ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ Jack Ma មក​ទិញ​ដី​វិនិយោគ​មែន​នោះ តើ​ខេត្ត​ព្រះ​សីហ​នុ​នឹង​ទៅ​ជា​យ៉ាងណា ?

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ថ្មី​ៗ​នេះ​មាន​ពាក្យ​ចចាមអារ៉ាម​មួយ​កំពុង​តែ​ផុសផុល​ក្នុង​វិស័យ​វិនិយោគ​ដីធ្លី​នៅ​ខេត្ត​ព្រះ​សីហ​នុ ថា មហាសេដ្ឋី​លំដាប់​ទី​១​របស់​ចិន លោក Jack Ma បាន​មក​ទិញ​ដី​នៅ​តំបន់ឆ្នេរ​អូរ​ត្រេះ​ដើម្បី​វិនិយោគ​ដ៏​ធំ​។ ពាក្យ​ចចាមអារ៉ាម​នេះ

រាជធានី​ភ្នំពេញ ៖ ថ្មី​ៗ​នេះ​មាន​ពាក្យ​ចចាមអារ៉ាម​មួយ​កំពុង​តែ​ផុសផុល​ក្នុង​វិស័យ​វិនិយោគ​ដីធ្លី​នៅ​ខេត្ត​ព្រះ​សីហ​នុ ថា មហាសេដ្ឋី​លំដាប់​ទី​១​របស់​ចិន លោក Jack Ma បាន​មក​ទិញ​ដី​នៅ​តំបន់ឆ្នេរ​អូរ​ត្រេះ​ដើម្បី​វិនិយោគ​ដ៏​ធំ​។ ពាក្យ​ចចាមអារ៉ាម​នេះ បាន​ធ្វើ​ឲ្យ​ដីធ្លី​នៅ​តំបន់​នោះ​មាន​សកម្មភាព និង​សន្ទុះ​ផង​ដែរ ហើយ​ប្រសិនបើ​មហាសេដ្ឋី​រូប​នេះ​ពិតជា​ទិញ​ដី​ដើម្បី​វិនិយោគ​នៅ​តំបន់​នោះ​មែន វា​ជា​សញ្ញា​វិជ្ជមាន មិនមែន​សម្រាប់​តែ​ខេត្ត​ជាប់មាត់​សមុទ្រ​មួយ​នេះ​ទេ ថែម​ទាំង​ប្រទេស​កម្ពុជា​ទាំងមូល​ផង​ដែរ​។

ការ​បញ្ចេញ​ពាក្យ​ចចាមអារ៉ាម​នេះ ក៏​ជា​យុទ្ធសាស្ត្រ​នៅ​ក្នុង​អាជីវកម្ម​ផង​ដែរ​ដែល​ក្រុមហ៊ុន​ល្បី​ៗ​នៅ​លើ​ពិភពលោក​កំពុង​ប្រើប្រាស់ ដើម្បី​ងាយស្រួល​បញ្ជ្រាប​ព័ត៌មាន​អំពី​ផលិតផល សេវាកម្ម ឬ​គម្រោង​របស់​ពួក​គេ​ដល់​សាធារណជន ដោយ​មិន​ចាំបាច់​ចំណាយ​ការ​ផ្សព្វផ្សាយ ។

បើ​តាម​អ្នកជំនាញ​អចលនទ្រព្យ លោក​ឧកញ៉ា នួន រឹ​ទ្ធី អគ្គនាយក​ក្រុមហ៊ុន​ប្រឹក្សា និង​វាយតម្លៃ​អចលនទ្រព្យ Khmer Foundation Appraisal ឱ្យ​ដឹង​ថា មួយ​រយៈពេល​ចុង​ក្រោយ​នេះ លោក​បាន​ទទួល​ព័ត៌មាន​ជា​ច្រើន​ទាក់ទង​នឹង​វិនិយោគិន​ចិន​មក​បណ្ដាក់ទុន​វិនិយោគ​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ហើយ​ព័ត៌មាន​ពី​មហាសេដ្ឋី​ចិន​លោក Jack Ma មក​ទិញ​ឬ​យ៉ាងណា​នោះ មិន​ច្បាស់​ទេ មិនដឹង​ថា គាត់​មក​ទិញ​តាម​រយៈ​វិនិយោគិន​ចិន​មួយ​ណា​ដែរ ។

លោក​ឧកញ៉ា​បន្ត​ថា ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ បើសិនជា​មាន​អ្នក​បំផុស​ព័ត៌មាន​ដើម្បី​ឲ្យ​ហាងឆេង​ដីធ្លី​នៅ​ទីនោះ​ឡើង​ខ្ពស់ វា​ប្រហែលជា​មិន​អាច​ឡើងថ្លៃ​ទៀត​ទេ ព្រោះ​នៅ​ក្នុង​អំឡុង​ចុងឆ្នាំ​២០១៦ ឬ​ដើមឆ្នាំ​២០១៧​នេះ តម្លៃ​ដីធ្លី​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ បាន​ឡើង​គុណ​នឹង​១០​ទៅ​ហើយ​។ ដូចនេះ បើ​មាន​ព័ត៌មាន​បំផុស​ឲ្យ​តម្លៃ​ដីធ្លី​នៅ​ទីនោះ​ឡើងថ្លៃ ប្រហែលជា​មិន​អាច​ឡើង​ទៀត​ទេ ។

