ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល​ផ្តោត​លើ​មនុស្ស​ចាស់​កាន់តែ​ហ្មត់ចត់​ជាង​មុន

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​ពាក់ព័ន្ធ បាន​ពិភាក្សា​ជា​លើក​ចុង​ក្រោយ​អំពី​គោលនយោបាយ​ជាតិ ស្ដី​ពី​មនុស្ស​វ័យចាស់​សម្រាប់​ឆ្នាំ​២០១៧-២០៣០ ជា​គោល

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​ពាក់ព័ន្ធ បាន​ពិភាក្សា​ជា​លើក​ចុង​ក្រោយ​អំពី​គោលនយោបាយ​ជាតិ ស្ដី​ពី​មនុស្ស​វ័យចាស់​សម្រាប់​ឆ្នាំ​២០១៧-២០៣០ ជា​គោលនយោបាយ​មួយ​សំដៅ​ជួយ​មនុស្ស​ចាស់​ឲ្យ​មានការ​រស់នៅ​ប្រកបដោយ​ភាព​កក់ក្តៅ និង​ការ​យកចិត្តទុកដាក់​ខ្ពស់ ។

នៅ​ក្នុង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ចុង​ក្រោយ លើ​គោលនយោបាយ​ជាតិ ស្ដី​ពី​មនុស្ស​វ័យចាស់​សម្រាប់​ឆ្នាំ​២០១៧-២០៣០​នេះ នា​ព្រឹក​ថ្ងៃ​ទី​៦ មិថុនា លោក​ទេស​រដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រី​ក្រសួងផែនការ ថ្លែង​ថា គោលនយោបាយ​ជាតិ​ស្ដី​ពី​មនុស្ស​វ័យចាស់​សម្រាប់​ឆ្នាំ​២០១៧-២០៣០ គឺជា​ការ​ធ្វើ​បច្ចុប្បន្នភាព​មួយ ដោយសារ​ស្ថានភាព​ប្រជារាស្ត្រ​ដែល​កំណត់​ដោយ​ប្រជាជន​វ័យចាស់​បាន​កើនឡើង​យឺត​ៗ រហូត​នៅ​ដើម​សតវត្សរ៍​ទី​២១ ទើប​តម្រូវ​ឲ្យ​កែសម្រួល​គោលនយោបាយ ដែល​មាន​កាលពី​ឆ្នាំ​២០០៣ ដើម្បី​គិតគូរ​ឆ្លើយ​តប​នឹង​បញ្ហា​ជា​ច្រើន​ពាក់ព័ន្ធ​នឹង​ភាព​ចាស់ជរា ។

ដូចនេះ រាជរដ្ឋាភិបាល​បាន​ទទួលស្គាល់​នូវ​ភាព​ចាំបាច់ ក្នុង​ការ​កែសម្រួល​ឡើង​វិញ​នូវ​គោលនយោបាយ​សម្រាប់​មនុស្ស​ចាស់ ។ ទន្ទឹម​នឹង​នេះ គោលនយោបាយ​នេះ ក៏​ជា​ការ​ឆ្លើយ​តប​នឹង​ដំណើរការ​នៃ​ការ​ឈាន​ទៅ​រក​ភាព​ចាស់ជរា​នៅ​កម្ពុជា ដែល​ត្រូវ​បាន​កត់សម្គាល់​ឃើញ​ថា បាន​ជះ​ឥទ្ធិពល​លើ​គ្រប់​ក្រុម​អាយុ​ទាំងអស់​នៃ​ប្រជាជន និង​គ្រប់​វិស័យ​ទាំងអស់​នៃ​សេដ្ឋកិច្ច ។ ដូចនេះ គោលនយោបាយ​ថ្មី​នេះ ត្រូវ​មាន​វិសាលភាព​ធំ​ទូលាយ​លើស​ពី​ការ​ផ្ដោត​ការ​យកចិត្តទុកដាក់​តែ​លើ​ជន​ចាស់ជរា ។

