ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាកសព​រថយន្ត​គ្រោះថ្នាក់​ចរាចរណ៍​កើន​ដល់​ជាង​២០០​គ្រឿង​ទុក​ចោល​រាប់​ឆ្នាំ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវគោក រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា គិត​រហូត​មក​ដល់​ពេល​នេះ រថយន្ត​ដែល​បាន​បុក​គ្នា ឬ​រថយន្ត​រងគ្រោះថ្នាក់​ចរាចរណ៍

រាជធានី​ភ្នំពេញ ៖ មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវគោក រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា គិត​រហូត​មក​ដល់​ពេល​នេះ រថយន្ត​ដែល​បាន​បុក​គ្នា ឬ​រថយន្ត​រងគ្រោះថ្នាក់​ចរាចរណ៍ នៅ​រាជធានី​ភ្នំពេញ មានការ​កើនឡើង​ជាង​២០០​គ្រឿង ដែល​ម្ចាស់​រថយន្ត​ខ្លះ​ទុក​ចោល​រហូត​ដល់​ជាង​១០​ឆ្នាំ​មក​ហើយ មិន​ចូលខ្លួន​ដោះស្រាយ​ឡើយ គឺ​ធ្វើ​ឲ្យ​រថយន្ត​មួយ​ចំនួន​ត្រូវ​ពុក​ផុយ ដោយសារ​ត្រូវ​ថ្ងៃ ភ្លៀង​ខ្យល់ និង​មួយ​ចំនួន​ទៀត​ត្រូវ​បាន​ស្មៅ​ឬ​ដើមឈើ​ដុះ​ព័ទ្ធ​ស្ទើរ​ជិត​ទៅ​ហើយ ដែល​បង្ក​ការ​លំបាក​ដោយសារ​ទីតាំង​កាន់តែ​តូច​ចង្អៀត​ទៅ​ៗ រក​កន្លែង​ទុក​រថយន្ត​គ្រោះថ្នាក់​ក្រោយ​ៗ​ទៀត​មិន​បាន ម្យ៉ាងទៀត​ការ​ទុក​រថយន្ត​ដែល​បាក់បែក​ខ្ទេចខ្ទី​បែប​នេះ បង្ក​ឲ្យ​មានទឹក​ដក់ និង​បង្កើត​ឲ្យ​មាន​មូស​យ៉ាងច្រើន​ស​ន្ទឹ​ក​សន្ធាប់​តែ​ម្តង​។

លោក​វរសេនីយ៍ឯក ចេ​វ ហាក់ នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក របស់​ស្នងការ​រ​ដ្ឋា​ន នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​កោះសន្តិភាព​ដឹង​តាម​រយៈ​ទូរស័ព្ទ​នៅ​ថ្ងៃ​ទី​០៧ មិថុនា ២០១៧ ដោយ​ចុងមាត់ចុងក​ថា បច្ចុប្បន្ន​ការ​រិ​យា​ល័យ​នគរបាល​ចរាចរណ៍​រាជធានី​ភ្នំពេញ កំពុង​មានការ​លំបាក​ក្នុង​ការ​រក​ទីតាំង​ទុក​រថយន្ត​ដែល​រងគ្រោះថ្នាក់​ចរាចរណ៍​មិន​បាន​ដោយសារ មាន​រថយន្ត​ត្រូវ​បាន​ម្ចាស់​របស់​វា​ទុក​ចោល​មិន​ចូលខ្លួន​ដោះស្រាយ មាន​រថយន្ត​ខ្លះ​ទុក​ចោល​រហូត​ដល់​ជាង​១០​ឆ្នាំទៅ​ហើយ​។ ទាក់ទិន​ទៅ​នឹង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កន្លង​មក លោក ចេ​វ ហាក់ បាន​ឲ្យ​ដឹង​ថា ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បង្ក​ឲ្យ​មាន​មនុស្ស​រងគ្រោះថ្នាក់ ជា​ផ្លូវច្បាប់​ចាំបាច់​ត្រូវ​បញ្ជូន​មធ្យោបាយ​ទាំងនោះ​ទៅ​តុលាការ បើ​ទោះបី​ភាគី​ទាំង​សងខាង​បាន​ដោះស្រាយ​សំណង​រួច​ហើយ​ក៏​ដោយ តែ​ម្ចាស់​រថយន្ត​មួយ​ចំនួន ជា​ពិសេស​រថយន្ត​ដែល​បង្ក ឬ​បុក​មនុស្ស​ស្លាប់ និង​រថយន្ត​ដែល​ខូចខាត​ធ្ងន់ធ្ងរ​មួយ​ចំនួន​ត្រូវ​រក្សា​ទុក​នៅ​តុលាការ​ជា​ភស្តុ​តាង និង​មួយ​ចំនួន​ម្ចាស់​វា​មិន​ចូលខ្លួន​ដោះស្រាយ ឬ​ទុក​ចោល​តែ​ម្តង​។

