ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុ​សាសន៍​សម្តេច​តេជោ​ក្នុង​គោល​ដៅ​ពង្រឹង​ពង្រីក​គុណ​ភាព​វិស័យ​​អប់រំ

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាច​ក្រ​កម្ពុជា បាន​ផ្តល់​អនុ​សាសន៍​មួយ​ចំនួន​ក្នុង​ពិធី​បិទ​សន្និ​បាត​បូក​សរុប​វាយ​តម្លៃ​ការ​ងារ​អប់រំ​ យុវ​ជន និង​កីឡា ឆ្នាំ​សិក្សា​២០០៩-២០១០ និង​លើក​ទិស​ដៅ​ការ​ងារ​ឆ្នាំ​សិក្សា​ថ្មី​២០១០-២០១១​ កាល​ពី​ថ្ងៃ​ទី​២៤ មីនា នៅ​វិទ្យា​ស្ថាន​​ជាតិ​​អប់រំ​ក្នុង​គោល​ដៅ​បន្ត​ពង្រឹង​ និង​ពង្រីក​គុណ​ភាព​ប្រសិទ្ធ​ភាព​ក្នុង​វិស័យ​អប់រំ​។

​សម្តេច​លើក​អនុ​សាសន៍​ថា ១-បន្ត​គោល​នយោ​បាយ​ធានា​លទ្ធ​ភាព​ទទួល​បាន​សេវា​អប់រំ​ដោយ​សម​ធម៌​ឱ្យ​បា​ន​កាន់​​តែ​​ទូលំ​ទូលាយ ក្នុង​នោះ​ត្រូវ​ពង្រឹង​កម្ម​វិធី​អប់រំ​​កុមា​រ​តូចៗ ជា​ពិសេស​សម្រាប់​កុមារ​អាយុ​៥​ឆ្នាំ ដោយ​ផ្តោត​ការ​យក​ចិត្ត ទុក​ដាក់​ទៅ​លើ​ឃុំ-សង្កាត់​ ដែល​មាន​អត្រា​ចូល​​រៀន​មាន​កម្រិត​ទាប​ និង​មាន​អត្រា​​ត្រួត​ថ្នាក់​​ខ្ពស់​នៅ​តាម​​សាលា​រៀន​បឋម​សិក្សា ។ ទន្ទឹម​នឹង​នេះ​ត្រូវ​បំផុស​ និង​ជំរុញ​​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ និង​គណៈ​កម្ម​ការ​ទ្រទ្រង់​សាលា​រៀន​ឱ្យ​ជួយ​​​ប្រជា​ជន​​ក្នុង​​មូល​ដ្ឋាន​របស់​ខ្លួន​ឱ្យ​យល់​ដឹង​អំពី​សារ​សំខាន់ និង​តម្លៃ​នៃ​ការ​សិក្សា​អប់រំ​ តាម​រយៈ​ការ​អនុ​​វត្ត​កម្ម​វិធី​​លើក​​ទឹក​ចិត្ត កម្ម​វិធី​ផ្តល់​​អាហា​​រូបករណ៍​ សម្រាប់​សិស្ស​ពូកែ សិស្ស​មាន​​ការ​លំបាក ជា​ពិសេស​សិស្ស​នារី និង​ត្រូវ​ពង្រីក​លទ្ធ​​ភាព​ចូល​រួម​របស់​វិស័យ​ឯក​ជន និង​សហ​គមន៍​​នៅ​គ្រប់​កម្រិត​​សិក្សា​តាម​រយៈ​​កិច្ច​សហ​ការ​ល្អ​ជា​មួយ​ក្រុម​ប្រឹក្សា​​ឃុំ-សង្កាត់​ និង​សហ​គមន៍​​ជាតិ និង​អន្តរ​ជាតិ ដើម្បី​​អភិ​វឌ្ឍន៍​វិស័យ​​អប់រំ​តាម​គោល​ការណ៍ «សាលា​រៀន​​ផ្សារ​ភ្ជាប់​នឹង​គ្រួសារ ផ្សារ​ភ្ជាប់​នឹង​សង្គម» ។

