ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកសំដែងធម៌គួរប្រកបដោយឥរិយាបថបែបណា ?

6 ឆ្នាំ មុន

ការ​សំដែង​បកស្រាយ​វែកញែក​បំភ្លឺ​ទៅ​លើ​បញ្ហា​កម្ម​ណាមួយ​មាន​គោល​ធម៌​ជាដើម ឱ្យ​គេ​បាន​យល់ ចូល​ចិត្ត លោក​ចាត់​ថា​ជា

ការ​សំដែង​បកស្រាយ​វែកញែក​បំភ្លឺ​ទៅ​លើ​បញ្ហា​កម្ម​ណាមួយ​មាន​គោល​ធម៌​ជាដើម ឱ្យ​គេ​បាន​យល់ ចូល​ចិត្ត លោក​ចាត់​ថា​ជា​ធម្មទាន ដែល​ជា​ទាន​មាន​ផល​ខ្ពស់​ជាង​ទាន​នានា ។ ប៉ុន្តែ​ការ​សំដែង​ពន្យល់​បង្ហាញ​ឱ្យ​គេ​កាន់តែ​ជឿជាក់ មិន​បែរ​រេ​នោះ ទាល់តែ​លោក​អ្នកធម្ម​ថិ​ក​ប្រតិបត្តិ​តាម​គោលសេចក្តី​៥​ចំណុច​ដូច​តទៅ ៖

១-​សំដែង​ធម៌​តាម​លំដាប់ មិន​ច្រូតកាត់​ពេក​ឱ្យ​ខូច​សេចក្តី
២-​លើកយក​ហេតុផល​មក​អាង​ណែនាំ​ឱ្យ​អ្នក​ស្តាប់​កាត់​តែ​ចូល​ចិត្ត
៣-​តាំងចិត្ត​មេត្តា​ប្រាថ្នា​ឱ្យ​ជា​ប្រយោជន៍​ដល់​អ្នក​ស្តាប់ បានជា​វត្តប្រតិបត្តិ
៤-​មិន​សំដែង​ធម៌ ព្រោះ​ឃើញ​លាភ​អាមិស
៥-​មិន​សំដែង​ធម៌​លើក​ខ្លួនឯង ហើយ​បន្តុះបង្អាប់​អ្នក​ដទៃ​ក្នុង​ពេល​សំដែង​នោះ ។
ភិក្ខុ​ជា​ធម្មកថិក​គប្បី​តាំង​ទុក​នូវ​អង្គ​ទាំង​៥​យ៉ាងនេះ​ក្នុង​ខ្លួន​ជា​និច្ច ។

ពាក្យ​ថា​អង្គ​នៃ​ធម្មកថិក​នោះ​គឺជា​អង្គ​របស់​លោក​អ្នក​ទេសនា​ដែល​នឹង​ត្រូវ​ប្រតិបត្តិ​តាម​អង្គ​៥​យ៉ាងនេះ ។ បើ​លោក​អ្នក​ទេស​អង្គ​ណា​មិន​ប្រតិបត្តិ​តាម លោក​អ្នក​ទេស​អង្គ​នោះ​រមែង​មិន​មាន​អ្នក​ណា​និយម​រាប់អាន​ហើយ​ជ្រះថ្លា និង​ទៅ​ជា​អ្នក​ទេស​ដែល​រាប់​ថា​ល្អ​នោះ​ទេ ។

