ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នឹង​ទទួលផល​ពី​អាជីវកម្ម​រ៉ែ​មាស​ដ៏​ច្រើន​នៅ​ខេត្តមណ្ឌលគិរី

6 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ មណ្ឌលគិរី​ជា​ខេត្ត​មួយ​ដែល​អំណោយផល​ពី​ធម្មជាតិ ។ ក្រៅពី​មាន​តំបន់​ទេសចរណ៍ធម្មជាតិ​សម្បូរ​បែប​ហើយ ខេត្ត​មួយ​នេះ​ក៏​មាន​ធនធាន​រ៉ែ​មាន​តម្លៃ​ជា​ច្រើន​ទៀត​សម្រាប់​ផ្ដល់​អត្ថប្រយោជន៍​ដល់​ប្រទេស​កម្ពុជា​ទាំងមូល

ខេត្តមណ្ឌលគិរី ៖ មណ្ឌលគិរី​ជា​ខេត្ត​មួយ​ដែល​អំណោយផល​ពី​ធម្មជាតិ ។ ក្រៅពី​មាន​តំបន់​ទេសចរណ៍ធម្មជាតិ​សម្បូរ​បែប​ហើយ ខេត្ត​មួយ​នេះ​ក៏​មាន​ធនធាន​រ៉ែ​មាន​តម្លៃ​ជា​ច្រើន​ទៀត​សម្រាប់​ផ្ដល់​អត្ថប្រយោជន៍​ដល់​ប្រទេស​កម្ពុជា​ទាំងមូល ។

បើ​តាម​ថ្នាក់ដឹកនាំ​ខេត្ត​បាន​បញ្ជាក់​ថា នៅ​ចុងឆ្នាំ​២០១៧​ឬ​ដើមឆ្នាំ​២០១៨​ខាង​មុខ ធនធាន​រ៉ែ​ទាំងនេះ​នឹង​ផ្ដល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​ប្រទេស​ជាតិ ពិសេស​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ទាំងមូល ។

លោក ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត​មណ្ឌលគិរី បាន​មាន​ប្រសាសន៍​ថា នៅ​ពេល​នេះ​ក្រុមហ៊ុន​ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​រុករក​រ៉ែ​នៅ​ក្នុង​ខេត្ត​បាន​និង​កំពុង​សាងសង់​កន្លែង​ទាញ​យក​ផល​រ៉ែ និង​បាន​ជួយ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន​នៅ​ក្នុង​ខេត្ត ។

លោក​ថ្លែង​ថា​៖« ពេល​នេះ​មាន​ក្រុមហ៊ុន​រុករក​រ៉ែ​មាស​ចំនួន​៣​ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ ធ្វើ​សិក្សា​ស្រាវជ្រាវ​ក្នុង​ខេត្ត ដើម្បី​ធ្វើ​អាជីវកម្ម​ទាញ​យក​ផល​រ៉ែ​មាស​ពី​ខេត្ត​យើង » ។

លោក​បន្ត​ថា នៅ​ពេល​ក្រុមហ៊ុន​ទាំងនោះ អាច​ទាញ​យក​ធនធាន​រ៉ែ​បាន កម្ពុជា​នឹង​ទទួល​បាន​ចំណូល​បន្ថែម​ទៀត​សម្រាប់​ជាតិ​ទាំងមូល ហើយ​នៅ​ពេល​ដែល​ជាតិ​យើង​មាន​ចំណូល​បន្ថែម មាន​ន័យ​ថា​ខេត្ត​ក៏​ទទួល​បាន​ផល​ពី​អាជីវកម្ម​រ៉ែ​នេះ​ដែរ ។ ជាក់ស្ដែង​ពេល​នេះ​ក្រុមហ៊ុន​រុករក​រ៉ែ​ទាំងនេះ កំពុង​មាន​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​កៅស៊ូ​ដែល​មានគុណ​ភាព​ខ្ពស់ ដើម្បី​ជំរុញ​កំណើន​ការ​ធ្វើ​ពាណិជ្ជកម្ម​ក្នុងស្រុក ក៏​ដូច​ជា​ក្រៅប្រទេស​ផង​ដែរ ។

