលតាំងរហស្សនាមខ្លួនឯងថា K01 ដែលគេស្គាល់ថាជានិពន្ធនាយក អង្គភាពសាព័ត៌មានកម្លាំងមនុស្សធម៌ តើរហស្សនាម K01នេះ តើអង្គភាពណាជាអ្នកចេញឲ្យប្រើ? មានប្រិយមិត្តជាច្រើនដែលនិយមលេង ហ្វេសប៊ុក មានចម្ងល់ថា តើK01 មានតួនាទីអ្វីឲ្យពិតប្រាកដ ជាអ្នកយកព័ត៌មាន ឬជាមន្ត្រីនគរបាលចរាចរណ៍។
មានមតិមួយចំនួនបានសរសើរ ហើយមានមតិមួយចំនួនទៀតបានរិះគន់យ៉ាងចាស់ដៃថា K01ធ្វើលើសនូវអ្វីដែលជាវិជ្ជាជីវរបស់អ្នកសារព័ត៌មាន។ ដើម្បីចង់ទទួលប្រជាប្រិយភាពក្នុងបណ្តាញសង្គមហ្វេសប៊ុក K01និងក្រុមការងារបានចុះចាប់ម៉ូតូគ្រប់ទីកន្លែង គ្រប់ទិសទី សូម្បីតែជិះទៅទិញខ្យង ដែលផ្លូវស្ងាត់ឈឹងក៏K01 ចាប់ដែរ ពេលចាប់ហើយK01 បានប្រើពាក្យសម្តីមិនសមរម្យទៅលើអ្នកបើកបរទៀត ដូចជាពាក្យ លោកឯងអត់ខួរ លោកឯងល្ងង់ មិនចេះគិតពិចារណា តើគាត់មានតួនាទីអ្វីបានជាហ៊ានប្រើពាក្យបែបនេះទៅលើមហាជន?។ មន្ត្រីនគរបាលជាន់ខ្ពស់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា ចំពោះផ្លូវច្បាប់K01អត់មាននីតិសម្បទាគ្រប់គ្រាន់ ក្នុងការដោះស្រាយសណ្តាប់ធ្នាប់ចរាចរណ៍នៅលើដងផ្លូវទេ ក្នុងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ស្តីអំពីតួនាទីភារកិច្ច មានសមត្ថកិច្ចនគរបាល មានកម្លាំងកងរាជអាវុធហត្ថ មន្ទីរសាធារណៈការ ដែលមានសិទ្ធិធ្វើការងារនៅលើដងផ្លូវសាធារណៈ ក្រៅពីសមត្ថកិច្ចមានក្រុមយុវជនស្ម័គ្រចិត្តរបស់សាលាក្រុង ក្រុមកាយរិទ្ធដែលចុះជួយផ្សព្វផ្សាយស្តីពីបញ្ហាចរាចរណ៍។ លោកបន្តថា ចំពោះទង្វើរបស់K01 ធ្វើឲ្យមហាជនយល់ថា គាត់សកម្មណាស់ ប៉ុន្តែចំពោះនីតិវិធីគឺមិនត្រូវទៅតាមច្បាប់ឡើយចំណុចនេះហើយដែលK01មិនយល់។
លោកលើកឧទាហរណ៍ថា ប្រសិនបើមានឧបទ្ទវហេតុកើតឡើង តើអ្នកណាជាអ្នកទទួលខុសត្រូវ? តើK01 មានការឯកភាពពីស្ថាប័នណាមួយដែលអាចឲ្យធ្វើការងារនៅលើដងផ្លូវ ចុះក្នុងករណីមានឡាន ឬម៉ូតូជិះទៅបុកបុគ្គលិកគាត់ស្លាប់ សួរថាតើK01 គាត់បានបំពេញលក្ខណៈត្រឹមត្រូវទៅតាមបទបញ្ញត្តិច្បាប់ហើយឬនៅ មុនចុះអនុវត្តន៍នៅលើដងផ្លូវតើក្រុមកាងាររបស់K01 បានទទួលការបណ្តុះបណ្តាលទេ អំពីការរៀបចំ អំពីការឃាត់មធ្យោបាយ និងនីតិវិធីផ្សេងៗ ដែលច្បាប់ត្រូវបានកំណត់ មិនមែនចង់ទៅដាក់គោលដៅណាក៏បាននោះ តើK01បានបង្រៀនក្រុមការងាររបស់ខ្លួនហើយឬនៅ អំពីការធ្វើការងារនៅតាមដងផ្លូវ? លោកបន្ថែមថា បើលោកK01ចង់ធ្វើត្រូវសហការណ៍ជាមួយសមត្ថកិច្ច មិនមែនឯករាជ្យតែឯងនោះទេ។
តើK01 មានសិទ្ធិអីទៅឃាត់រថយន្តប្រជាពលរដ្ឋ មានតែកម្លាំងសមត្ថកិច្ចទេមានសិទ្ធិឃាត់ និងបញ្ជាយានយន្តនៅលើដងផ្លូវ។ មហាជនមួយចំនួនបានឲ្យភ្នាក់ងារយើងដឹងថា ក្រុមកាងាររបស់K01 ធ្វើនេះដើម្បីផលប្រយោជន៍ផ្ទាល់ខ្លះប៉ុណ្ណោះ ព្រោះពេល Live ម្តងៗបានដាក់ធុងរៃអង្គាស ដើម្បីចិញ្ចឹមអង្គភាពរបស់ខ្លួន និងលក់ផលលិតផលឲ្យក្រុមហ៊ុនមួយចំនួនទៀត។ តើនេះជាការប្រកបអាជីវកម្ម ឬជាកាងារប្រកបដោយភក្តីភាព សូមប្រិយមិត្តជួយពន្យល់?។ នៅចុងបញ្ចប់នៃអត្ថបទ ទំព័រហ្វេសប៊ុកផ្លូវការ របស់អគ្គស្នងការនគរបាលជាតិ បានបន្ថែមថា ៖ សូមបញ្ជាក់ថា អង្គភាពយើងខ្ញុំលើកយកមកផ្សាយពេលនេះមិនមែនចង់បានប្រជាប្រិយភាពដូចក្រុមការងារបស់K01 នោះទេ យើងចុះផ្សាយនេះដើម្បីដោះស្រាយចម្ងល់ខ្លះៗ របស់មហាជនតែប៉ុណ្ណោះ៕
ចែករំលែកព័តមាននេះ