ស្រាវជ្រាវ » គួរ​យល់​ដឹង

អត្ថប្រយោជន៍​ជា​ច្រើន​ពេល​​អង្គុយ​ផ្ទាល់​ដី​បរិភោគ​អាហារ

ដោយ ៖ យុំា កំលិញ   

ថ្ងៃពុធ ទី៧ ខែមិថុនា ឆ្នាំ២០១៧ ម៉ោង ០៧:០០   (07-06-2017 07:00)

ពី​មុន​មនុស្ស​អង្គុយ ឬ​បត់ជើង​ផ្ទាល់​ដី​ពេល​ដែល​បរិភោគ​អាហារ ។ ទោះបី​វា​មិនមែន​ជា​ការ​អនុវត្ត​ទូទៅ​នៅ​ក្នុង​ប្រទេស​លោក​ខាងលិច តែ​វា​នៅ​តែ​បន្ត​រហូត​ដល់​សព្វ​ថ្ងៃនេះ​នៅ​ក្នុង​ប្រទេស​ខ្លះ ។

ប្រពៃណី​បុរាណ​នេះ​មាន​ឫសគល់​ក្នុង​ការ​ហាត់​យូ​ហ្គា និង Ayurveda និង​មានការ​ទាក់ទង​ជាមួយនឹង​អត្ថប្រយោជន៍​សុខភាព​វិទ្យាសាស្ត្រ​ផង​ដែរ ។

ខាងក្រោម​នេះ​គឺជា​អត្ថប្រយោជន៍​ចំពោះសុខភាព​មួយ​ចំនួន​នៃ​ការ​អង្គុយ​ផ្ទាល់​លើ​ដី ខណៈ​ពេល​បរិភោគ​អាហារ ៖

១-​ធ្វើ​ឲ្យ​ចលនា​ឈាម​រត់​មាន​ភាព​ប្រសើរ​ឡើង
ការ​អង្គុយ​ខ្វែង​ជើង​ផ្ទាល់​លើ​ឥដ្ឋ​ដើម្បី​បរិភោគ​អាហារ​គឺ​មាន​ប្រយោជន៍​សម្រាប់​ប្រព័ន្ធ​ឈាមរ​ត់របស់​អ្នកផង​ដែរ ។

ពេល​ដែល​អង្គុយ​នៅ​លើ​ឥដ្ឋ ឈាម​អាច​ច្រវាត់​បាន​យ៉ាង​ងាយស្រួល​តាម​រយៈ​បេះដូង​ទៅ​ផ្នែក​ផ្សេង​ទៀត​នៃ​រាង​កាយ ដែល​វា​ផ្ទុយ​ទៅ​នឹង​ការ​អង្គុយ​នៅ​លើ​កៅអី​ដែល​ជើង​របស់​អ្នក​នៅ​ឃ្លាត​ពី​បេះដូង​របស់​អ្នក​កាន់តែ​ឆ្ងាយ ។ លើស​ពី​នេះ​ការ​អង្គុយ​នៅ​លើ​ឥដ្ឋ​នាំ​ឱ្យ​បេះដូង​មាន​សុខភាព​ល្អ​ដោយ​ការ​កាត់​បន្ថយ​សម្ពាធ​លើស​នៅ​លើ​វា​ពេល​កំពុង​បរិភោគ​អាហារ​។

២-​ធ្វើ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​មាន​ភាព​ប្រសើរ​ឡើង
ការ​អង្គុយ​នៅ​លើ​ឥដ្ឋ​ដោយ​ខ្វែង​ជើង និង​បរិភោគ​អាហារ​ល្អ​សម្រាប់​ប្រព័ន្ធ​រំលាយ​អាហារ​របស់​អ្នក ។

ចលនា​ទៅ​មក​នៃ​ការ​ពត់​កោង​ទៅ​មុខ​ក្នុង​ការ​បរិភោគ និង​ត្រឡប់​ទៅ​កាន់​ទីតាំង​អង្គុយ​ដើម​វិញ​អាច​ជួយ​ឱ្យ​សាច់ដុំ​ពោះ​បញ្ចេញ​ទឹក​រំលាយ​អាហារ ដែល​ត្រូវការ​សម្រាប់​ការ​រំលាយ​អាហារ​ឲ្យ​បាន​ត្រឹមត្រូវ និង​រហ័ស ។

៣-​ធ្វើ​ឲ្យ​អាយុ​វែង
ការ​ងើបឈរ​ពី​ការ​អង្គុយ​ដោយ​ផ្ទាល់​នៅ​លើ​ឥដ្ឋ​ជា​ទៀងទាត់​ដោយ​មិន​ចាំបាច់​ប្រើ​ដៃ​អាច​ជួយ​ឲ្យ​អ្នក​រស់នៅ​បាន​យូរ ។ ការ​សិក្សា​មួយ​ក្នុង​ឆ្នាំ​២០១២ ដែល​បាន​ចេញផ្សាយ​នៅ​ក្នុង ព្រឹ​ត្ត​ប័ត្រ European Journal of Preventive Cardiology បាន​រាយការណ៍​ថា ការ​មាន​សមត្ថភាព​ក្នុង​ការ​ក្រោកឈរ​ពី​ការ​អង្គុយ​ដោយ​ផ្ទាល់​នៅ​លើ​ឥដ្ឋ​ដោយ​មិន​ប្រើ​សម្ភារ​ជំនួយ​នឹង​ធ្វើ​ឲ្យ​អ្នកមាន​អាយុ​វែង ។

៤-​ពង្រឹង​ភាពរឹងមាំ និង​ភាព​បត់បែន
ការ​អង្គុយ​ដោយ​ផ្ទាល់​នៅ​លើ​ឥដ្ឋ​ក៏​អាច​ធ្វើ​ឲ្យ​រាង​កាយ​របស់​អ្នកមាន​ភាពរឹងមាំ និង​ភាព​បត់បែន​កាន់តែ​ខ្លាំង ។

ការ​អង្គុយ​បែប​នេះ​ជួយ​ក្នុង​ការ​លាតសន្ធឹង​ត្រគាក ជង្គង់ និង​កជើង ។ វា​ក៏​ពង្រឹង​ភាព​បត់បែន​ចំពោះ​ឆ្អឹងខ្នង ស្មា និង​ទ្រូង ដូច្នេះ​ធ្វើ​ឱ្យ​ការ​បត់បែន​របស់​អ្នក​កាន់តែ​រឹង​មាំ និង​អាច​បញ្ចៀស​ជំងឺ​មួយ​ចំនួន​ផង​ដែរ ។

៥-​ជួយ​ក្នុង​ការ​សម្រក​ទម្ងន់
នៅ​ពេល​ដែល​អ្នក​អង្គុយ​ចុះ ហើយ​បរិភោគ វា​អាច​ធ្វើ​ឲ្យ​ផ្លូវចិត្ត និង​រាង​កាយ​របស់​អ្នកមាន​ភាព​ស្ងប់ស្ងាត់ ។ រាង​កាយ​ដែល​ស្ងប់ស្ងាត់​អាច​ធ្វើ​ឲ្យ​អ្នក​ផ្តោត​ទៅ​លើ​ម្ហូបអាហារ​ដែល​អ្នក​កំពុង​បរិភោគ ដែល​ទប់ស្កាត់​ការ​បរិភោគ​លើស​កំណត់ ៕