ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ក្រុម​គោព្រៃ​កម្ពុជា​អាច​បំបែក​កំណត់​ត្រា​បាន​ឬ​អត់​នៅ​ល្ងាច​នេះ?

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បើក​យុទ្ធនាការ​ហ្វឹកហាត់​រយៈពេល​១​ស​ប្តា​ហ៍​ក្រោម​ការ​ដឹកនាំ​របស់​គ្រូបង្វឹក​សញ្ជាតិ​ប្រេ​ស៊ី​ល​លោក Leonardo Vitorino ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ដែល​មាន​រហស្សនាម​ថា

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បើក​យុទ្ធនាការ​ហ្វឹកហាត់​រយៈពេល​១​ស​ប្តា​ហ៍​ក្រោម​ការ​ដឹកនាំ​របស់​គ្រូបង្វឹក​សញ្ជាតិ​ប្រេ​ស៊ី​ល​លោក Leonardo Vitorino ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ដែល​មាន​រហស្សនាម​ថា​ក្រុម​គោព្រៃ​កម្ពុជា​នឹង​បើកទ្វារ​ទទួល​ស្វាគមន៍​ក្រុមបាល់ទាត់​ជម្រើសជាតិ​ឥណ្ឌូ​ណេ​ស៊ី​ក្រោម​ការ​ដឹកនាំ​របស់​គ្រូបង្វឹក​សញ្ជាតិ​អេ​ស្ប៉ា​ញ​លោក Luis Milla Aspas ក្នុង​ជំនួប​មិត្តភាព​អន្តរជាតិ​កម្ដៅ​សាច់ដុំ​នា​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​៨ មិថុនា​នេះ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំពិ​កដោយ​មានការ​ផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​បាយ័ន​ព័ត៌មាន​(BTV News)​ផង​ដែរ ។

តាម​ប្រភព​ព័ត៌មាន​ពី​បញ្ជរ​លក់​សំបុត្រ​នៅ​មុខ​ពហុ​កីឡដ្ឋាន​ជាតិ​កាលពី​ព្រឹក​ថ្ងៃ​ទី​៧​មិថុនា​ឱ្យ​ដឹង​ថា សំបុត្រ​ចូល​ទស្សនាការ​ប្រកួត​រវាង​ក្រុម​ជម្រើសជាតិ​ទាំង​ពីរ​មក​ដល់​ពេល​នេះ​នៅ​សល់​ប្រមាណ​៨​រយ​សន្លឹក​ប៉ុណ្ណោះ​សម្រាប់​កន្លែង​គ្មាន​ដំបូល​ដែល​មាន​តម្លៃ​៥​ពាន់​រៀល ចំណែក​កន្លែង​មាន​ដំបូល​តម្លៃ​១​ម៉ឺន​រៀល​លក់​អស់​តាំងពី​ម្សិលម្ង៉ៃ ។ ដូច្នេះ​សូម​រួសរាន់​មក​ទិញ​សំបុត្រ​ចូល​ទស្សនា​ផ្ទាល់​ទាំងអស់​គ្នា កុំឱ្យ​ព្រឹត្តិការណ៍​ដ៏​កក្រើក​មួយ​នេះ​រំលង​ផុត​ពី​ខ្សែ​ចក្ខុ​លោក​អ្នក​ឱ្យ​សោះ​ព្រោះ​ការ​ទស្សនា​តាម​កញ្ចក់​ទូរទស្សន៍​មិន​សប្បាយ​ដូច​ទស្សនា​ផ្ទាល់​ឡើយ ។

លោក Leonardo Vitorino គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា​បាន​លើក​ឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ព្រឹក​ថ្ងៃ​ទី​៧ មិថុនា ថា ជំនួប​មិត្តភាព​នេះ​មិនមែន​ជា​រឿង​ងាយស្រួល​ឡើយ​សម្រាប់​ក្រុម​កម្ពុជា ព្រោះ​ក្រុម​ឥណ្ឌូ​ណេ​ស៊ី​មាន​កីឡាករ​ល្អ​ៗ​ជា​ច្រើន ។ ក្រុម​ទាំង​ពីរ​ធ្លាប់​ជួប​គ្នា​ចំនួន​៥​លើក​រួច​មក​ហើយ​ប៉ុន្តែ​ក្រុម​កម្ពុជា​មិន​ដែល​ឈ្នះ​ទាល់តែ​សោះ​សូ​ម្បី​ឱកាស​ស៊ុត​បាល់​បញ្ចូល​ទី​១​គ្រាប់​ក៏​គ្មាន​ផង ក្នុង​ពេល​ក្រុម​ឥណ្ឌូ​ណេ​ស៊ី​ស៊ុត​បាល់​បញ្ចូល​ទី​ក្រុម​កម្ពុជា​បាន​រហូត​ដល់​ទៅ​២០​គ្រាប់​ឯណោះ ។ លោក​បន្ថែម​ថា សម្រាប់​ការ​ប្រកួត​ល្ងាច​នេះ​រឿង​ចាញ់​ឈ្នះ​មិន​សំខាន់​ទេ អ្វី​ដែល​សំខាន់​គឺ​លោក​ចង់​ផ្លាស់​ប្ដូរ​ទម្រង់​លេង​ឱ្យ​បាន​ល្អ​ជាង​មុន ។ ហេតុនេះ​ហើយ​ទើប​លោក​សម្រេចចិត្ត​ដាក់​កីឡាករ​ក្មេង​ៗ​ចូល​លេង​ឱ្យ​បាន​ច្រើន ព្រោះ​ទិស​ដៅ​សំខាន់​គឺ​ការ​ត្រៀមខ្លួន​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម នៅ​ខែសីហា និង​ការ​ប្រកួត​វគ្គ​ជម្រុះ​ACQ(Asian Cup Qualification)​ជាមួយ​ក្រុម​អា​ហ្វ​ហ្គា​នី​ស្ថាន​នៅ​ថ្ងៃ​ទី​១៣ ខែមិថុនា ។ ទោះបី​យ៉ាងណា ក្រុម​របស់​លោក​នឹង​ខិតខំ​ឱ្យ​អស់ពី​សមត្ថភាព​ដើម្បី​បំពេញចិត្ត​អ្នកគាំទ្រ ។