ទី២-បន្ត​ការ​កសាង​សាលា​រៀន​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ចំនួន​សិស្ស​ដែល​កើន​ឡើង​កាន​់តែ​ច្រើន​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ។ ត្រូវ​យក​ចិត្ត​ទុក​​ដាក់ ​សាង​សង់​សាលា​រៀន​ឱ្យ​​កាន់​តែ​នៅ​ជិត​លំនៅ​ឋាន​របស់​ប្រជា​ជន​សម្រាប់​ជា​ការ​រួម​ចំណែក​មួយ​ក្នុង​ការ​កាត់​បន្ថយ​​ចំណាយ​ផ្សេងៗ​របស់​សិស្ស​ និង​គ្រួសារ​ ហើយ​​ក៏​រួម​ចំណែក​​ដល់​គោល​ដៅ​នៃ​សម​ធម៌ ក្នុ​ងការ​អប់រំ​​ផង​ដែរ ។ ​​ត្រូវ​បន្ត​ពង្រឹង​ការ​អប់រំ​ក្រៅ​ប្រព័ន្ធ​​ឱ្យ​ដើរ​ទន្ទឹម​គ្នា​នឹង​ការ​​អប់រំ​ក្នុង​ប្រព័ន្ធ ​ប្រមែ​ប្រមូល​សិស្ស​ដែល​បោះ​បង់​ការ​សិក្សា​ និង​ពល​រដ្ឋ​​​ដែល​បាន​បាត់​បង់​ឱកាស​សិក្សា​ឱ្យ​បាន​ចូល​រៀន​​គ្រប់ៗ​គ្នា​ក្នុង​ថ្នាក់​​អក្ខរ​កម្ម ។ ​មិន​ត្រឹម​តែ​អាច​ពង្រឹង​ការ​អប់រំ​ក្រៅ​​ប្រព័ន្ធ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​អាច​ដោះ​ស្រាយ​​បាន​នូវ​បញ្ហា​កុមារ និង​យុវ​ជន​​នៅ​ក្រៅ​​សាលា​រៀន ដែល​អាច​នឹង​ធ្លាក់​​ខ្លួន​ទៅ​សេព​គ្រឿង​​ញៀន ទៅ​ប្រព្រឹត្ត​​អំពើ​ពាលា​ផ្សេងៗ និង​ជា​​កូន​ទំនើង​​ទៀត​ផង ។

ទី៣-បន្ត​អនុ​វត្ត​គោល​នយោ​បាយ​កែ​លំអ​គុណ​ភាព និង​ប្រសិទ្ធ​ភាព​អប់រំ​ដែល​ត្រូវ​មាន​ការ​រៀប​ចំ​ក្រប​ខណ្ឌ​អភិ​បាល​កិច្ច​ល្អ និង​រៀប​ចំ​ស្ថាប័ន​​ឱ្យ​មាន​ប្រសិទ្ធ​ភាព មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ទាំង​ថ្នាក់​កណ្តាល រាជ​ធានី ខេត្ត​ ក្រុង ស្រុក​ ខណ្ឌ និង​ថ្នាក់​សាលា​រៀន ។ ក្នុង​ការ​អនុ​វត្ត​​ជាក់​ស្តែង​​​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ការ​ធានា​សន្តិ​សុខ និង​សុវត្ថិ​ភាព​ល្អ​ក្នុង​សាលា​រៀន​ និង​គ្រឹះ​ស្ថាន​​សិក្សា ដើម្បី​ធានា​សកម្ម​ភាព​បង្រៀន​ និង​ឱ្យ​​​បាន​កាន់​តែ​ល្អ​ប្រកប​ដោយ​គុណ​ភាព និង​ប្រសិទ្ធ​ភាព​ខ្ពស់ ។ ក្រសួង​​អប់រំ​យុវ​ជន និង​កីឡា ​ត្រូវ​ពិនិត្យ​ឱ្យ​បាន​​ហ្មត់​ចត់​​អំពី​បញ្ហា​សុវត្ថិ​ភាព សន្តិ​សុខ ​នៅ​គ្រប់​គ្រឹះ​ស្ថាន​​សិក្សា​ទាំង​រដ្ឋ និង​ឯក​ជន​ ជា​ពិសេស​គ្រឹះ​ស្ថាន​មត្តេយ្យ​សិក្សា និង​បឋម​សិក្សា​​ដែល​ផ្តោត​សំខាន់​ទៅ​លើ​កុមារ ។

