ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​កសិផល​ខ្មែរ​ចុះថោក និង​គ្មាន​ទីផ្សារ ជា​បន្ទុក​ក្រសួងពាណិជ្ជកម្ម

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ទីផ្សារ​កសិផល​កម្ពុជា​គ្រប់​ប្រភេទ​តែងតែ​ជួប​បញ្ហា​ប្រឈម​នៅ​ពេល​ដល់​រដូវ​ប្រមូល​ផល​ម្ដង​ៗ ឈ្មួញ​តែង​បន្ថោក​តម្លៃ ឬ​គ្មាន​ទីផ្សារ​ជាដើម ដែល​បញ្ហា​នេះ ប្រជា​កសិករ​ទូ​ទាំង​ប្រទេស​ច្រើន​តែ​សួរ​ទៅ

រាជធានី​ភ្នំពេញ ៖ ទីផ្សារ​កសិផល​កម្ពុជា​គ្រប់​ប្រភេទ​តែងតែ​ជួប​បញ្ហា​ប្រឈម​នៅ​ពេល​ដល់​រដូវ​ប្រមូល​ផល​ម្ដង​ៗ ឈ្មួញ​តែង​បន្ថោក​តម្លៃ ឬ​គ្មាន​ទីផ្សារ​ជាដើម ដែល​បញ្ហា​នេះ ប្រជា​កសិករ​ទូ​ទាំង​ប្រទេស​ច្រើន​តែ​សួរ​ទៅ​ក្រសួងកសិកម្ម តែ​តាម​ពិត វា​ជា​បន្ទុក​របស់​ក្រសួងពាណិជ្ជកម្ម ។ នេះ​បើ​តាម​មន្ត្រី​អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ។

លោក​បណ្ឌិត ហ៊ាន វណ្ណ​ហន អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួងកសិកម្ម បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ទី​៦ មិថុនា ថា ក្រសួងកសិកម្ម​ខិតខំ​ផលិត​ឲ្យ​បាន​ច្រើន និង​មានគុណ​ភាព ធ្វើ​យ៉ាងណា ឆ្លើយ​តប​នឹង​តម្រូវការ​ទីផ្សារ ។ ចំណែក​ការ​រក​ទីផ្សារ និង​តម្លៃ​ឡើង​ចុះ​យ៉ាងណា​នោះ គឺ​ក្រសួងពាណិជ្ជកម្ម​ជា​អ្នក​ទទួលខុសត្រូវ​។

លោក​បន្ដ​ថា ៖ « ក្រសួងកសិកម្ម​ខិតខំ​ធ្វើ​យ៉ាងម៉េច​ជំរុញ​ការ​ផលិត​ឱ្យ​បាន​ច្រើន ហើយ​ស្រប​តាម​លក្ខខណ្ឌ​តម្រូវ​នៅ​លើ​ទីផ្សារ និង​មាន​ភារកិច្ច​បើក​របាំង​អនាម័យ និង​ភូតគាម​អនាម័យ​។ រឿង​តម្លៃ​ឡើង​ចុះ ឬ​លក់​នៅ​ទីណា គួរតែ​សួរ​ក្រសួងពាណិជ្ជកម្ម ។ ក្រសួងកសិកម្ម ខំប្រឹង​ផលិត​ឱ្យ​បាន​ច្រើន និង​មានគុណ​ភាព​អាច​លក់​បាន ដែល​នេះ​ជា​ការងារ​របស់​ក្រសួងកសិកម្ម » ។

ទាក់ទង​នឹង​ការ​លើក​ឡើង​នេះ កោះសន្តិភាព​មិន​អាច​សុំ​ការ​បំភ្លឺ​ណាមួយ​បាន​ទេពី​មន្ត្រី​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម កាលពី​រសៀល​ថ្ងៃ​ទី​៦ មិថុនា ដោយសារ​ទូរស័ព្ទ​ចូល តែ​អត់​មាន​អ្នក​លើក។

បើ​តាម​លោក​ឧកញ៉ា សុង សា​រ៉​ន អគ្គនាយក​ក្រុមហ៊ុន​អេ​ម​រុ រាយ​ស៍ ធ្លាប់​មាន​ប្រសាសន៍​ថា ជា​ដំណោះស្រាយ កម្ពុជា​ត្រូវ​ចេះ​រៀបចំ បែងចែក​ចំណែក​ទីផ្សារ​ថា តើ​កម្ពុជា​ខ្លាំង​ខាង​អី្វ ហើយ​ពិភពលោក​គេ​ត្រូវការ​អី្វ និង​ខ្វះខាត​អី្វ​ខ្លះ ?

លោក​ឧកញ៉ា​បន្ត​ថា ៖ « យើង​ត្រូវ​សិក្សា​ពី​ទីផ្សារ​នាំ​ចេញ និង​ធ្វើ​ផែនការ​ក្នុងស្រុក ហើយ​ដឹង​ពី​ទីផ្សារ ។ យើង​ត្រូវ​រៀបចំ​គោលនយោបាយ​មួយ​ដែល​មាន​ស្ថាប័ន​អនុវត្ត​ជា​ប្រចាំ​ថ្ងៃ​ច្បាស់លាស់ មានការ​ប្រជុំ ការ​ដឹកនាំ ការ​អនុវត្ត​ផែនការ​ត្រឹមត្រូវ និង​ត្រូវ​មាន​កញ្ចប់​ថវិកា​ដើម្បី​ឱ្យ​ដំណើរការ​បាន ។ រាល់​ថ្ងៃនេះ អត់​មាន​ស្ថាប័ន​បែប​នេះ វា​ជា​ការ​បរាជ័យ​គួរ​ឱ្យ​អាម៉ាស់​មួយ​សម្រាប់​វិស័យ​កសិកម្ម​យើង » ។

លោក សោម យ៉ិ​ន ប្រធាន​សមាគម​ដំឡូង​មី​ស្រុក​ម៉ា​ឡៃ ធ្លាប់​លើក​ឡើង​ថា ដើម្បី​ជួយ​កសិករ​បាន ទាល់តែ​ផ្នែក​នីមួយ​ៗ​របស់​ក្រសួង ធ្វើការ​ស្រាវជ្រាវ​ឱ្យ​លម្អិត ។ ខាង​កសិកម្ម​ត្រូវ​ពិនិត្យ​មើល​ដី កែប្រែ​ដី​យ៉ាងម៉េច ប្រើ​ជី​យ៉ាងម៉េច ដីខ្សាច់​ប្រើ​ជី​និង​ពូជ​អ្វី ឯ​ដីខ្មៅ​ឬ​ក្រហម​ត្រូវ​ប្រើ​ពូជ​អ្វី ។

លោក​បន្ត​ថា ៖ « យើង​ត្រូវ​រៀបចំ​គោលនយោបាយ​មួយ មាន​លុយ​សម្រាប់​អាជីវករ​ដែល​ប្រមូល​ទិញ ឱ្យ​ខ្ចី​គិតការ​ប្រាក់​ល្មម និង​ដាក់​ឱ្យ​កសិករ​ខ្ចី​មានការ​ប្រាក់​ទាប ។ លើស​ពី​នេះ ពេល​កសិករ​លក់​កសិផល គួរ​រើស​ទីផ្សារ​សម្រាប់​ពួក​គាត់ » ៕