ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវលំ​មួយ​ខ្សែ​ខាងត្បូង​ផ្សារ​ពន្លៃ ខូចខាត​ជា​ខ្លាំង​លំបាក​ធ្វើ​ដំណើរ

6 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ផ្លូវលំ​មួយ​ខ្សែ​ចេញពី​ផ្លូវ​ផ្លូវជាតិ​លេខ​៥ នៅ​ចំណុច​ជាប់​ខាងត្បូង​ផ្សារ​ពន្លៃ ឃុំ​ពន្លៃ ស្រុក​បរិបូរណ៍ ទៅ​កាន់​ឃុំ​ពេ​ជ​ចង្វា បាន​រង​ការ​ខូចខាត​ស្ទើរ​ទាំងស្រុង

ខេត្តកំពង់ឆ្នាំង ៖ ផ្លូវលំ​មួយ​ខ្សែ​ចេញពី​ផ្លូវ​ផ្លូវជាតិ​លេខ​៥ នៅ​ចំណុច​ជាប់​ខាងត្បូង​ផ្សារ​ពន្លៃ ឃុំ​ពន្លៃ ស្រុក​បរិបូរណ៍ ទៅ​កាន់​ឃុំ​ពេ​ជ​ចង្វា បាន​រង​ការ​ខូចខាត​ស្ទើរ​ទាំងស្រុង ពិសេស​ចំណុច​ជាប់​ផ្សារ​នេះ​តែ​ម្តង​។ ប្រជាពលរដ្ឋ​រស់នៅ​តាម​ដងផ្លូវ និង​អ្នក​ធ្វើ​ដំណើរ​បាន​ត្អូញត្អែរ​ថា ផ្លូវ​មួយ​ខ្សែ​នេះ​ខូចខាត​យូរហើយ​គ្មាន​អ្នក​ធ្វើ បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​ជួប​ការ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​។ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជាប់​នឹង​ផ្លូវ​ដែល​រង​ការ​ខូចខាត រួម​ទាំង​អ្នក​ធ្វើ​ដំណើរ​បាន​លើក​ឡើង​ថា តាម​ពិត​ផ្លូវ​នឹង​ឃើញ​មាន​ចាក់​ដី​ធ្វើ​រាល់​ឆ្នាំ ប៉ុន្តែ​ដោយសារ​គ្មាន​ប្រព័ន្ធ​លូ​បង្ហូរទឹក​ទើប​បណ្តាល​ឲ្យ​ផ្លូវ​ខូច​បែប​នេះ​ជា​រៀង​រាល់​ឆ្នាំ​។

ក្នុង​ស្ថានភាព​ផ្លូវ​បែប​នេះ ប្រជាពលរដ្ឋ​ជួប​ការ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ជា​ខ្លាំង អាស្រ័យ​ហេតុនេះ​ពួក​គាត់ បាន​សំណូមពរ ដល់​ប្រមុខ​រាជរដ្ឋាភិបាល​សូម​មេត្តា​ជួយ​ស្ថាបនា​ផ្លូវ​មួយ​ខ្សែ​នេះ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បាន​ធ្វើ​ដំណើរ​ស្រួល​ផង​។ ផ្តើម​ចេញពី​ការ​លំបាក ធ្វើ​ដំណើរ​នៅ​តាម​ផ្លូវ​ខាងលើ​នេះ ក៏​មាន​បណ្តាញ​សង្គម ហ្វេ​ស​បុក បាន​បង្ហោះ​រូបភាព​ផ្លូវ​លំបាក​នេះ ហើយ​បន្ទាប់​មក​ក៏​ឃើញ​មាន​អ្នក​ចូល​ទៅ បញ្ចេញយោបល់​(comment) តាម​ទស្សនៈ​ផ្សេង​ៗ​គ្នា ខ្លះ​ថា​ឲ្យ​មេឃុំ​ទើប​ជាប់​ឆ្នោត​ថ្មី​ធ្វើ​ទៅ (​មេឃុំ​ជាប់​ឆ្នោត​ថ្មី​គណៈបក្ស​សង្គ្រោះ​ជាតិ​) តែ​ខ្លះ​ទៀត​ថា ផ្លូវ​ខូច​យូរហើយ មេឃុំ​ចាស់​ម៉េច​មិន​ព្រម​ធ្វើ ចំណែក​ខ្លះ​ទៀត​បែប​និយាយ​បែប​កណ្តាល ថា ខាង​ណា​ជាប់​ឆ្នោត​ក៏​ដោយ សូម​យក​ប្រាក់​បដិភាគ និង​មូលនិធិ​ឃុំ ធ្វើ​ទៅ ទើបបាន​ធ្វើ​ដំណើរ​ស្រួល​ទាំងអស់​គ្នា​។

ប៉ុន្តែ​ទោះ​យ៉ាងនេះ​ក្តី អភិបាលស្រុក​បរិបូរណ៍ លោក ឃួ​ន សៅ​រុំ បាន​ប្រាប់​ថា កុំ​ទាន់​ចោទ​ដាក់​គ្នា​អី ផ្លូវ​មួយ​ខ្សែ​នេះ​មាន​ប្រវែង​ជាង​១២​គីឡូម៉ែត្រ ចេញពី​ផ្លូវជាតិ​លេខ​៥ ចំណុច​ផ្សារ​ពន្លៃ​នេះ ទៅ​ឃុំ​ពេ​ជ​ចង្វា ស្រុក​បរិបូរណ៍ គឺ​មាន​គម្រោង​ធ្លាក់​មក​ហើយ គឺ​ក្រសួង​អភិវឌ្ឍន៍ជនបទ ជា​អ្នក​ធ្វើ​ដោយ​ក្រាល​កៅស៊ូ  ហើយ​បើ​តាម​ដឹង នឹង​ធ្លាក់​មក​ឆាប់​ៗ​នេះ មិន​ដល់​ឆ្នាំ​២០១៨​ទេ​។ សូម​បងប្អូន​ប្រជាពលរដ្ឋ ជឿ​ទុកចិត្ត​ចុះ និង​សូមអត់ធ្មត់​ទ្រាំ​បន្តិច​ទៅ នឹង​បាន​ផ្លូវ​ថ្មី​ក្រាល​កៅស៊ូ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​។សូម​បញ្ជាក់​ដែរ​ថា បើ​តាម​មន្ត្រី​នៃ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តកំពង់ឆ្នាំង បាន​បញ្ជាក់​ថា ក្រសួង​អភិវឌ្ឍន៍ជនបទ​នឹង​ទៅ​បន្ត​ធ្វើ​ផ្លូវលំ​ខាងលើ​នេះ ក្នុង​ពេល​ឆាប់​ៗ​នេះ ព្រោះ​បច្ចុប្បន្ន​កំពុង​ជាប់​ធ្វើ​ផ្លូវ​ក្រាល​កៅស៊ូ​ដូច​គ្នា​នេះ​ដែរ ពី​ផ្លូវជាតិ​លេខ​៥​ចំណុច​ភូមិ​ឈើ​នាគ ទៅ​ផ្លូវជាតិ​លេខ​៥៣ ស្រុក​ទឹកផុស​៕                                        .