បើ​ក្រឡេក​មើល​ក្រុមបាល់ទាត់​ជម្រើសជាតិ​ឥណ្ឌូ​ណេ​ស៊ី ដែល​បាន​មក​ដល់​ទឹកដី​កម្ពុជា​កាលពី​ម៉ោង​៨​យប់​ថ្ងៃ​ទី​៥ មិថុនា វិញ​ភាគច្រើន​ពួក​គេ​សុទ្ធសឹងតែ​ជា​យុវជន​អាយុ​ក្រោម​២២​ឆ្នាំ ដោយ​មាន​កីឡាករ​មក​ពី​ឈុត​ធំ​តែ​៥​នាក់​ប៉ុណ្ណោះ​ដែល​ធ្លាប់​ជួយ​ក្រុម​ជម្រើសជាតិ​ពួក​គេ​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់​ជើងឯក​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍ AFF Suzuki Cup 2016 កាលពី​ឆ្នាំទៅ ។

លោក Luis Milla Aspas គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ឥណ្ឌូ​ណេ​ស៊ី បាន​ថ្លែង​ថា ក្រុម​របស់​លោក​ក៏​ត្រូវ​បាន​ចាត់ទុកជា​ក្រុម​ក្មេងខ្ចី​ដែរ​ដោយសារ​តែ​លោក​ដាក់​កីឡាករ​ដែល​មានបទពិសោធន៍​ចូល​លេង​តែ​៥​នាក់​ប៉ុណ្ណោះ ក្រៅពី​នោះ​សុទ្ធតែ​ជា​កីឡាករ​វ័យក្មេង​ព្រោះ​លោក​ក៏​មានគំនិត​ដូច​គ្រូបង្វឹក​ក្រុម​កម្ពុជា​ដែរ​ដែល​ផ្ដោត​លើ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​នៅ​ខែសីហា ខាង​មុខជា​សំខាន់ ។ លោក​គិត​ថា ក្រុម​ជម្រើសជាតិ​កម្ពុជា​សព្វថ្ងៃ​មានការ​ផ្លាស់​ប្ដូរ​ច្រើន និង​មាន​ទម្រង់​លេង​ល្អ​ជាង​មុន ។

ដូច្នេះ​លោក​សង្ឃឹមថា ការ​ប្រកួត​ល្ងាច​នេះ​ក្រុម​របស់​លោក​នឹង​ទទួល​បាន​បទ​ពិសោធន៍​ច្រើន​បន្ថែម​ទៀត​ពី​ក្រុម​កម្ពុជា​មិន​ខាន ។

ក្រុម​អ្នកគាំទ្រ​កម្ពុជា​កំពុង​ទន្ទឹងរង់ចាំ​មើល​យ៉ាង​អន្ទះសា​ដោយសារ​តែ​ពួក​គេ​ចង់​ដឹង​ថា​ក្រោម​ការ​ដឹកនាំ​របស់​គ្រូបង្វឹក​ថ្មី​តើ​ក្រុម​គោព្រៃ​កម្ពុជា​អាច​បំបែក​កំណត់​ត្រា​យកឈ្នះ​ក្រុម​ភ្ញៀវ​ឥណ្ឌូ​ណេ​ស៊ី​ដែល​ជា​ក្រុម​ខ្លាំង​មួយ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​បាន​ឬ​អត់ ? ព្រោះ​បើ​យោង​តាម​ប្រវត្តិ​ជួប​គ្នា​ចំនួន​៥​លើក​ចុង​ក្រោយ​រវាង​ក្រុម​ទាំង​ពីរ​ឃើញ​ថា ក្រុម​គោព្រៃ​កម្ពុជា​មិន​ដែល​ឈ្នះ​ទាល់តែ​សោះ​សូ​ម្បី​ឱកាស​ស្មើ​ក៏​គ្មាន​ដែរ ។