លោក​បន្ត​ទៀត​ថា ក្រោម​ហេតុផល​ចាំបាច់ និង​តម្រូវការ​របស់​មនុស្ស​ចាស់​ទាំងអស់ ទើប​គោលនយោបាយ​ដែល​បាន​កែសម្រួល​ថ្មី​នេះ ត្រូវ​ប្ដូរ​ឈ្មោះ​ទៅ​ជា​គោលនយោបាយ​ជាតិ ស្ដី​ពី​មនុស្ស​ចាស់​២០១៧-២០៣០ ។ នេះ​ក៏​ជា​ការ​ប្ដេជ្ញា​ចិត្ត​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​បន្ត​គោលនយោបាយ​សម្រាប់​មនុស្ស​ចាស់ ដូចដែល​មាន​ចែង​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ នៃ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​២០១៤-២០១៨ និង​គោលនយោបាយ​ជាតិ​ប្រជាជន​ឆ្នាំ​២០១៦-២០៣០ ។

សេដ្ឋវិទូ​កម្ពុជា លោក​បណ្ឌិត ម៉ី កល្យាណ​ទីប្រឹក្សា​ជាន់ខ្ពស់​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិថ្លែង​ថា តាម​ពិត ប្រទេស​យើង​មាន​មនុស្ស​ក្មេង​ច្រើន តែ​ចង់​មិន​ចង់ មនុស្ស​ចាស់​កាន់តែ​កើនឡើង​ច្រើន។ អីចឹង រាជរដ្ឋាភិបាល​ត្រូវ​គិតគូរ និង​យកចិត្តទុកដាក់​ចំពោះ​មនុស្ស​ចាស់ ព្រោះ​បច្ចុប្បន្ន បើសិនជា​យើង​គ្មាន​ប្រព័ន្ធ​ជួយ​មនុស្ស​ចាស់​ទេ ពេល​យើង​ចាស់​ទៅ ក៏​គ្មាន​អ្នក​ជួយ​យើង​ដែរ ។

លោក​បន្ត​ថា ៖ « ជា​ទស្សនវិជ្ជា យើង​ត្រូវ​គោរព​មនុស្ស​ចាស់​ឲ្យ​គាត់​មាន​កិត្តិយស និង​រស់នៅ​ស្រួល ប៉ុន្តែ​ដើម្បី​ធ្វើ​ការងារ​នេះ​បាន​ទាល់តែ​យើង​មាន​សេដ្ឋកិច្ច​ខ្លាំង និង​មាន​ប្រព័ន្ធ​ការងារ​មួយ​ប្រកបដោយ​ប្រសិទ្ធភាព » ។ លោក​បន្ត​ថា ៖ « មានការ​បង្ខំ​មនុស្ស​ឲ្យ​សន្សំ​លុយ​តាំងពី​ក្មេង និង​រៀបចំ​ប្រព័ន្ធ​មួយ​ឲ្យ​សមរម្យ ទើប​ពេល​ចាស់​ទៅ មនុស្ស​អាច​ទទួល​បានការ​ថែទាំ និង​ការ​យកចិត្តទុកដាក់ » ។

លោក​បណ្ឌិត ម៉ី កល្យាណ បន្ថែម​ថា នៅ​ប្រទេស​គេ មាន​ក្រុមហ៊ុន​ឯកជន​ចូលរួម ពួក​គេ​យក​លុយ​ពី​ការ​សន្សំ​ទៅ​បង្កើត​លុយ​ឲ្យ​បាន​ធំ ដើម្បី​អាច​ជួយ​មនុស្ស​ចាស់​បាន ។ ហេតុនេះ​ទាមទារ​ឲ្យ​មានការ​ធ្វើ​ការងារ​ជា​បី​ភាគី គឺ​ក្រុមហ៊ុន រាជរដ្ឋាភិបាល និង​មនុស្ស​របស់​ប្រទេស​នោះ​ត្រូវ​ចូលរួម​ទាំងអស់​គ្នា ៕