ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បងស្រី​ប្ដឹង​សមត្ថកិច្ច​ឱ្យ​ចាប់​ប្អូនប្រុស​ដាក់គុក​ព្រោះ​លួច​មិន​ស្វាង

13 ឆ្នាំ មុន

ខេត្ដបាត់ដំបង ៖ យុវជន​ម្នាក់​ដែល​ទើបសែន​ប្រពន្ធ​បាន​៣​ទៅ​៤​ខែ ត្រូវ​បាន​បងស្រីបង្កើត​សំរេចចិត្ដ​ប្ដឹង​សមត្ថកិច្ច​នគរបាល​ឱ្យចាប់ខ្លួន​ ពី​បទ​“​ចោរកម្ម​” ។ សមត្ថកិច្ច​បាន និយាយ​ថា​ជន​នេះ​ត្រូវ​បងស្រី​របស់​គេ​ប្ដឹង ក្រោយ​ពី​បាន​លួច​យក​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង និង​វ៉ា​លី​ស​មួយ​របស់​ឪពុកមា​ដែល​ទើប​មក​ពីបរទេស​។ ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី១៥ កក្កដា នៅ​ភូមិ​សំរោង​តា​កុក ឃុំ​សំរោង ក្នុងស្រុក​ឯក​ភ្នំ

ខេត្ដបាត់ដំបង ៖ យុវជន​ម្នាក់​ដែល​ទើបសែន​ប្រពន្ធ​បាន​៣​ទៅ​៤​ខែ ត្រូវ​បាន​បងស្រីបង្កើត​សំរេចចិត្ដ​ប្ដឹង​សមត្ថកិច្ច​នគរបាល​ឱ្យចាប់ខ្លួន​ពី​បទ​“​ចោរកម្ម​” ។ សមត្ថកិច្ច​បាន និយាយ​ថា​ជន​នេះ​ត្រូវ​បងស្រី​របស់​គេ​ប្ដឹង ក្រោយ​ពី​បាន​លួច​យក​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង និង​វ៉ា​លី​ស​មួយ​របស់​ឪពុកមា​ដែល​ទើប​មក​ពីបរទេស​។ ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី១៥ កក្កដា នៅ​ភូមិ​សំរោង​តា​កុក ឃុំ​សំរោង ក្នុងស្រុក​ឯក​ភ្នំ ។
មន្ដ្រី​នគរបាល​ស្រុក​ឯក​ភ្នំ​បាន​ប្រាប់​ថា ជនសង្ស័យ​នេះ​ឈ្មោះ​ស លៀង អាយុ​១៩​ឆ្នាំ ទើប​សែន​ប្រពន្ធ​បាន​៣​ទៅ​៤​ខែ​ក្រោយ​ពី ពង្រត់​គ្នា ហើយ​ត្រូវ​បងស្រី​របស់​ខ្លួន​ឈ្មោះ ស លី​ណា អាយុ​២៥​ឆ្នាំ ប្ដឹង​ក្រោយ​ពេល ជន​នេះ​លួច​យក​ទូរស័ព្ទ​ដៃ​១​គ្រឿង និងសំភារ​មួយ​ចំនួន​ទៀត​របស់​ឪពុកមា ។ 

មិនតែ​ប៉ុណ្ណោះ​ជន​នេះ​ធ្លាប់​ប្រព្រឹត្ដ​បទល្មើស ជា​ច្រើន​កន្លង​មក​ក្នុង​គ្រួសារ ហើយ​អាណាព្យាបាល​បាន​ព្យាយាម​អប់រំ​ដែរ​តែ​គេ​មិន ស្ដាប់​ទើប​បងស្រី​របស់​គេ​សំរេច​ប្ដឹង​សមត្ថកិច្ច​នគរបាល​ឱ្យ​ចាប់ខ្លួន​ផ្ដន្ទាទោស ។ តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ ឈ្មោះ​ស លៀង បាន​និយាយ​ថា ខ្លួន​ពិតជា បាន​លួច​ទូរស័ព្ទ​ដៃ និង​វ៉ា​លី​ស​របស់​ឪពុកមា ដែល​ទើប​មក​ពី​ប្រទេស​បារាំង​មែន ។ បន្ទាប់ពី​លួច​បាន​ខ្លួន​យក​ទូរស័ព្ទ​ទៅ​លក់​បាន​ប្រាក់ ២១​ដុល្លារ ហើយ​យក​ទៅ​ទិញ​ថ្នាំ​យ៉ា​ម៉ា​បាន៣​គ្រាប់ ដោយ​មិន​បានឱ្យ​ប្រាក់​ទៅ​ប្រពន្ធចាយ​ទេ ។

ជន​នេះ​បាន​បញ្ជាក់​ដោយ​ទទួលស្គាល់​ថា បើ​គ្រាន់តែ​លួច​ទ្រព្យ​ប៉ុណ្ណឹង​មិន ទំនង​បងស្រី​ខ្លួន​ប្ដឹង​ទេ ប៉ុន្ដែ​ដោយសារ ឪពុក​ខឹង​នឹង​ខ្លួន​ដែល​មិន​ស្ដាប់​តាម​ការ​ណែនាំ របស់​គាត់​ដូច​ជា​មិន​ឱ្យ​ប្រព្រឹត្ដ​គ្រឿងញៀន មិន​ឱ្យ​ទាក់ទង​ប្រពន្ធ​សព្វ​ថ្ងៃនេះ​ជាដើម តែ​ខ្លួន​មិន​ស្ដាប់ ហើយ​ថែម​ទាំង​បាន​ពង្រត់ នាង​យក​ធ្វើ​ជា​ប្រពន្ធ​ទៀត ដូច្នេះ​ហើយ​ធ្វើ​ឱ្យឪពុក និង​បងស្រី​ខឹង​ហើយ​ប្ដឹង​សមត្ថកិច្ច​ឱ្យ ចាប់ខ្លួន​តែ​ម្ដង​ទៅ​។ទោះជា​យ៉ាងណា តាម​ការ​បំភ្លឺ​របស់​សមត្ថកិច្ច​ថា ជន​នេះ​ធ្លាប់​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្ដិ ក្នុងផ្ទះ​ច្រើន​ណាស់ បើ​តាម​ការ​ប្រាប់​ឱ្យ​ដឹង ពី​ក្រុម​គ្រួសារ ដូច្នេះ​ហើយ​ទើប​ក្រុម​គ្រួសារ ទ្រាំ​មិន​បាន​សំរេច​ប្ដឹង​បែប​នេះ ។ ជនសង្ស័យត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​ខេត្ដ​រួច​ហើយ​ដើម្បី​ចាត់ការ​តាមផ្លូវច្បាប់ ៕