ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​ឃុំ​ស្អាង និង​ឃុំ​ទឹក​ក្រហម នាំ​គ្នា​ប្រមូល​អាវុធ​កែ​ច្នៃ​ឲ្យ​សមត្ថកិច្ច

6 ឆ្នាំ មុន

ខេត្តព្រះវិហារ ៖ កាលពី​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០១៧​នេះ ប្រជាពលរដ្ឋ រស់នៅ​ឃុំ​ស្អាង ស្រុក​ជ័យ​សែន និង​ឃុំ​ទឹក​ក្រហម ស្រុក​ជាំ​ក្សាន្ត បាន​នាំ​គ្នា​ប្រមូល​អាវុធ​កែ​ច្នៃ

ខេត្តព្រះវិហារ ៖ កាលពី​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០១៧​នេះ ប្រជាពលរដ្ឋ រស់នៅ​ឃុំ​ស្អាង ស្រុក​ជ័យ​សែន និង​ឃុំ​ទឹក​ក្រហម ស្រុក​ជាំ​ក្សាន្ត បាន​នាំ​គ្នា​ប្រមូល​អាវុធ​កែ​ច្នៃ និង​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ មក​ឲ្យ សមត្ថកិច្ច​នគរបាល​តាម​ប៉ុស្តិ៍​រដ្ឋបាល​នីមួយ​ៗ បន្ទាប់​ពី​មានការ​ផ្សព្វផ្សាយ​ដាស់តឿន​ជា​រឿយ​ៗ​ពី អាជ្ញាធរ មូលដ្ឋាន អំពី​ការ​ប្រើប្រាស់ និង​រក្សា​ទុក​នូវ​អាវុធ​ជាតិ​ផ្ទុះ​ខុសច្បាប់​កន្លង​ទៅ​។

នេះ​បើ​តាម​លោក​វរៈសេនីយ៍ឯក ឆ​យ បូ​រិ​ន នាយ​សេនាធិការដ្ឋាន នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តព្រះវិហារ បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ដាច់​ស្រយាល មានការ​យល់​ដឹង​ច្រើន​ពី​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០១៧ ប្រជាពលរដ្ឋ រស់នៅ​ឃុំ​ស្អាង ស្រុក​ជ័យ​សែន និង​ឃុំ​ទឹក​ក្រហម ស្រុក​ជាំ​ក្សាន្ត បាន​នាំ​គ្នា​ប្រមូល​អាវុធ​កែ​ច្នៃ និង​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ មក​ឲ្យ​សមត្ថកិច្ច​នគរបាល​តាម​ប៉ុស្តិ៍​រដ្ឋបាល​នីមួយ​ៗ ក្នុង​នោះ​មាន​អាវុធ​កែ​ច្នៃ​ប្រភេទ​កាប៊ី​ន ៧​ដើម កាំភ្លើង​ខ្យល់​១​ដើម គ្រាប់កាំភ្លើង​ប្រភេទ ១២,៧ ចំនួន​៣​កេះ គ្រាប់បែកដៃ​២​គ្រាប់ មីន​ប្រភេទ​៦៩ ចំនួន​២​គ្រាប់ និង​គ្រាប់​៦០​មី​ល្លី​ម៉ែត្រ ចំនួន​១​គ្រាប់​ផង​ដែរ​។

លោក ឆ​យ បូ​រិ​ន ក៏​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​គ្រប់​មូលដ្ឋាន​ទាំងអស់ ជា​ពិសេស​តំបន់​ដាច់​ស្រយាល​តែ​ម្តង ដែល​តែងតែ​កែ​ច្នៃ​កាំភ្លើង​កាប៊ី​ន កាំភ្លើង​ខ្យល់ ទាំងអស់​សម្រាប់​បរបាញ់​សត្វ ត្រូវធ្វើ​យ៉ាងណា​នាំ​គ្នា​ប្រមូល​យក​មក​ប្រគល់​ជូន​អាជ្ញា​ធរមាន​សមត្ថកិច្ច ដើម្បី​ចូលរួម​ចំណែក អនុវត្តន៍​នូវ​គោលនយោបាយ​ភូមិ​ឃុំ មាន​សុវត្ថិភាព​ឲ្យ​មាន​ប្រសិទ្ធភាព​។ ប្រជាពលរដ្ឋ ប្រមាណ​២៥​នាក់ ដែល​រស់នៅ​ឃុំ​ស្អាង ដែល​បាន​ប្រគល់​កាំភ្លើង​កែ​ច្នៃ​ជូន​សមត្ថកិច្ច បាន​សម្តែង​ការ​រីករាយ និង​ចូលរួម​សហការ​ជាមួយ​សមត្ថកិច្ច​បន្ថែម​ទៀត រាល់​ការងារ​អនុវត្ត​ភូមិ​ឃុំ​មាន​សុវត្ថិភាព​របស់​រាជរដ្ឋាភិបាល ដើម្បី​ធានា​សណ្តាប់ធ្នាប់​សាធារណៈ សន្តិសុខ​សុវត្ថិភាព​ដល់​ភូមិ​ឃុំ​។

គួរ​រំឭក​ថា កន្លង​ទៅ​ពី​១​ឆ្នាំទៅ​១​ឆ្នាំ នៅ​ខេត្តព្រះវិហារ តែងតែមាន​មនុស្ស​ស្លាប់​ជា​រឿយ​ៗ ដោយសារ​តែ​ការ​ប្រើប្រាស់​កាំភ្លើង​កែ​ច្នៃ​នេះ ពេល​ខ្លះ​រាលកៃ​កាំភ្លើង ស្លាប់​ខ្លួនឯង និង​ខ្លះ​ទៀត បាន​យក​កាំភ្លើង​នេះ​បាញ់​សម្លាប់​មនុស្ស​តែ​ម្តង នៅ​ពេល​មាន​ហិង្សា​កើតឡើង​។ សូម​បញ្ជាក់​ថា កាលពី​ឆ្នាំ​២០១៦​កន្លង​នេះ ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ ប្រមូល​បាន​អាវុធ​កែ​ច្នៃ ប្រភេទ​កាប៊ី​ន កាំភ្លើង​ខ្យល់​ប្រមាណ​ជិត​២០០០​ដើម ដែល​គ្រោង និង​ដុត​កម្ទេច​ចោល នៅ​ពេល​ខាង​មុខ ៕