លោក ចេ​វ ហាក់ បាន​ឲ្យ​ដឹង​ទៀត​ថា ដោយសារ​បែប​នេះ ទើប​កំណើន​រថយន្ត​ទាំងនោះ មានការ​កើន​ឡើងជា​បន្តបន្ទាប់ ម្យ៉ាងទៀត​ដោយសារ​ទីតាំង​របស់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​មាន​តូច​ចង្អៀត ដែល​តម្រូវ​ឲ្យ​មានការ​រៀបចំ ដូច​ជា​រថយន្ត​ណា​ដែល​ចាស់​ៗ និង​រថយន្ត​ណា​ដែល​ខូចខាត​ធ្ងន់ធ្ងរ គឺ​ត្រូវ​ដាក់​គរ​ត្រួត​លើ​គ្នា និង​មួយ​ចំនួន​ទៀត​ត្រូវ​បាន​ដាក់​នៅ​លើ​ចិញ្ចើម​ផ្លូវ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ស្ថាប័ន​នៅ​ក្បែរ​ៗ​នោះ​។ លោក​បាន​បញ្ជាក់​ថា កន្លង​មក​អង្គភាព​របស់​លោក​បាន​ស្នើរ​សុំ​ទៅ​តុលាការ​ឲ្យ​យក​រថយន្ត​ទាំងនោះ ទៅ​រក្សា​ទុក​នៅ​តុលាការ ព្រោះ​ជា​បន្ទុក​របស់​ស្ថាប័ន​នោះ ប៉ុន្តែ​ត្រូវ​បាន​ស្ថាប័ន​តុលាការ​បដិសេធ ព្រោះ​អត់​មាន​ទីតាំង​ទុក ចំណែក​សាលា​រាជធានី​ភ្នំពេញ អង្គភាព​របស់​លោក​ក៏​បាន​ស្នើរ​សុំ​២-៣​លើក​រួច​មក​ហើយ​ដែរ ប៉ុន្តែ​គ្មាន​ដំណោះស្រាយ ដែល​បញ្ហា​នេះ ជា​ការ​លំបាក​របស់​ការ​រិ​យា​ល័យ​ចរាចរណ៍ ក្នុង​ការ​រៀបរយ​ឲ្យ​មាន​សណ្តាប់ធ្នាប់​នោះ​។

គួរ​រំលឹក​ថា នៅ​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ត្រួតពិនិត្យ​ការ​អនុវត្ត​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​ប្រចាំឆ្នាំ​២០១៦ និង​ទិស​ដៅ​ការងារ​ឆ្នាំ​២០១៧ របស់​គណៈកម្មាធិការ​ជាតិ​ដើម្បី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភូ​គី​ត្រា ស្ថិត​ក្នុង​អធិបតីភាព​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃ​ទី​០២ មក​រា ២០១៧​កន្លង​មក បាន​ឲ្យ​ដឹង​ថា មនុស្ស​ចំនួន ១.៧១៧​នាក់ ត្រូវ​បាន​ស្លាប់ និង​របួស ៦.៦០៧​នាក់ (​ធ្ងន់​៥៩%) ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ក្នុង​ចំណោម​គ្រោះថ្នាក់​កើតឡើង​ចំនួន ៣.៧០០​លើក នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០១៦​។ យោង​តាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​ដើម្បី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​ឲ្យ​ដឹង​ថា៖

ក្នុង​ចំណោម​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ៣.៧០០​លើក​ខាងលើ ភាគច្រើន​ជា​អ្នកបើកបរ​ម៉ូតូ​មាន​រហូត​ដល់​៧៤% ស្លាប់​១.២៧៤​នាក់ ក្នុង​នោះ​មិន​ពាក់មួក​សុវត្ថិភាព​មាន​ចំនួន​៩៧៦​នាក់ ស្មើនឹង​៥៧% ចំណែក​មូលហេតុ​ដែល​បង្ក​ឲ្យ​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍ បណ្តាល​មក​ពី​ល្មើស​ល្បឿន​៤៤% មិន​ប្រកាន់​ស្តាំ​១២% ស្រវឹង​១២% មិន​គោរព​សិទ្ធិ​អាទិភាព​៩%  វ៉ា​ជែង​១២% បត់​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​៧% កត្តា​យានយន្ត​៣% និង​ងងុយដេក​២%​។ របាយការណ៍​ដដែល បាន​បញ្ជាក់​ថា គ្រោះថ្នាក់​ចរាចរណ៍​នៅ​ក្នុង​ឆ្នាំ​២០១៦​កន្លង​ទៅ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៥ មានការ​ថយ​ចុះ​ចំនួន​៤៤៣​លើក ស្មើនឹង​១១% អ្នក​ស្លាប់​ថយ​ចុះ​២៧១​នាក់ ស្មើនឹង​១៤% និង​អ្នក​របួស​ថយ​ចុះ​៥៤២​នាក់ ស្មើនឹង​៨%៕