ទី៤-បន្ត​​គោល​នយោ​បាយ​កសាង​សមត្ថ​ភាព និង​អភិ​វឌ្ឍន៍​ស្ថាប័ន​​សម្រាប់​ធ្វើ​វិមជ្ឈ​ការ​ក្នុង​នោះ​​ត្រូវ​បង្កើត​​លទ្ធ​ភាព និង​មធ្យោ​​បាយ​បំពេញ​ការ​ងារ​ទាំង​ផ្នែក​ធន​ធាន​សំភារ​ ធន​ធានថវិកា និង​ធន​ធាន​មនុស្ស​​។ ការ​​ពង្រឹង​ប្រព័ន្ធ​ត្រួត​ពិនិត្យ ​អធិ​ការ​កិច្ច​ ការ​វាយ​តម្លៃ​​លើ​ការ​អប់រំ ​ការ​​ងារ​គ្រប់​គ្រង​​បុគ្គ​លិក ​​ការ​ងារ​ប្រើ​ប្រាស់​ហិរញ្ញ​វត្ថុ​ ការងារ​ប្រើ​ប្រាស់​មន្ត្រី​ជំនាញ​ឱ្យ​ចំ​ទិស និង​ការ​​ពង្រាយ​មន្ត្រី​ទាំង​នោះ​ឱ្យ​​បាន​ដល់​មូល​ដ្ឋាន​ ដើម្បី​ធានា​​សេវា​អប់​រំ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធ​ភាព ។

​ទី៥-​បន្ត​អនុ​វត្ត​ឱ្យ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ក្នុង​ការ​ប្រើ​ប្រាស់​​ហិរញ្ញ​ប្ប​ទាន​សហ​ប្រតិ​បត្តិ​ការ​ដោយ​ត្រូវ​បញ្ជាក់​អំពី​ការ​ចាំ​បាច់​ក្នុង​ការ​​កំណត់​​ចង្កោម​ការ​ងារ​អាទិ​ភាព ឱ្យ​​សម​ល្មម​ និង​ឱ្យ​សម្រេច​បាន​ដោយ​ផ្អែក​​លើ​បណ្តា​អាទិ​ភាព​ដែល​មាន​ក្នុង​ផែន​ការ​យុទ្ធ​សាស្ត្រ​ វិស័យ​អប់រំ ២០០៩-២០១៣ ។ ជា​ពិសេស​ត្រូវ​សម្រេច​កិច្ច​ប្រឹង​ប្រែង​​ទាំង​អស់​នេះ ​ទៅ​ក្នុង​ដំណើរ​ការ​កំណែ​ទំរង់​អប់រំ​នៅ​គ្រប់​លំដាប់​ថ្នាក់​ ។

