ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ឡុ​ង សាល​វ័​ន្ត ៖ ធ្វើ​អាជ្ញាកណ្តាល​ និងចៅក្រម​ប្រដាល់​សព្វថ្ងៃ​បាន​ត្រឹម​ម៉ា​រស់​

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក ឡុ​ង សាល​វ័​ន្ត ប្រធាន​ក្លិប​សាល​វ័​ន្ត​កីឡា បាន​បង្ហើប​ប្រាប់​កោះសន្តិភាព​ឱ្យ​ដឹង​ថា ការ​ចាប់​យក​អាជីព​ជា​អាជ្ញាកណ្ដាល និង​ចៅក្រម​របស់​លោក​រហូត​មក​ទល់​សព្វ​ថ្ងៃនេះ កម្រៃ​ដែល​ទទួល​បាន

រាជធានី​ភ្នំពេញ ៖ លោក ឡុ​ង សាល​វ័​ន្ត ប្រធាន​ក្លិប​សាល​វ័​ន្ត​កីឡា បាន​បង្ហើប​ប្រាប់​កោះសន្តិភាព​ឱ្យ​ដឹង​ថា ការ​ចាប់​យក​អាជីព​ជា​អាជ្ញាកណ្ដាល និង​ចៅក្រម​របស់​លោក​រហូត​មក​ទល់​សព្វ​ថ្ងៃនេះ កម្រៃ​ដែល​ទទួល​បាន​មិន​អាច​យក​ទៅ​ផ្គត់ផ្គង់​ជីវភាព​ក្រុម​គ្រួ​សារបាន​ទេ​គឺ​បាន​ត្រឹមតែ​ចាយវាយ​ខ្លួនឯង​ប៉ុណ្ណោះ ។

ជួប​អ្នក​យក​ព័ត៌មាន​កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ លោក ឡុ​ង សាល​វ័​ន្ត បាន​រៀបរាប់​ពី​ប្រវត្តិ​ផ្ទាល់ខ្លួន​ជូន​ប្រិ​យ​មិត្ត​របស់​កោះសន្តិភាព​ឱ្យ​បាន​ជ្រាប​ថា លោក​បាន​ចាប់​យក​អាជីព​ជា​កីឡាករ​ប្រដាល់​តាំងពី​ឆ្នាំ​១៩៨៩​មក​ម្ល៉េះ ។ កាល​ណោះ​តម្លៃ​ខ្លួន​បាន​មក​ពី​ការ​ប្រកួត​មិន​ច្រើន​ដូច​សព្វ​ថ្ងៃនេះ​ទេ ប៉ុន្តែ​ដោយសារ​តែ​ជីវភាព​នៅ​ក្នុង​គ្រួសារ​មានការ​ខ្វះខាត​ទើប​លោក​ត្រូវ​តែ​បង្ខំចិត្ត​ឡើង​សង្វៀន​ប្រកួត ទោះបីជា​បាន​ប៉ុន្មាន​ក៏​ដោយ ។ កាល​ណោះ​កេរ្តិ៍ឈ្មោះ​របស់​លោក​មាន​ភាព​ល្បីល្បាញ​ប្រដំប្រសង​នឹង​កីឡាករ​អេ ភូ​ថង​ដែរ តែ​គួរ​ឱ្យ​ស្ដាយ​លោក​បាន​បោះបង់​ការ​ប្រកួត​នៅ​ឆ្នាំ​១៩៩៨ ក្រោយ​ពី​រូប​លោក​ត្រូវ​កីឡាករ អេ ភូ​ថង ទាត់​ឱ្យ​បាក់ដៃ​ឆ្វេង​នៅ​ចុងឆ្នាំ​១៩៩៧ ។ លោក​បាន​សម្រេចចិត្ត​រៀប​ការ​ប្រពន្ធ​នៅ​ឆ្នាំ​១៩៩៨​នេះ​តែ​ម្ដង ដែល​ប្រពន្ធ​របស់​លោក​មានឈ្មោះ​មូល ស្រី​ទូច ។

នៅ​ក្នុង​ឆ្នាំ​២០០០​លោក​បាន​ចាប់​យក​អាជីព​ជា​អាជ្ញាកណ្ដាល​វិញ ទោះបី​អាជីព​មួយ​នេះ​ទទួល​បាន​ប្រាក់​កម្រៃ​តិចតួច​តែ​ដោយសារ​ទឹកចិត្ត​ស្រឡាញ់​កីឡាប្រដាល់​លោក​ចេះ​តែ​ទ្រាំ​ធ្វើ​ទៅ ។

