ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​សប្បុរសជន​នានា ពិសេស​រាជរដ្ឋាភិបាល​សូម​មេត្តា​ជួយ​សាងសង់​សាលារៀន​នេះ​ផង

6 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ សាលា​បឋម​សិក្សា​ជី​ប្រង មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​ជី​ប្រង ឃុំ​ជៀប ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង គឺជា​សាលា​មួយ​ដែល​សិស្ស​កំពុង​តែ​រៀន​ក្នុង​រោងដោល

ខេត្តកំពង់ឆ្នាំង ៖ សាលា​បឋម​សិក្សា​ជី​ប្រង មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​ជី​ប្រង ឃុំ​ជៀប ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង គឺជា​សាលា​មួយ​ដែល​សិស្ស​កំពុង​តែ​រៀន​ក្នុង​រោងដោល និង​សាលា​បុណ្យ​ភូមិ បើ​ប៉ះ​ចំ​ថ្ងៃ​ធ្វើបុណ្យ​វិញ​សិស្ស​ត្រូវ​បង្ខំចិត្ត ចុះ​មក​រៀន​នៅ​ដី​ដោយ​អង្គុយ​ដំកង់​គ្នា​។ នេះ​បើ​តាម​ការ​រៀបរាប់​ពី​លោក​គ្រួ​អ្នកគ្រូ​នៅ​សាលា​នោះ ។ លោកគ្រូ យិ​ន សា​រ៉ា​ន់ បង្រៀន​ថ្នាក់​ទី​៥ និង​ទី​៦ នៅ​សាលា​បឋម​សិក្សា​ជី​ប្រង​នេះ  បាន​រៀបរាប់​ថា សព្វ​ថ្ងៃនេះ សាលា​បឋម​សិក្សា ជី​ប្រង​នេះ ជា​សាលា​មួយ​មាន​៣​បន្ទប់​ប៉ុណ្ណោះ ក្នុង​នោះ​២​បន្ទប់​ក្នុង​រោងដោល និង​១​បន្ទប់​គឺ​លើ​សាលា​បុណ្យ​ភូមិ​។ ក្នុង​បន្ទប់​នីមួយ​ៗ​បាន​ចែក​ជា​ពីរ​ថ្នាក់ សរុប​បាន​៦​ថ្នាក់ មាន​ពី​ថ្នាក់​ទី​១ ដល់ទី​៦ ដោយ​ក្នុង​នោះ​ថ្នាក់​ទី​១ ដាក់​បន្ទប់​ជាមួយ​ថ្នាក់​ទី​២ ចំណែក​ថ្នាក់​ទី​៣ ដាក់​ជាមួយ​ថ្នាក់​ទី​៤  ដោយឡែក​លើ​សាលា​បុណ្យ​មាន​ថ្នាក់​ទី​៥ និង​ទី​៦​។

បច្ចុប្បន្ន​បាន​ជួប​ការ​លំបាក​ខ្លាំង ព្រោះតែ​ការ​រៀនសូត្រ​របស់​សិស្ស ក្នុង​រោងដោល ក្នុង​រោង​បុណ្យ គ្មាន​បន្ទប់​បិទ​បាំង ល្ហល្ហេវ សិស្ស​គ្មាន​អារម្មណ៍​មូល​ក្នុង​ការ​រៀនសូត្រ ព្រម​ជាមួយ​ទទួល​ការ​រំខាន​ពី​សំឡេង​ខាងក្រៅ​ជាដើម  ហើយ​ពេល​ភ្លៀង​ម្តង​ៗ បាន​សាច និង​លិច សិស្ស​រៀន​មិនកើត​។ ចំណែក​លោក សុង ខា នាយក​សាលា​បាន​បញ្ជាក់​ដែរ​ថា ពេល​សាលា​បុណ្យ​ភូមិ ត្រូវធ្វើ​បុណ្យ សិស្ស​ត្រូវ​បង្ខំចិត្ត​ចុះ​មក​រៀន​អង្គុយ​នៅ​ដី ដោយ​ផ្តុំ​គ្នា​។

ជាមួយ​គ្នា​នោះ​ដែរ លោក ជ័យ ឈិ​ន មេ​ភូមិ​ជី​ប្រង វិញ​បាន​មាន​ប្រសាសន៍​ថា សាលារៀន​នេះ​បាន​រៀន​ក្នុង​រោងដោល និង​ក្នុង​សាលា​បុណ្យ​នេះ ជា​យូរ​ឆ្នាំ​ណាស់​មក​ហើយ ហេតុនេះ​ក្នុង​នាម​លោក​ជា​អាជ្ញាធរ​ភូមិ លោកគ្រូ អ្នក​គ្រួ លោកនាយក​សាលា សូម​អំពាវនាវ​ដល់​សប្បុរ​ជន អាជ្ញាធរ​ខេត្ត និង​ប្រមុខ​រាជរដ្ឋាភិបាល​សូម​មេត្តា​ជួយ​សាងសង់​សាលារៀន​មួយ​ខ្នង​នៅ​ទី​នេះ​ផង យ៉ាង​ហោច​ណាស់​បាន​ត្រឹម​៣​បន្ទប់​ក៏​ត្រេកអរ​ទទួលយក​ដែរ ហើយ​បើ​បាន​មួយ​ខ្នង ៦​បន្ទប់​រឹតតែ​សប្បាយចិត្ត ព្រោះ​សព្វថ្ងៃ​កំពុង​ខ្វះ​ថ្នាក់រៀន​ខ្លាំង​ណាស់​។ បើ​តាម​សម្ដី​លោកគ្រូ អ្នកគ្រូ បាន​បញ្ជាក់​ថា សព្វ​ថ្ងៃនេះ​ដោយសារ​តែ​បញ្ហា​សាលា​មាន​មាន​លក្ខណៈ​ខ្វះ​ស្តង់ដា​សម្រាប់​សិស្ស  ធ្វើ​ឲ្យ​សិស្ស​មួយ​ចំនួន​បាន​ចាកចេញ​ទៅ​រៀន​នៅ​សាលា​ផ្សេង បន្ទាប់​ពី​សាលារៀន​មួយ​ចំនួន បាន​កសាង​នៅ​ភូមិ​ផ្សេង​ៗ ដែល​នៅ​ឆ្ងាយ​ពី​ភូមិ​នេះ​៕