សម្តេច​តេជោ​​នាយ​ករដ្ឋ​មន្ត្រី​មាន​ប្រសាសន៍​ថា អនុ​សាសន៍​​ទាំង​៥​ចំណុច​ដែល​​ខ្ញុំ​បាន​លើក​ឡើង​ខាង​លើ​នេះ មាន​អត្ថ​ន័យ​និង​ខ្លឹម​សារ​ទៅ​តាម​សកម្ម​ភាព​អាទិ​ភាព​​នីមួយៗ​​នៃ​វិស័យ​អប់រំ។ ​ដូច្នេះ​សូម​អង្គ​សន្និ​បាត​យក​អនុ​សាសន៍​ទាំង​នេះ​ទៅ​ពិចារណា​ដើម្បី រំលេច​ឱ្យ​ឃើញ​កាន់តែ​ច្បាស់​​ពី ការ​ងារ​ជាក់​ស្តែង​សម្រាប់​​អនុ​វត្ត​​ទិស​ដៅ​ភារ​កិច្ច​ឆ្នាំ​សិក្សា​ថ្មី​នេះ​ផង និង​សម្រាប់​អនុ​វត្ត​ទៅ​មុខ​ទៀត​នៅ​បណ្តា​ឆ្នាំ​ខាង​មុខ​ផង ​ព្រោះ​ការ​អប់រំ​ គឺ​ជា​ការ​ងារ​យូរ​អង្វែង​​ដែល​ត្រូវ​ធ្វើ​ជា​ប្រចាំ​បន្ត​បន្ទាប់​ពី​មួយ​ឆ្នាំ ទៅ​មួយ​ឆ្នាំ និង​ពី​ជំនាន់​មួយ​ទៅ​​ជំនាន់​មួយ ។

​លោក​អឹុម សិទ្ធី រដ្ឋ​មន្ត្រី​ក្រសួង​​អប់រំ​ យុវ​ជន និង​កីឡា បាន​ថ្លែង​ថា សន្និ​បាត​​រយៈ​ពេល​៣​ថ្ងៃ ​គឺ​​ផ្តោត​សំខាន់​ទៅ​លើ​៤​ចំណុច ៖

១-ការ​ពិនិត្យ​​ឡើង​វិញ​ពី​វឌ្ឍន​ភាព​នៃ​ការ​អនុ​វត្ត​គោល​នយោ​បាយ​​អប់រំ​ក្នុង​ឆ្នាំ​សិក្សា​​២០០៩-២០១០ ប្រៀប​ធៀប​ទៅ​នឹង​លទ្ធ​​ផល​រំពឹង​ទុក​​ប្រចាំ​ឆ្នាំ​ដែល​មាន​ចែង​ក្នុង​ផែន​ការ​យុទ្ធ​សាស្ត្រ​​វិស័យ​អប់រំ ។
២-ការ​ពិនិត្យ​​ឡើង​វិញ​ពី​ប្រសិទ្ធ​ភាព​នៃ​ការ​ប្រើ​ប្រាស់​ហិរញ្ញ​វត្ថុ​របស់​គម្រោង​ទាំង​អស់​ក្នុង​សកម្ម​​ភាព​នៃ​ផែន​ការ​យុទ្ធ​សាស្ត្រ​វិស័យ​អប់រំ ។
​៣-ការ​ពិនិត្យ​​ឡើង​វិញ​​ពី​កា​រប្រែ​ប្រួល​រីក​ចម្រើន​ថ្មី​ ក្នុង​ការ​អភិ​វឌ្ឍ​សមត្ថ​ភាព​ដើម្បី​គុណ​ភាព​អប់រំ​លើ​គ្រប់​​ផ្នែក និង​គ្រប់​ភូមិ​សិក្សា​​ផ្សារ​​ភ្ជាប់​ទៅ​នឹង​ផល​ប៉ះ​ពាល់​ជា​ពិសេស​បញ្ហា​ទាំង​ឡាយ​ដែល​ត្រូវ​ប្រឈម​ដោះ​ស្រាយ ។
៤-​ការ​ដាក់​​ចេញ​នូវ​អនុ​សាសន៍​​​ថ្មី និង​វិធាន​ការ​ថ្មី​ជា​យុទ្ធ​សាស្ត្រ​សម្រាប់​អនុ​វត្ត​បន្ត​ទៅ​មុខ​ទៀត​​នៅ​ឆ្នាំ​សិក្សា​២០១០-២០១១ និង​នៅ​តាម​បណ្តា​ឆ្នាំ​ខាង​មុខ ។