លោក ឡុ​ង សាល​វ័​ន្ត បន្ត​ថា រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​លោក​មិន​ត្រឹមតែ​ធ្វើ​ជា​អាជ្ញាកណ្ដាល​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ធ្វើ​ជា​ចៅក្រម​កាត់សេចក្ដី​ម្នាក់​ដែរ ។ ការ​ទទួល​បានការ​ងារ​ពីរ​ក្នុង​ពេល​តែ​មួយ​នា​ពេល​នេះ ដោយសារ​តែ​គេ​មើលឃើញ​លោក​មាន​សមត្ថភាព​គ្រប់គ្រាន់​អាច​ធ្វើ​បាន ។ ចំណែក​អ្នកខ្លះ​ចេះ​តែ​ធ្វើ​ជា​ចៅក្រម​ប៉ុណ្ណោះ​មិន​អាច​ធ្វើ​ជា​អាជ្ញាកណ្ដាល​បាន​ឡើយ ។ សព្វថ្ងៃ​លោក​ទើបតែ​មាន​អាយុ​៤៥​ឆ្នាំ​ប៉ុណ្ណោះ​ប៉ុន្តែ​លោក​ទទួល​បានការ​កោតសរសើរ​ថា​ជា​ចៅក្រម​និង​អាជ្ញាកណ្ដាល​មួយ​រូប​ដែល​មានបទ​ពិសោធន៍​ពេញ​ខ្លួន កាត់សេចក្ដី​ប្រកបដោយ​យុត្តិធម៌​ទៀត​ផង ។

លោក​ប្រាប់​ថា ការ​ធ្វើ​ជា​អាជ្ញាកណ្ដាល​និង​ចៅក្រម​សព្វ​ថ្ងៃនេះ​ក៏​មិន​ទទួល​បាន​ប្រាក់កម្រៃ​ច្រើន​ប៉ុន្មាន​ដែរ ហើយ​ប្រាក់​ដែល​ទទួលបាន​នោះ​មិន​អាច​យក​ទៅ​ផ្គត់ផ្គង់​ក្រុម​គ្រួ​សារបាន​គ្រប់គ្រាន់​ទេ បាន​ត្រឹមតែ​ចិញ្ចឹម​ខ្លួនឯង​ប៉ុណ្ណោះ ។ ទោះបីជា​យ៉ាងណា​លោក​មិន​បោះបង់​ចោល​ឡើយ ព្រោះ​លោក​ស្រឡាញ់​អាជីព​មួយ​នេះ​ខ្លាំង​ណាស់ ។ មិនតែប៉ុណ្ណោះ​លោក​ក៏​មាន​បំណង​ចង់​បណ្តុះ​បណ្តាល​​ក្មេង​ស្រករ​ក្រោយ​មិន​ត្រឹមតែ​ឱ្យ​ចេះ​ប្រដាល់​ប៉ុណ្ណោះ​ទេ​ថែម​ទាំង​ឱ្យ​ចេះ​ធ្វើ​ចៅក្រម​និង​អាជ្ញាកណ្ដាល​ប្រកបដោយ​ក្រមសីលធម៌​និង​យុត្តិធម៌​ទៀត​ផង ។

គួរ​បញ្ជាក់​ថា លោក ឡុ​ង សាល​វ័​ន្ត មានស្រុក​កំណើត​នៅ​ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្តបាត់ដំបង ។ ចាប់តាំងពី​រៀប​ការ​ប្រពន្ធ​រហូត​មក​ទល់​សព្វ​ថ្ងៃនេះ​លោក​មានកូន​៤​នាក់ ក្នុង​នោះ​កូនប្រុស​ច្បង​ជា​កីឡាករ​ប្រដាល់ ឯ​កូនស្រី​៣​នាក់​ទៀត​កំពុង​សិក្សា​នៅឡើយ ។ លោក​បាន​បង្កើត​ក្លិប​ប្រដាល់​មួយ​តាំងពី​លោក​ឈប់​ឡើង​សង្វៀន​ដោយ​ដាក់​ឈ្មោះ​ថា ក្លិប​សាល​វ័​ន្ត​កីឡា ដែល​សព្វថ្ងៃ​នៅ​ក្នុង​ខណ្ឌទួលគោក និង​មាន​សិស្ស​កំពុង​តែ​ហ្វឹកហាត់​ជា​ប្រចាំ​ចំនួន​១៥​នាក់ ក្នុង​នោះ​សិស្ស​ខ្លះ​លោក​បង្ហាត់​មិន​យក​ប្រាក់​ឡើយ ៕