លោក​ឧកញ៉ា​បន្ថែម​ថា ៖ « ដីធ្លី​នៅ​ក្រុងព្រះសីហនុ​នា​ពេល​បច្ចុប្បន្ន​នេះ មិន​អាច​ទិញ​សម្រាប់​ទុក​លក់​បន្ត​ដើម្បី​យកចំណេញ​បាន​ទេ​។ បើ​មាន​អ្នកទិញ​ហើយ គឺ​នឹង​អភិវឌ្ឍន៍ ឬ​សាងសង់​ជា​អ្វី​ផ្សេង​ៗ​តែ​ម្ដង ព្រោះ​តម្លៃ​វា​នៅ​ពេល​នេះ​ខ្ពស់ ដែល​មិន​អាច​ទិញ​ហើយ​ទុក​លក់​បន្ត​យកចំណេញ​ទេ ។ ជាក់ស្ដែង ដី​នៅ​តំបន់​ដែល​មាន​ព័ត៌មាន​ថា លោក Jack Ma ទិញ​សម្រាប់​វិនិយោគ​នៅ​តំបន់​អូរ​ត្រេះ វា​ឡើង​ស្ទើរ​១០​ដង​ទៅ​ហើយ អីចឹង​មិន​អាច​ឡើង​ត​ទៀត​បាន​ទេ » ។

លោក​ឧកញ៉ា​បញ្ជាក់​ថា បើសិនជា​មានការ​វិនិយោគ​ពី​មហាសេដ្ឋី​ចិន​មក​កម្ពុជា​មែន វា​ជា​រឿង​ល្អ​ប្រសើរ​ណាស់​សម្រាប់​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា ។ វា​ជា​ផ្នែក​មួយ​ដ៏​ធំ​សម្រាប់​ទាក់ទាញ​វិនិយោគិន​ផ្សេង​ទៀត​មក​បណ្ដាក់ទុន​នៅ​កម្ពុជា ជា​ពិសេស វិនិយោគ​លើ​តំបន់​មាត់សមុទ្រ​នេះ ។ លោក​ឧកញ៉ា​មាន​ប្រសាសន៍​ថា ៖ « បើ​មាន​សហគ្រិន​ដ៏​ធំ​មក​វិនិយោគ​នៅ​កម្ពុជា ប្រៀប​បាន​នឹង​ជួយ​ផ្សព្វផ្សាយ​ពី​ទីផ្សារ​របស់​ប្រទេស​យើង​ទៅ​កាន់​ពិភពលោក​ដែរ ហើយ​មួយទៀត ប្រទេស​កម្ពុជា ក៏​ជា​គោលដៅ​ទេសចរណ៍​ដ៏​ធំ​បំផុត ព្រោះ​កម្ពុជា​មាន​កន្លែង​ទេសចរណ៍​ល្បី​ៗ​ជា​ច្រើន ដែល​ភ្ញៀវ​បរទេស​ចាប់អារម្មណ៍ ។ ម្យ៉ាងទៀត តំបន់​មាត់សមុទ្រ​ខេត្ត​ព្រះ​សីហ​នុ ក៏​មាន​គម្រោង​ដាក់​ឱ្យ​ប្រើប្រាស់​តំបន់​សេដ្ឋកិច្ច​ដូច​ទីក្រុង​ស៊ិ​ន​ជិន នៅ​ប្រទេស​ចិន​ផង​ដែរ ។ អ្វី​ពិសេស​នោះ កម្ពុជា ក៏​ជា​ប្រទេស​បេះដូង​នៃ​អាស៊ាន ដែល​អ្នក​វិនិយោគ​ជា​ច្រើន​ចាប់អារម្មណ៍​មក​បណ្ដាក់ទុន ព្រោះតែ​ត​មៃ្ល​ដីធ្លី​នៅ​កម្ពុជា​ធូរ​ថ្លៃ​ច្រើន បើ​ធៀប​នឹង​ប្រទេស​ជិតខាង​របស់​យើង » ។

ទោះបី​យ៉ាងណា បើ​តាម​អាជ្ញាធរ​ខេត្ត​នេះ​អះអាង​កាលពី​ថ្ងៃ​ទី​៩ មិថុនា ថា  មានការ​ទិញ​-​លក់​ដី​ច្រើន​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ប៉ុន្តែ​មិនដឹង​ជា​នរណា​ខ្លះមក​ទិញ​ទេ ។ ចំណែក​ពាក្យ​ចចាមអារ៉ាម​ថា លោក Jack Ma មក​ទិញ​ដី​នោះ មិន​មាន​ព័ត៌មាន​ផ្លូវការ​ណាមួយ​ទេ ហើយ​បើ​ទិញ ក៏​តាម​រយៈ​បណ្ដាញ​ក្រុមហ៊ុន​របស់​លោក​ដែរ ។

ថ្លែងប្រាប់​សារព័ត៌មាន​កោះសន្តិភាព​តាម​ទូរស័ព្ទ លោក យន្ដ មីន អភិបាលខេត្ត​ព្រះ​សីហ​នុ ឲ្យ​ដឹង​ថា លោក​បាន​ទទួល​ព័ត៌មាន​ពី​ការ​ទិញ​ដីធ្លី​នៅ​ក្នុង​ខេត្ត ដើម្បី​វិនិយោគ​ផ្សេង​ៗ​ជា​ច្រើន ព្រោះ​ខេត្ត​ព្រះ​សី​ហនុមាន​តំបន់​ទេសចរណ៍​ច្រើន ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​មក​សម្រាកលំហែ ប៉ុន្ដែ​រឿង​ព័ត៌មាន​ថា លោក Jack Ma មក​ទិញ​ដី​នៅ​ខេត្ត​នេះ​ដើម្បី​វិនិយោគ​នោះ គ្មាន​ព័ត៌មាន​ផ្លូវការ​ណាមួយ​បញ្ជាក់​ច្បាស់​ទេ ដូចនេះ លោក​មិនដឹង​ច្បាស់​ឡើយ ៕