លោក​រដ្ឋ​មន្ត្រី​​ថ្លែង​បន្ត​ថា អង្គ​សន្និ​​បាត​នឹង​លើក​យក​ប្រធាន​បទ​ចំនួន​៩​មក​​ពិភាក្សា​ ​ដើម្បី​រិះ​រក​ចំណុច​ខ្លាំង​ និង​ចំណុច​​ខ្វះ​ចន្លោះ​ដែល​បាន​អនុ​វត្ត​ឆ្នាំ​កន្លង​មក​សម្រាប់​​កំណត់​ទិស​ដៅ​ឆ្នាំ​សិក្សា​២០១០-២០១១ រួម​មាន ៖

១-ការ​ចូល​រៀន និង​អត្រា​​បញ្ចប់​ការ​សិក្សា​ដើម្បី​សម្រេច​ការ​អប់រំ​សម្រាប់​​ទាំង​អស់​គ្នា ។

២-តម្រូវ​ការ​ផ្គត់​ផ្គង់​​ និង​ការ​ងារ​គ្រប់​គ្រង​បុគ្គ​លិក ។

៣-ពង្រឹង​ការ​អនុ​វត្ត​សកម្ម​ភាព​មជ្ឈ​មណ្ឌល​សិក្សា​ សហ​គមន៍ ។

៤-ការ​អភិ​វឌ្ឍ​កម្ម​វិធី​សិក្សា​នៅ​ឧត្តម​សិក្សា និង​ទី​ផ្សារ​ការងារ ។

៥-ការ​ពង្រឹង​គុណ​ភាព​ និង​ប្រសិទ្ធ​ភាព​ការ​ងារ​យុវ​ជន ។

៦-ការ​ពង្រឹង​គុណ​ភាព និង​ប្រសិទ្ធ​ភាព​របស់​សកម្ម​ភាព​អប់រំ​កាយ​ និង​កីឡា ។ ​

៧-តម្រូវ​ការ​​ និង​ការ​​ផ្គត់​ផ្គង់​សៀវ​ភៅ​សិក្សា​​គោល​ការណ៍​អនុ​វ​ត្ត​កម្ម​វិធី​សិក្សា​ថ្មី ។

៨-ការ​អភិ​វឌ្ឍ​សមត្ថ​ភាព​ស្ថាប័ន និង​មន្ត្រី​អប់រំ ។

និង​៩-កម្ម​វិធី​កំណែ​ទំរង់​ការ​គ្រប់​គ្រង​ហិរញ្ញ​វុត្ថ​​សាធារណៈ​ក្នុង​​វិស័យ​អប់រំ ។

​ទន្ទឹម​នឹង​នេះ​អង្គ​សន្និ​បាត​នឹង​ឃើញ​បទ​បង្ហាញ​អំពី​ការ​អភិ​វឌ្ឍ​ការ​ងារ​អប់រំ​ដែល​អង្គ​ភាព​ប្រតិ​បត្តិ​ការ​​បាន​រួម​ចំណែក​​ក្នុង​ការ​អនុ​វត្ត​ផែន​ការ​យុទ្ធ​សាស្ត្រ​អប់រំ ២០០៩-២០១៣ ។ តាម​ទិស​ដៅ​យុទ្ធ​សាស្ត្រ​​អភិ​វឌ្ឍ​ជាតិ បច្ចុ​ប្បន្ន​​កម្ម​វិធី ២០០៩-២០១៣ ស្រប​តាម​គោល​ដៅ​អភិ​វឌ្ឍន៍​​សហ​ស្ស​វត្ស​កម្ពុជា និង​​ផែន​ការ​ជាតិ​អប់រំ​សម្រាប់ទាំង​អស់​គ្នា​ឱ្យ​ឆ្លើយ​​តប​ទៅ នឹង​យុទ្ធ​សាស្ត្រ​ចតុ​កោណ​ដំណាក់​កាល​ទី ២ របស់​រាជ​រដ្ឋា​ភិបាល​​នីតិ​​កាល​ទី​៤ នៃ​រដ្ឋ​សភា ៕