រាជធានីភ្នំពេញ ៖ ស្របពេលផ្សារទំនើបស្តង់ដាអន្តរជាតិនៅរាជធានីភ្នំពេញកំពុងកើនឡើង បានធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនសម្តែងការព្រួយបារម្ភថា ការកើនឡើងនៃផ្សារទំនើបនេះអាចប៉ះពាល់ដល់ផ្សារប្រពៃណី ដោយសារតែការលក់ទំនិញនៅផ្សារទំនើបមានលក្ខខណ្ឌអនាម័យ និងសុវត្ថិភាពខ្ពស់ ។ ទោះបីយ៉ាងណា ពាណិជ្ជរ អាជីវករ និងពលរដ្ឋមួយចំនួនយល់ឃើញថា វាមានផលប៉ះពាល់ដែរ តែតិចតួចប៉ុណ្ណោះ ព្រោះរវាងផ្សារទាំងពីរនេះបែងចែកគ្នាដាច់ដោយឡែកពីគ្នា ។
អ្នកនាង អាន សុធីតា នាយិកាក្រុមហ៊ុនអចលនទ្រព្យលំដាប់អន្តរជាតិ CBRE Cambodia បានឱ្យដឹងកាលពីព្រឹកថ្ងៃទី១៣ មិថុនា ថា ប្រភេទផ្សារទាំងពីរ គឺផ្សារទំនើបអុីអនម៉ល និងផ្សារប្រពៃណីដូចជា ផ្សារអូរឫស្សី និងអូឡាំពិក គឺបែងចែកគ្នាដាច់ មិនប៉ះពាល់គ្នាទេ ។ ផ្សារទំនើបបម្រើសម្រាប់ Life Style, កម្សាន្ត និងអាហារបែបទំនើប ។ ចំណែកផ្សារប្រពៃណី សម្រាប់បម្រើឱ្យជីវភាពប្រចាំថ្ងៃដូចជា ការទិញត្រី សាច់ បន្លែ និងផ្លែឈើ ។
អ្នកនាងបន្តថា ៖ « កម្ពុជានៅមានតម្រូវការផ្សារទំនើបកាន់តែច្រើនថែមទៀត ដោយសារទំហំផ្សារទំនើបនៅកម្ពុជា ធៀបនឹងមនុស្សម្នាក់ គឺមានទំហំតូចនៅឡើយ បើសិន ជាធៀបជាមួយប្រទេសរីកចម្រើននានាក្នុងតំបន់ » ។
ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ លោកផល សម្បត្តិ ឱ្យដឹងថា ការកើនឡើងនៃផ្សារទំនើបបង្ហាញពីការរីកចម្រើន និងការអភិវឌ្ឍជាពិសេស ជីវភាពប្រជាពលរដ្ឋល្អប្រសើរ ។ ទីផ្សារទាំងពីរមានលក្ខណៈផ្សេងគ្នា ។ យើងទៅផ្សារទំនើបភាគច្រើនដើម្បីលំហែកម្សាន្តដូចជា មើលកុន ពិសាអាហារបែបទំនើបៗ ទិញម៉ាកល្បីៗ និងទិញគ្រឿងសម្អាងជាដើម ប៉ុន្តែបើចង់ទិញត្រី សាច់ បន្លែ និងផ្លែឈើ គឺត្រូវទៅផ្សារប្រពៃណីវិញ ។
លោកបន្តថា ៖ « ខ្ញុំគិតថា ទោះជាផ្សារទំនើបមានចំនួនច្រើនក្តី ប៉ុន្តែប្រជាពលរដ្ឋនឹងមិនបោះបង់ផ្សារប្រពៃណីដូចជា ផ្សារអូឡាំពិក អូរឫស្សី ឬផ្សារទួលទំពូងទេ ព្រោះផ្សារបែបប្រពៃណីទាំងនេះនៅតែផ្សារភ្ជាប់នឹងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ » ។
ចំណែកអ្នកនាង ប្រាក់ ស៊ីវម៉ី អ្នករស់នៅរាជធានីភ្នំពេញម្នាក់ទៀតលើកឡើងថា ផ្សារទំនើប និងផ្សារប្រពៃណី មានសភាពម្យ៉ាងម្នាក់។ ការទៅផ្សារទំនើបដើម្បីកម្សាន្ត និងលំហែសប្បាយៗ រីឯការទៅផ្សារប្រពៃណី គឺដើម្បីទិញម្ហូបអាហារសម្រាប់បម្រើជីវភាពប្រចាំថ្ងៃ ។
ដោយឡែក លោកស្រី ឈុន ពៅ ជាអ្នកលក់ត្រីងៀតនៅផ្សារអូរឫស្សី ឱ្យដឹងថា ការកើនឡើងនៃផ្សារទំនើបនេះ វាប៉ះពាល់ខ្លះដែរដល់ផ្សារប្រពៃណី ដែលធ្វើឲ្យចំនួនអតិថិជនមកកាន់ផ្សារអូរឫស្សីថយចុះ ប៉ុន្តែវាគ្មានអ្វីគួរឲ្យបារម្ភនោះទេ ដោយសារតម្រូវការអ្នកប្រើប្រាស់ប្រចាំថ្ងៃ ពួកគេនៅតែនិយមមកកាន់ផ្សារបែបប្រពៃណីនៅឡើយ ។
យោងតាមការសិក្សារបស់ក្រុមហ៊ុនប៊ុណ្ណារៀលធីគ្រុប ដែលបានបញ្ចប់កាលពីពេលថ្មីៗ នេះរកឃើញថា តម្រូវការប្រើប្រាស់ផ្សារទំនើបនៅរាជធានីភ្នំពេញ បានកើនឡើងពី៧៩ដល់៨២%នៅដំណាច់ត្រីមាសទី១ឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ៕
ចែករំលែកព័តមាននេះ