លោក​បន្ថែម​ថា នៅ​ពេល​អាជីវកម្ម​រ៉ែ​ចាប់​ដំណើរការ វា​នឹង​ផ្ដល់​ការងារ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត និង​ក្នុង​ប្រទេស​ទាំងមូល ដូច​ជា​កម្មករ​ជំនាញ​អណ្ដូងរ៉ែ និង​កម្មករ​បម្រើ​ការ​ក្នុង​ផ្នែក​ផ្សេង​ៗ​ជាដើម។ ម្យ៉ាងទៀត ក្រុមហ៊ុន​ដែល​ទទួល​អាជ្ញាប័ណ្ណ ក៏​បាន​ចូលរួម​អភិវឌ្ឍន៍​ខេត្ត​ជា​បន្តបន្ទាប់​ដែរ ដូច​ជា​មន្ទីរពេទ្យ សាលារៀន អណ្ដូងទឹក និង​ផ្លូវ​ជាដើម ។

លោក​អភិបាលខេត្ត​បាន​បន្ថែម​ទៀត បើ​តាម​អ្វី​ដែល​លោក​ជ្រាប ការ​ចាប់ផ្ដើម​អាជីវកម្ម​ទាញ​យក​ធនធាន​រ៉ែ​មាស​ពី​ខេត្តមណ្ឌលគិរី​អាច នឹង​ចាប់ផ្ដើម​នៅ​ចុងឆ្នាំ​២០១៧​ឬ​ដើមឆ្នាំ ២០១៨​ខាង​មុខ ហើយ​ការ​បែងចែក​ចំណូល​ជាតិ​ប៉ុន្មាន​នោះ លោក​មិន​ជ្រាប​ច្បាស់​ទេ គ្រាន់តែ​ដឹង​ថា រ៉ែ​មាស​នៅ​ខេត្ត​នេះ​មាន​ច្រើន​តោន​ណាស់ អាច​និយាយ​ថា វា​មាន​រាប់​ម៉ឺន​តោន​ឯណោះ ។

លោក​ថា ៖ « ក្រៅពី​រ៉ែ​មាស នៅ​ក្នុង​ខេត្តមណ្ឌលគិរី ក៏​មាន​ប្រភេទ​រ៉ែ​បុក​ស៊ី​ត​ផង​ដែរ និង​ត្រូវការ​វិនិយោគ​ច្រើន​លើ​ការ​រុករក និង​ធ្វើ​អាជីវកម្ម​លើ​ប្រភេទ​រ៉ែ​នេះ ។ នៅ​ក្នុង​ខេត្តមណ្ឌលគិរី​ប្រភេទ​រ៉ែ​បុក​ស៊ី​ត​នេះ​ក៏​មាន​ច្រើន​ដែរ រាប់រយ​រាប់​ពាន់​តោន ដែល​នឹង​ផ្ដល់​ចំណូល​ដល់​កម្ពុជា​យើង​ច្រើន​ទៀត​ផង » ។

គួរ​បញ្ជាក់​ថា ក្រៅពី​ខេត្តមណ្ឌលគិរី​ដែល​មាន​រ៉ែ​មាស និង​រ៉ែ​មាន​តម្លៃ​ជា​ច្រើន​ហើយ​នោះ នៅ​បណ្ដា​ខេត្ត​ផ្សេង​ៗ​ទៀត​ក្នុង​ប្រទេស​កម្ពុជា​ក៏​មាន​ធនធាន​រ៉ែ​ជា​ច្រើន​ប្រភេទ​ដែល​កម្ពុជា​អាច​ទាញ​យក​ដើម្បី​ចំណូល​ជាតិ​បាន​ផង​ដែរ ដូច​ជា​ខេត្តបាត់ដំបង ខេត្ត​ប៉ៃលិន និង​ខេត្ត​ព្រះ​សីហ​នុ ជាដើម ៕