ប្រការ​ទី​១ ពាក្យ​ថា​«​សំដែង​ធម៌​តាម​លំដាប់ មិន​ច្រូតកាត់​ពេក​ឱ្យ​ខូច​សេចក្តី​» នោះ​សម្គាល់ថា​សំដែង​ទៅ​តាម​គោល​រឿង គោល​មាតិកា​ធម៌ ខ្លឹម​សារធម៌​…​មិន​យក​ការ​ខ្ជិលច្រអូស​មក​ជាទី​តាំង ហើយនឹង​កាត់​ៗ​ច្រូត​ៗ​ឱ្យ​ខូច​សេចក្តី ទាល់តែ​អ្នក​ស្តាប់ ស្តាប់​មិន​បានដឹង​គោល​រឿង​សោះ យល់​ខ្លឹមសារ​រឿង​ថា​យ៉ាង​មេ​៉​ច​។ ការ​សំដែង​មិន​ឱ្យ​គេ​យល់​ចូល​ចិត្ត​បែប​នេះ​ទំនងជា​បាន​តែ​ម្តង​ទេ ថ្ងៃក្រោយ​គេ​លែង​ហៅ​មក​ទេស​ទៀត​ហើយ ។

២-​មួយទៀត​សម្គាល់​សេចក្តី​ថា ត្រូវ​ចង្អុលបង្ហាញ​ទាញ​យក​ហេតុ​និង​ផល​មក​អាង ដើម្បី​ណែនាំ​ឱ្យ​អ្នក​ស្តាប់​កាន់តែ​ចូល​ចិត្ត​យល់​ជាក់ច្បាស់ កាត់ក្តី​សង្ស័យ​ប្រៀប​បាន​ផ្ទាំង​ក្រណាត់​ស​ស្អាត មិន​មាន​គ្រឿង​សៅហ្មង​មក​ប្រឡាក់​ដាម ។ 

ប្រការ​ទី​៣ សំគាល់​សេចក្តី​ថា ត្រូវ​តាំងចិត្ត​មេត្តា គឺ​ប្រាថ្នា​ប្រយោជន៍​ឱ្យ​អ្នក​ស្តាប់​ចូល​ចិត្ត​ហើយ​បាន​ទទួល​សេចក្តី​ដឹង​ពិត​ៗ ។ ការ​ស្តាប់​បាន ការ​យល់​ច្បាស់​ហ្នឹងហើយ​ដែល​ធ្វើ​ឱ្យ​អ្នក​ស្តាប់​ជ្រះថ្លា​មិន​ងាករេ ។

ប្រការ​ទី​៤​សម្គាល់​ន័យ​ថា ការ​សម្តែងធម៌​កុំ​សម្លឹង​ឃើញ​តែ​អាមិស ឬ​លាភសក្ការៈ​ជា​គោល​ពេក ។ បើ​យកគំនិត​បែប​នេះ​ជា​ត្រីមុខ ការ​សំដែង​ធម៌​ក៏​ភ្លាវ​ទៅ​តាម​ហ្នឹង​ដែរ ។

ប្រការ​ទី​៥ សម្គាល់​សេចក្តី​ថា កុំ​ប្រកាន់​យក​ការ​សំដែង​ធម៌​នោះ​ទៅ​ដៀលត្មះ​អ្នក​ដទៃ​ដោយ​ចេតនា​ដ៏​អាក្រក់ លើក​ខ្លួនឯង​ហើយ​បន្តុះបង្អាប់​អ្នក​ដទៃ​ដោយ​ធម្មទេសនា ព្រោះ​យើង​ក៏​ត្រូវការ​កិត្តិយស អ្នក​ដទៃ​ក៏​ត្រូវ​កិត្តិយស គួរ​រក្សា​កិត្តិយស​ទាំងអស់​គ្នា ។

ទោះជា​យ៉ាងណា នេះ​គ្រាន់តែ​ជា​ទ្រឹស្តី​ដែល​បាន​ដកស្រង់​ចេញពី​គម្ពីរ​ព្រះពុទ្ធ​សាសនា កោះសន្តិភាព​គ្មាន​បំណង​បន្តុះបង្អាប់ ឬ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​ធម្មកថិក​រូប​ណា​ឡើយ ៕ (ឈ្វេងយល់ឱវាទព្រះពុទ្ធសាសនាចេញផ្សាយសម្រាប់ថ្ងៃសីល ៨រោច ខែជេស្ឋ ) សូមអនុមោទនា !