រាជធានីភ្នំពេញ ៖ លោកទេព រិនដារ៉ូ និងកញ្ញាដួង ម៉ានិច្ច បានរួមគ្នាសម្តែងក្នុងខ្សែភាពយន្តរឿង«ពស់កេងកង» ។ ភាពយន្តនេះមានឈុតឆាតស្នេហាច្រើនរវាងលោកដារ៉ូ និងកញ្ញាម៉ានិច្ច ។
ពិធីសម្ពោធខ្សែភាពយន្តរឿង«ពស់កេងកង»របស់ទូរទស្សន៍PNN រៀបចំឡើងកាលពីល្ងាចថ្ងៃទី១៥ មិថុនា ឆ្នាំ២០១៧ នៅសណ្ឋាគារភ្នំពេញ ដោយមានផលិតករ តារាសម្តែង និងភ្ញៀវកិត្តិយសជាច្រើនចូលរួម ។
លោកទេព រិនដារ៉ូ ដែលប៉ះជាមួយស្រីស្អាតវ័យក្មេងដួង ម៉ានិច្ច ក្នុងរឿង«ពស់កេងកង»សម្តែងក្តីសប្បាយរីករាយដែលរឿងនេះបានថតឡើងវិញក្រោមបច្ចេកទេសថ្មី និងគោរពស្នាដៃដើម ។ រឿងនេះលោកដារ៉ូសម្តែងជាតួអង្គ«ពស់កេងកង» ស្រឡាញ់នាងនីសម្តែងដោយកញ្ញាដួង ម៉ានិច្ច ។
លោកទេព រិនដារ៉ូ និយាយថា «ការសម្តែងជាមួយស្រីនិច្ចមានអារម្មណ៍ចូលតួល្អ នាងហ៊ានលេងឈុតស្នេហាថើបឱបជញ្ជក់មាត់មិនឲ្យបារម្ភខ្មាស ។ នេះជាសិល្បៈ ពិសេសឈុតក្នុងទឹកជ្រោះផង និងថតឈុតស្នេហាក្នុងខ្ទមផង ។ នាងសម្តែងបានល្អដូចឈុតស្នេហាខ្ញុំធ្លាប់ថតជាមូយអ្នកនាងអម្ពរ ទេវី ពីមុនក្នុងរឿងចៅពស់កេង» ។
កញ្ញាដួង ម៉ានិច្ច និយាយពីការសម្តែងឈុតស្នេហារោលរាលថា «ដំបូងឡើយនាងខ្ញុំគិតថាពិបាក ព្រោះមិនដែលគិតថាបានប៉ះគ្នាជាមួយលោកទេព រិនដារ៉ូទេ ។ បានថតជាមួយគាត់ពីដំបូងនាងខ្ញុំមានអារម្មណ៍ថា កាន់តែងាយស្រួល ដោយសារតែទាំងប៉ារ៉ូលនិងកាយវិការបានបង្ហាញឲ្យគ្នាទៅវិញទៅមក ដោយនាងខ្ញុំព្យាយាមយ៉ាងណាឲ្យងាយស្រួលឲ្យគាត់ទទួលយកអារម្មណ៍របស់នាងខ្ញុំវិញ ។
ពីមុននាងខ្ញុំខ្លាចពស់ តែខ្លាចធម្មតា តែថតជាមួយពស់ដំបូងអត់ដឹងថា ពស់មានចង្កូមទេ តែពេលសម្តែងជាមួយគឺបានល្អជាមួយពស់ទម្ងន់១០០គីឡូ ។ អ្វីដែលភ័យតក់ស្លុត គឺត្រង់ថតឈុតបែបពពោះ មានផ្ទុកដោយសត្វពស់១៥គីឡូ ត្រូវពពោះថតស្លុតខ្លាំងសុទ្ឋតែពស់ពេញផ្ទៃពោះយើង តែនេះជាការស្រឡាញ់មិនបោះបង់ឡើយ» ។
ភាពយន្តរឿង«ពស់កេងកង» ផលិតឡើងវិញជារឿងភាគ និងត្រូវចែកចេញជាពីរវគ្គ ដោយវគ្គទី១រក្សាទម្រង់ដើមចំនួន១២ភាគ។ វគ្គទី២ចំនួន២៦ភាគ ។ រឿងនេះសហការផលិតដោយអ្នកជំនាញពីប្រទេសកាណាដា ហ្វ៊ីលីពីន និងកម្ពុជា ដោយទូរទស្សន៍ភីអិនអិនបានទទួលសិទ្ធិពីស្ថាបន័សិទ្ធិអ្នកនិពន្ឋ និងសិទ្ធិប្រហាក់ប្រហែល ។
តារាចូលរួមសម្តែងក្នុងរឿង«ពស់កេងកង»មានលោកទេព រិនដារ៉ូ, កញ្ញាដួង ម៉ានិច្ច , លោកជា សំណាង, លោកណាខុន, កញ្ញាសក្កដា, អ្នកនាងឌី លីណា, និងតារាកំប្លែងតាចេកជាដើម ។
កញ្ញាទូច បុប្ជា ប្រធានផ្នែកទីផ្សាររបស់ទូរទស្សន៍ភីអិនអិននិយាយថា កន្លងមកភីអិនអិនបានជ្រើសរើសយ៉ាងសម្រិតសម្រាំងប្រភេទសាច់រឿងបែបកំប្លេង និងមនោសញ្ចេតនាទាំងសម័យនិងបុរាណ ផលិតជាភាពយន្តភាគទូរទស្សន៍ ដើម្បីជាចំណីអារម្មណ៍សម្រាប់ទស្សនិកជននៅតាមគេហដ្ឋាន ។ ចំពោះប្រភេទរឿងព្រេងខ្មែរមួយចំនួន ក៏ជ្រើសរើសតែផលិតដែរដោយជឿជាក់ថា ទស្សនិកជនភាគច្រើនចង់ទស្សនា។ ជាក់ស្តែងរឿង «ពស់កេងកង»បានជ្រើសរើសយកមកផលិតហើយគ្រោងនឹងចាក់បញ្ចាំងនៅខែកក្កដា ៕
ចែករំលែកព័តមាននេះ