ខេត្តកំពង់ចាម ៖ ការរកស៊ីមិនចាំបាច់តែរបរធំដុំ ឬមានដើមទុនច្រើនឡើយ អ្វីដែលសំខាន់ មុខរបរនោះមានទីផ្សារ ហើយគុណភាពផលិតផលដែលផលិតបាន អាចឲ្យអតិថិជនទទួលយកបានដែរឬទេ ។ តួយ៉ាង របរធ្វើនំក្រៀបរបស់អ្នកភូមិអូរដា ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ដែលចេះតៗគ្នាតាំងពីដូនតាមកនោះ រហូតមកដល់សព្វថ្ងៃនេះ នៅតែបន្តធ្វើ និងអាចរកបានចំណូលរាប់ម៉ឺនរៀលក្នុង១ថ្ងៃៗ ទៅតាមលទ្ធភាពដែលផលិតបាន ។
បើតាមអ្នកភូមិអូរដា ដែលធ្វើនំនេះច្រើនជំនាន់មកហើយនោះ បានរៀបរាប់កាលពីថ្ងៃទី៦ មិថុនា ថា នំនេះធ្វើពីម្សៅអង្ករដំណើប លាយជាមួយស្ករ និងគ្រឿងផ្សំផ្សេងៗទៀតដើម្បីឲ្យមានរសជាតិឈ្ងុយឆ្ងាញ់ ហើយពេលអាំងទៅ វាស្រួយ និងឡើងរង្វង់មូលស្អាត ។
អ្នកស្រី ស្រេង តឿ អាយុ៤៦ឆ្នាំ ម្ចាស់ធ្វើនំក្រៀបនេះបន្ដថា របរធ្វើនំនេះ គាត់បានរៀនចេះពីឪពុកម្ដាយតាំងពីកុមារភាព រហូតដល់ចេះធ្វើស្ទាត់ ។ ទោះបីយ៉ាងណា អ្នកស្រីថា ការធ្វើនំនេះវាមិនងាយស្រួលទេ ដោយត្រូវក្រោកតាំងពីម៉ោង២ឬ៣យប់ដើម្បីធ្វើវា រហូតដល់ម៉ោង១០ព្រឹកទើបរួចរាល់ ហើយក្នុងមួយថ្ងៃ អ្នកស្រីធ្វើបានប្រមាណ១ពាន់នំ ដោយក្នុង១០០នំ តម្លៃ២ម៉ឺនរៀល ។ ក្រោយពីទូទាត់ ការចំណាយផ្សេងៗរួច អាចចំណេញពី៥ទៅ៧ម៉ឺនដែរក្នុង១ថ្ងៃ ដែលអាចផ្គត់ផ្គង់ជីវភាពគ្រួសារបានមួយកម្រិត ។ ចំណែកឈ្មួញដែលមកទទួលទិញភាគច្រើន ពួកគេមកពីស្រុកស្គន់ ស្រុកជើងព្រៃ និងស្រុកស្នួល ខេត្តក្រចេះ និងបណ្ដាខេត្តផ្សេងៗទៀត ។
អ្នកស្រីបន្ដថា ៖ « របរនេះ បើសិនលក់ដាច់ច្រើននោះ ខ្ញុំត្រូវការប្រើកម្លាំងកម្មករចំនួន៥នាក់ដើម្បីឲ្យមកជួយធ្វើ ទើបបានឆាប់រហ័សទាន់ពេលបោះឲ្យម៉ូយ ។ ការធ្វើនំក្រៀបនេះ មិនមែនងាយស្រួលប៉ុន្មានទេ គឺត្រូវក្រោកឡើងនៅវេលាម៉ោង១ ទៅម៉ោង២ រំលងអធ្រាត្រ និងមានកម្លាំងជិត១០នាក់ដើម្បីធ្វើនំ ហើយរហូតដល់វេលាម៉ោង១០ព្រឹក ទើបរួចរាល់ » ។
អ្នកស្រីថា នំនេះពេលដែលធ្វើហើយត្រូវយកទៅហាលថ្ងៃ ហើយបើគ្មានពន្លឺថ្ងៃទេ នំនឹងត្រូវខូច តែមិនយកទៅចោលទេ គឺអាចយកមកធ្វើសាជាថ្មីវិញ ។ ដូច្នេះ ត្រូវការពន្លឺថ្ងៃចាំបាច់ និងគ្រប់ពេលវេលា ហើយនំដែលធ្វើដៃច្រើននោះ ពេលគេយកទៅអាំង ក៏មិនបានឡើងល្អរីកធំដែរ ។
បើតាមស្ដ្រីជាកម្មករជួយធ្វើនំម្នាក់បានប្រាប់ឲ្យដឹងដែរថា រាល់ថ្ងៃគាត់បានក្រោកពីយប់មកស៊ីឈ្នួលធ្វើនំ ដោយសារតែផ្ទះនៅក្បែរគ្នា ។ ក្នុង១ថ្ងៃ គាត់ទទួលបានកម្រៃ១ម៉ឺន២ពាន់រៀល ឬលើសនេះ គ្រាន់បានប្រាក់ឲ្យកូន២នាក់បានរៀនសូត្រនៅសាលារៀន និងជួយដោះស្រាយជីវភាពគ្រួសារ ខណៈដែលប្ដីរបស់អ្នកស្រី ធ្វើជាជាងសំណង់នៅខេត្តឆ្ងាយ ។
ស្ត្រីរូបនេះបន្ដថា ៖ « ការធ្វើជាកម្មករនៅទីនេះ មិនទទួលបានប្រាក់កម្រៃច្រើនទេ ប៉ុន្ដែយើងបាននៅជួបជុំគ្រួសារ និងមើលថែកូន ប្រសើរជាងធ្វើចំណាកស្រុកទៅប្រទេសគេ ដែលបាត់ដំណឹងសូន្យពីសាច់ញាតិ ថែមទាំងប្រឈមនឹងគ្រោះថ្នាក់ជាយថាហេតុទៀត »៕
ចែករំលែកព័តមាននេះ