ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆក់​បាន​អាយ​ហ្វូ​ន 6plus​មួយ​គ្រឿង នាំ​គ្នា​ជិះ​រត់​ម៉ូតូ​រត់​អស់​សាំង​…

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុម​ជន​ដៃ​ស្អិត​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​២​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​បឹង​កេងកង​ទី​១ ធ្វើការ​ចាប់​ឃាត់ខ្លួន ក្រោយ​ពី​ពួក​គេ​បាន​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​ដៃ​ម៉ាក

រាជធានី​ភ្នំពេញ ៖ ក្រុម​ជន​ដៃ​ស្អិត​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​២​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​បឹង​កេងកង​ទី​១ ធ្វើការ​ចាប់​ឃាត់ខ្លួន ក្រោយ​ពី​ពួក​គេ​បាន​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​ដៃ​ម៉ាក Iphone 6plus មួយ​គ្រឿង​ពី​នារី​វ័យក្មេង​ម្នាក់​បាន​ហើយ​នាំ​គ្នា​ព្យាយាម​ជិះ​ម៉ូតូ​រត់​អស់​សាំង ត្រូវ​បាន​ម្ចាស់​តាម​ទាន់​ចាប់​ប្រគល់​ឱ្យ​កម្លាំង​មាន​សម្ថ​កិច្ច​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ២​រសៀល ថ្ងៃ​ទី ០៧ ខែមិថុនា ឆ្នាំ​២០១៧​នេះ ស្ថិត​នៅ​ខាង​មុខ​ផ្ទះ​លេខ​២៦ ផ្លូវ​លេខ​២៨២ ភូមិ​៣ ក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន​។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា យុវជន​ជា​ជនសង្ស័យ​ដែល​បាន​ឃាត់ខ្លួន​មានឈ្មោះ ដួង សុខ​ហួរ  អាយុ​១៦​ឆ្នាំ មុខរបរ​បាញ់ថ្នាំ​តុ ទូ ស្នាក់​នៅផ្ទះ​ជួល​គ្មាន​លេខ ផ្លូវ​លេខ ២៣០ ក្នុង​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក ដកហូត​បាន​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​សៀមរាប​១B-៧០៩២ មួយ​គ្រឿង​ផង​ដែរ​។ ចំណែកឯ​នារី​រង​គ្រោះ​មានឈ្មោះ ប៉ា​ង សុធា​រ៉ា អាយុ​២២​ឆ្នាំ ជាប​បុគ្គលិក​របស់​ក្រុមហ៊ុន​អចលនទ្រព្យ​មួយ មាន​ទីលំនៅ​ក្នុង​សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ​។ មុន​ពេល​កើតហេតុ នារី​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ជាមួយនឹង​បុរស​ជា​អ្នកធ្វើការ​ជាមួយ​គ្នា​ម្នាក់ លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ បុរស​ម្នាក់​ដែល​ឌុ​ប​នាង​នោះ​បាន​ដក​យក​ទូរស័ព្ទ​ម៉ាក Iphone 6plus មួយ​គ្រឿង​យក​មក​និយាយ​រួច​ក៏​ហុច​ឲ្យ​នាង​ដែល​អង្គុយ​នៅ​ខាងក្រោយ​ជួយ​កាន់ បាន​បន្តិច​ក៏​ស្រាប់តែ​លេចមុខ​ក្រុម​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​មក​ក្បែរ និង​ឆក់​យក​ទូរស័ព្ទ​ពី​ដៃ​នាង និង​នាំ​គ្នា​ជិះ​ម៉ូតូ​រត់គេច​តែ​ម្តង​។

ពេល​នោះ ពួក​នាង​ក៏​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ដេញ​តាម​ពីក្រោយ​ដោយ​ស្រែ​កថា (​ចោ​ៗ…)​រហូត ក៏​ស្រាប់តែ​ម៉ូតូ​របស់​ពួក​គេ​អស់​សាំង​ព្យាយាម​អូស​រត់​ក៏​ត្រូវ​ពួក​នាង​ស្រែក​ឲ្យ​គេ​ជួយ​ដេញចាប់​បាន​ម្នាក់ និង​ម៉ូតូ​មួយ​គ្រឿង និង​ប្រគល់​ឲ្យ​កម្លាំង​មាន​សម្ថ​កិច្ច​មូលដ្ឋាន​តែ​ម្តង ចំណែក​បក្ខពួក​ម្នាក់​ទៀត​យក​ទូរស័ព្ទ​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង​។ ក្រោយ​ពេល​កើតហេតុ បុរស និង​នារី​រង​គ្រោះ​ក៏​បាន​នាំ​គ្នា​ដាក់​ពាក្យបណ្តឹង​នៅ​នគរបាល​ប៉ុស្តិ៍​បឹង​កេងកង​ទី​១ ដើម្បី​ឲ្យ​ជួយ​ស្រាវជ្រាវ​រក​ចាប់​បក្ខពួក​ដែល​នៅ​សេសសល់  និង​រក​ទូរស័ព្ទ​មក​វិញ ចំណែក​យុវជន​សង្ស័យ​ម្នាក់​ដែល​បាន​ឃាត់ខ្លួន​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៅ​ទៀត​៕